ខេត្តកំពង់ចាម ៖ គម្រោងផ្លូវដីមួយខ្សែប្រវែង១៣០០ម៉ែត្រ តម្លៃដាក់ឲ្យដេញថ្លៃជាង១០៦លានរៀល ត្រូវបានរៀបចំដាក់ឲ្យដេញថ្លៃជាសាធារណៈធ្វើឡើងនៅសាលាឃុំព្រែកតានង់ ស្រុកកោះសូទិន កាលពីព្រឹកថ្ងៃទី២៦ កក្កដា ឆ្នាំ២០២៤ ។ ជាមួយនោះ អាជ្ញាធរបានធ្វើការព្រមានដល់ក្រុមហ៊ុនមួយនៅខេត្តកណ្ដាលដាក់ក្នុងបញ្ជីខ្មៅ ដែលបានមកចូលរួមដេញថ្លៃបង្កសំឡេងរំខានក្រោយពីដាក់ប៊ីតក្នុងប្រអប់សំបុត្ររួចដើរចេញទៅក្រៅ ។
លោកសុខ ឃាង ប្រធានលទ្ធកម្មឃុំព្រែកតានង់ មានប្រសាសន៍ឲ្យដឹងថា ចំពោះផ្លូវដែលត្រូវបានរៀបចំដាក់ឲ្យដេញថ្លៃជាប្រភេទផ្លូវដីស្ថិតនៅភូមិទី១២ គឺមានក្រុមហ៊ុនចំនួន៨ បានចូលរួមដេញថ្លៃដោយដេញបានលើក្រុមហ៊ុនស៊ីវ ជីង ក្នុងតម្លៃជាង៣២លានរៀល ។ ចំពោះទិដ្ឋភាពនៃការដេញថ្លៃគឺរៀបចំមានសណ្ដាប់ធ្នាប់ល្អដោយមានកម្លាំងអាវុធហត្ថនិងនគរបាល មិនឱ្យមានសកម្មភាពចាប់ទាញដៃទាញជើងក្នុងពេលដេញថ្លៃឡើយ។
ប្រធានលទ្ធកម្មឃុំរូបនេះមានប្រសាសន៍រំលឹកថា នៅក្នុងឆ្នាំ២០២២និង២០២៣ ក្រុមហ៊ុនឈ្មោះ
ស៊ីវ ជីង ធ្លាប់ដេញបានផ្លូវដីដែលមានប្រវែងរាប់ពាន់ម៉ែត្រស្ថិតនៅភូមិទី៥ ទៅដល់ភូមិទី១២ ចំពោះទឹកដៃក្រុមហ៊ុនវិញអឺអាចទទួលយកបាន មិនមានបញ្ហាចោទនោះទេ។ មកដល់ឆ្នាំ២០២៤ ក្រុមហ៊ុនដដែលនេះបានដេញផ្លូវដីមួយខ្សែទៀត ដែលមានទីតាំងស្ថិតនៅភូមិ ១២ប្រវែង១៣០០ម៉ែត្រ។
ចំពោះលទ្ធផលនៃការដេញថ្លៃឃើញថាមានការចុះរហូតដល់ក្បែរ៧០% ឯណោះកត្តានេះធ្វើឲ្យអាជ្ញាធរមូលដ្ឋានព្រួយបារម្ភរឿងគុណភាពផ្លូវផងដែរ។ប៉ុន្តែបើសិនការជួសជុលផ្លូវដីមិនត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសក្នុងសៀវភៅកិច្ចសន្យាទេនោះគឺមិនទទួលយក។ ប្រធានលទ្ធកម្មឃុំរូបនេះបានលើកឡើងបន្ថែមថាក្នុងឃុំព្រែកតានង់់ មានសរុបចំនួន១៣ភូមិ ហើយប្រជាពលរដ្ឋសរុបជាងមួយម៉ឺននាក់។ ក្នុងពេលអនាគតអាជ្ញាធរនិងប្រឹងអភិវឌ្ឍន៍ផ្លូវដីទៅជាផ្លូវបេតុងឲ្យបានគ្រប់ភូមិដើម្បីបង្កលក្ខណៈងាយស្រួលពលរដ្ឋដឹកកសិផលទៅកាន់ទីផ្សារឆាប់រហ័សនិងចំណេញពេលវេលា។
លោកសុខ ឃាង ប្រធានលទ្ធកម្មឃុំបញ្ជាក់ថា ចំពោះក្រុមហ៊ុនយីម សុខខេន នៅខេត្តកណ្ដាល ដែលបានមកចូលរួមដេញថ្លៃនៅសាលាឃុំព្រែកតានង់ទើបតែឃើញមានលើកនេះទេ ។ដោយសារតែសកម្មភាពក្រុមហ៊ុននេះក្នុងរយៈពេល១០នាទី នៃការដេញថ្លៃក្រោយពីដាក់សំណើក្នុងប្រអប់សំបុត្ររួចបានដើរចេញទៅខាងក្រៅមិនគោរពវិន័យដោយស្រែកសំឡេងរំខានត្រូវបានរដ្ឋបាលខេត្ត ធ្វើលិខិតព្រមានដាក់ក្នុងបញ្ជីខ្មៅបើមានលើកក្រោយបែបនេះទៀតនោះ មិនអនុញ្ញាតឱ្យដេញថ្លៃឡើយ។
សូមបញ្ជាក់ថា ដំណើរការដេញថ្លៃបានប្រព្រឹត្តទៅបានល្អ ដោយសារតែការដេញថ្លៃកន្លងមកនៅសាលាឃុំខ្នារសស្រុកស្រីសន្ធរ ជាប់ក្នុងបញ្ជីខ្មៅរបស់ក្រសួងមហាផ្ទៃ។ ក្រោយពីមានហេតុការណ៍នេះកើតឡើងឃើញថាដំណើរការដេញថ្លៃគម្រោងផ្លូវតាមស្រុកឃុំដាក់កម្លាំងនគរបាលនិងអាវុធហត្ថ ដើម្បីឲ្យមានសណ្ដាប់ធ្នាប់ល្អ។
ចែករំលែកព័តមាននេះ