ទីក្រុងវ៉ាស៊ីនតោន៖ លោកត្រាំកំពុងព្យាយាមបង្ហាញទៅមជ្ឈដ្ឋានខាងក្រៅថាលោកមានទំនាក់ទំនងល្អជាមួយថ្នាក់ដឹកនាំអ៊ីស្រាអែល លោកណឺតាន់យ៉ាហ៊ូ។ លោកទាំង២បានជួបគ្នានៅរមណីយដ្ឋានម៉ាអាឡាហ្គោ (Mar-a-Lago) តបតាមការស្នើសុំរបស់លោកណឺតាន់យ៉ាហ៊ូ។ កិច្ចជំនួបនេះកើតឡើងនៅក្នុងកាលៈទេសៈសំខាន់នៅពេលសង្គ្រាមអ៊ីស្រាអែលបន្តផ្ទុះឡើងនៅតំបន់ហ្កាហ្សា និងនៅពេលប្រទេសអាមេរិកកំពុងឃោសនាបោះឆ្នោត។
លោកត្រាំទំនងជាចង់ត្រងសន្លឹកឆ្នោតពីជនជាតិអាមេរិកដើមកំណើតអ៊ីស្រាអែល។ លោកឆ្លៀតនិយាយវាយប្រហារលោកស្រីហារីស អនុប្រធានាធិបតីអាមេរិក និងជាបេក្ខជនប្រធានាធិបតីនៅអាណត្តិថ្មី។ លោកត្រាំថាលោកស្រីហារីសខ្វះសេចក្ដីគោរពចំពោះប្រទេសអ៊ីស្រាអែលដោយដាក់សម្ពាធទៅលើលោកណឺតាន់យ៉ាហ៊ូ និងបង្ខំឱ្យលោកបិទបញ្ចប់សង្គ្រាមឱ្យបានឆាប់។
លោកណឺតាន់យ៉ាហ៊ូជួបលោកត្រាំមួយថ្ងៃក្រោយកិច្ចជំនួបជាមួយលោកបៃដិន និងលោកស្រីហារីសនៅសេតវិមាន។ លោកត្រាំ និងលោកស្រីហារីសអាចនឹងប្រកួតតទល់គ្នានៅក្នុងការបោះឆ្នោតនាខែវិច្ឆិកាបើសិនគណបក្សប្រជាធិបតេយ្យប្រកាសតែងតាំងលោកស្រីជាបេក្ខជនប្រធានាធិបតីពេញសិទ្ធិនាពេលខាងមុខ។ នៅរមណីយដ្ឋាននោះ លោកត្រាំទទួលស្វាគមន៍លោកណឺតាន់យ៉ាហ៊ូយ៉ាងកក់ក្ដៅ។
ផ្ទុយពីលោកស្រីហារីសដែលហាក់ដូចជាដាក់សម្ពាធទៅលើលោកណឺតាន់យ៉ាហ៊ូ និងហាក់ដូចជាមានសមានចិត្តចំពោះជនស៊ីវិលប៉ាឡេស្ទីន លោកត្រាំចង់ឈរនៅខាងលោកណឺតាន់យ៉ាហ៊ូ។ ប៉ុន្តែមែនទែនទៅ, លោកទាំង២ក៏ធ្លាប់មានទំនាក់ទំនងល្អក់កករនឹងគ្នាផងដែរ។ គេមិនត្រូវភ្លេចទេថាកាលពីពេលដឹងថាលោកបៃដិនឈ្នះឆ្នោតកាលពីចុងឆ្នាំ២០២០នោះ លោកណឺតាន់យ៉ាហ៊ូបានអបអរសាទរចំពោះលោកបៃដិន។ កាលនោះ លោកត្រាំខឹងសម្បារយ៉ាងខ្លាំង។ លោកត្រាំចាត់ទុកថានោះជាការបោះឆ្នោតក្លែងក្លាយ និងមានការលួចបន្លំសន្លឹកឆ្នោត។
លោកត្រាំទើបតែរិះគន់យ៉ាងចាស់ដៃចំពោះអ្វីដែលលោកយល់ថាអ៊ីស្រាអែលមានភាពកម្សោយផ្នែកសន្តិសុខជាតិទើបបានជាក្រុមហាម៉ាស់អាចវាយប្រហារបានដោយងាយស្រួលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ហើយនាំឱ្យផ្ទុះសង្គ្រាមរហូតដល់សព្វថ្ងៃ។ ប៉ុន្តែលើកនេះលោកត្រាំហាក់ដូចជាចង់បង្ហាញថាលោកគ្មានរឱសឋានអ្វីនឹងលោកណឺតាន់យ៉ាហ៊ូតទៅទៀតទេ។
លោកត្រាំថ្លែងថាយើងមានទំនាក់ទំនងជាមួយគ្នាល្អណាស់។ លោកបានបង្ហើបឱ្យដឹងត្រួសៗអំពីកម្មវិធីនយោបាយរបស់លោក។ ក្នុងនោះ លោកនឹងដូរទីទាំងស្ថានទូតពីទីក្រុងតែឡាវីវទៅយេរូសាឡឹម និងដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយប្រទេសអ៊ីរ៉ង់។ លទ្ធផលស្ទង់មតិថ្មីៗនេះបង្ហាញថាលោកស្រីហារីស និងលោកត្រាំទទួលបានសំឡេងគាំទ្រប្រហាក់ប្រហែលគ្នា។ ដូច្នេះ ថ្នាក់ដឹកនាំប្រទេសខ្លះកំពុងតែរារែកនៅក្នុងគោលជំហររបស់ខ្លួនព្រោះមិនដឹងថាតើត្រូវងាកទៅរកបេក្ខជនរូបណា៕
ចែករំលែកព័តមាននេះ