ទីក្រុងវៀងចន្ទន៍៖ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីជំរុញឱ្យថ្នាក់ដឹកនាំកំពូលៗនៃរបបយោធាភូមារបស់លោកមីនអុងឡាំងជ្រើសរើសយកមាគ៌ានយោបាយផ្សេងពីពេលបច្ចុប្បន្ន និងបិទបញ្ចប់សង្គ្រាមស៊ីវិលដែលបន្តឆាបឆេះរហូតមកដល់សព្វថ្ងៃ។ ការអំពាវនាវនេះធ្វើឡើងនៅពេលមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅប្រទេសឡាវ និងកិច្ចប្រជុំរវាងអាស៊ានជាមួយប្រទេសជាដៃគូមួយចំនួនទៀត។ ម៉្យាងទៀត ការអំពាវនាវនេះក៏ធ្វើឡើងនៅមុនកិច្ចប្រជុំកំពូលអាស៊ានផងដែរ។
ប្រមុខការទូតអូស្ត្រាលី លោកស្រីផឹននី វ៉ុង (Penny Wong) ថ្លែងថាលោកស្រីខ្វាយខ្វល់យ៉ាងខ្លាំងចំពោះបញ្ហាជម្លោះប្រដាប់អាវុធនៅភូមាចាប់តាំងពីមានរដ្ឋប្រហារឆ្នាំ២០២១។ លោកស្រីជំរុញឱ្យឧត្ដមសេនីយ៍កំពូលៗនៃរបបសឹកអនុវត្តតាមផែនការសន្តិភាពទាំង៥ចំណុចដូចដែលខ្លួនបានសន្យានៅចំពោះមុខសមាគមអាស៊ានចាប់តាំងពីមានអំពើរដ្ឋប្រហារនោះថ្មីៗ។
លោកស្រីថ្លែងថាយើងមើលឃើញអស្ថិរភាព អសន្តិសុខ មរណភាព ទុក្ខវេទនាកើតឡើងដោយសារជម្លោះប្រដាប់អាវុធ។ ថ្ងៃនេះ នៅប្រទេសឡាវមានកិច្ចប្រជុំវេទិកាសន្តិសុខនៅក្នុងតំបន់ដែលចូលរួមដោយរុស្ស៊ី អាមេរិក ចិន ជប៉ុន អង់គ្លេស និងប្រទេសដទៃទៀត។ គេគិតថារដ្ឋមន្ត្រីការបរទេសអាមេរិក លោកប្លីងខិន នឹងនិយាយពាក់ព័ន្ធនឹងសង្គ្រាមស៊ីវិលនៅភូមា។ លោកបានធ្វើដំណើរទៅដល់ប្រទេសឡាវកាលពីព្រឹកថ្ងៃសៅរ៍ ហើយនឹងជួបប្រជុំជាមួយសមភាគីអាស៊ាន។ លោកក៏ត្រៀមជួបគ្នាទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសចិនផងដែរ។
លោកប្លីងខិននឹងអំពាវនាវឱ្យអនុវត្តឱ្យបានត្រឹមត្រូវទៅតាមច្បាប់អន្តរជាតិនៅក្នុងបញ្ហាសមុទ្រចិនខាងត្បូងបន្ទាប់ពីមានការប៉ះទង្គិចគ្នាជាច្រើនដងរវាងនាវាល្បាតរបស់កងទ័ពជើងទឹកចិន និងទូកកៅស៊ូរបស់ហ្វ៊ីលីពីន។ ការប៉ះទង្គិចគ្នាមិនដល់ថ្នាក់ផ្ទុះអាវុធទេ ប៉ុន្តែច្រើនកើតឡើងក្រោមរូបភាពជាការបាញ់ទឹក និងការប្រើកាំបិត-ពូថៅលើកសម្ញែងដាក់ក្រុមម្ខាងទៀត។
ទោះជាយ៉ាងណាក្ដី ភាគីហ្វ៊ីលីពីនអះអាងថានៅសប្ដាហ៍នេះថាខ្លួនបានយករឿងនេះទៅជជែកជាមួយភាគីចិន ហើយចិនបានអនុញ្ញាតឱ្យទូកហ្វ៊ីលីពីនអាចដឹករបស់របរទៅផ្គត់ផ្គង់គ្នារបស់គេដែលប្រចាំការនៅក្នុងខ្មោចកប៉ាល់១គ្រឿងដែលបន្សល់ទុកតាំងពីសម័យសង្គ្រាមលោកលើកទី២ និងដែលបានជាប់កឿងនៅ១កន្លែងនៃលំហសមុទ្រមានជម្លោះ។ ហ្វ៊ីលីពីនយកខ្មោចនាវានេះធ្វើជាតឹងតាងសម្គាល់ថាទីនេះជាព្រំដែនទឹករបស់ខ្លួន។
ហ្វ៊ីលីពីនថ្លែងថាកាលពីព្រឹកថ្ងៃសៅរ៍ថាខ្លួនបានដឹកស្បៀងអាហារផ្សេងៗយកទៅផ្គត់ផ្គង់នៅលើខ្មោចកប៉ាល់នោះ ហើយឃើញថាលែងមានការប្រទាំងប្រទើសគ្នាតទៅទៀត។ ជាកិច្ចបញ្ចប់ ប្រមុខការទូតអូស្ត្រាលីក៏ឆ្លៀតនិយាយអំពីបញ្ហាសមុទ្រចិនខាងត្បូងផងដែរ។ លោកស្រីថ្លែងថាជារឿងសំខាន់ដែលសមុទ្រចិនខាងត្បូងជាទីកន្លែងមានសន្តិសុខ និងជាដែនសមុទ្រអន្តរជាតិដែលប្រទេសនានាអាចធ្វើដំណើរឆ្លងកាត់ដោយគ្មានបញ្ហា។ លោកស្រីសង្ឃឹមថាភាពតានតឹងនឹងថយចុះទៅវិញ៕
ចែករំលែកព័តមាននេះ