ទីក្រុងហ្សាកាតា៖ អាជ្ញាធរឥណ្ឌូណេស៊ីនៅលើកោះបាលីរឹបអូសបានសាច់សុនខដោតចង្កាក់ និងសាច់សុនខឆៅរាប់សិបគីឡូក្រាមដែលអាជីវករអាំងលក់។ ចំណាត់ការនេះធ្វើឡើងនៅលើកោះបាលីដែលជាតំបន់រមណីយដ្ឋានដ៏ពេញនិយម និងដែលមានភ្ញៀវជាតិ និងអន្តរជាតិទៅលេងកម្សាន្តជាច្រើន។ នៅលើកោះទីនេះ ការទិញ-លក់។ ការបរិភោគសាច់សុនខត្រូវចាត់ទុកជាអំពើខុសច្បាប់នៅលើកោះបាលី។ នេះបើយោងតាមការអះអាងរបស់មន្ត្រីរដ្ឋាភិបាលឥណ្ឌូណេស៊ី។
សូមរំលឹកថាអាជ្ញាធរកោះបាលីបានចេញច្បាប់ថ្មីកាលពីឆ្នាំ២០២៣ដើម្បីហាមឃាត់ទាំងស្រុងនូវការជួញដូរសាច់សុនខ។ អ្នកដែលល្មើសនឹងបទបញ្ញត្តិនេះអាចនឹងជាប់ពន្ធនាគារ៣ខែ ឬបង់ប្រាក់ពិន័យ៥០លានរូពី ឬស្មើនឹង៣០៦៤ដុល្លារ។ ទោះជាមានច្បាប់តឹងរ៉ឹងយ៉ាងនេះក្ដី ការជួញដូរសាច់សុនខនៅតែកើតមាន។ បើទុកជាមិនកើតមាននៅលើកោះបាលីក៏កើតមាននៅទីកន្លែងដទៃទៀតនៃប្រទេសឥណ្ឌូណេស៊ីផងដែរ។
កាលពីសប្ដាហ៍មុន អាជ្ញាធរចុះពិនិត្យមើលសភាពការណ៍នៅលើកោះបាលី និងរកឃើញថាមានអាជីវករបីនាក់នៅតែឆ្លៀតបំពានលក់សាច់សុនខដដែល។ នេះបើយោងតាមការប្រធានផ្នែកសណ្ដាប់ធ្នាប់ប្រាប់ទីភ្នាក់ងារព័ត៌មានអាអែហ្វប៉េ (AFP)។ កាលនោះ អាជ្ញាធររឹបអូសសាច់សុនខ៥០០ចង្កាក់ពីអាជីវករម្នាក់នៅស្រុកជេមប្រាណា (Jembrana) និងរឹបអូសបានសាច់សុនខឆៅទម្ងន់៥៦គីឡូក្រាមពីអាជីវករម្នាក់ទៀត។ អ្នកទាំង២លក់សាច់សុនខនៅកន្លែងផ្សេងគ្នា ប៉ុន្តែនៅក្នុងស្រុកតែមួយ។
អាជ្ញាធររកឃើញថាអាជីវករលក់សាច់សុនខម្នាក់ទើបតែប្រព្រឹត្តកំហុសនេះជាលើកទីមួយទេ។ ចំណែកអ្នកលក់ពីរនាក់ទៀតធ្លាប់ត្រូវអាជ្ញាធររឹបអូសសាច់សុនខរបស់ពួកគាត់ និងហៅទៅអប់រំកែប្រែរួចហើយ ប៉ុន្តែនៅតែមិនរាងចាល។ មិនតែប៉ុណ្ណោះ ពួកគេក៏ធ្លាប់ប្រព្រឹត្តបទល្មើសដទៃទៀត និងធ្លាប់ប្ដឹងផ្ដល់គ្នាឡើងតុលាការផងដែរ។
អាជ្ញាធរមិនចង់រករឿងច្រើនទេ។ ពួកគេគ្រាន់តែចង់បន្តនីតវិធីលើសំណុំរឿងបទល្មើសតូចៗចំពោះអ្នកដែលមិនរាងចាល។ ពួកគេចង់ទុកឱកាសឱ្យអ្នកលក់សាច់សុនខទាំងនេះកែសម្រួលមុខរបររបស់ខ្លួនកុំលក់សាច់សុនខទៀត។ អាជ្ញាធរប្រាប់ថាពួកគេមិនទាន់ចាត់វិធានការក្ដៅផ្នែកផ្លូវច្បាប់នៅឡើយទេ។ ប៉ុន្តែពួកគេចង់ពន្យល់អាជីវករទាំងនោះថាការជួញដូរសាច់សុនខជារឿងខុសច្បាប់ និងមូលហេតុអ្វីបានជាអាជ្ញាធរត្រូវហាមឃាត់សាច់សុនខ។
ចំពោះអាជីវករដែលនៅតែផ្គើននឹងបម្រាមនេះ អាជ្ញាធរឈប់យោគយល់តទៅទៀតហើយ។ អាជីវករពីរនាក់ត្រូវឡើងតុលាការនៅខែសីហា។ នៅលើពិភពលោកនេះ មានតែប្រទេសមួយចំនួនតូចប៉ុណ្ណោះដែលនៅអនុញ្ញាតឱ្យលក់សាច់សុនខ និងសាច់ឆ្មា។ ក្នុងនោះក៏មានប្រទេសឥណ្ឌូណេស៊ីមួយដែរ។ ក៏ប៉ុន្តែក៏មានសកម្មជនខាងសិទ្ធិរបស់សត្វធ្វើយុទ្ធនាការតស៊ូមតិដើម្បីស្នើសុំឱ្យអាជ្ញាធរអនុម័តច្បាប់ហាមឃាត់ការជួញដូរសាច់សុនខទូទាំងប្រទេសតែម្ដង។ ខេត្ត-ក្រុងខ្លះនៅប្រទេសឥណ្ឌូណេស៊ីក៏ចាប់ផ្ដើមហាមឃាត់អាជីវកម្មប្រភេទនេះជាបណ្ដើរៗហើយដូចជានៅទីក្រុងសេម៉ារ៉ាងនៅលើកោះជ្វាជាដើម៕
ចែករំលែកព័តមាននេះ