ខេត្តបន្ទាយមានជ័យ ៖ ករណីឆ្លងចរន្តអគ្គិសនី បណ្តាលឱ្យឆាបឆេះបង្គោលភ្លើង តែត្រូវអន្តរាគមន៍ពន្លត់ទាន់ មិនបង្កប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋនោះទេ ហេតុការណ៍កើតឡើងនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
ប្រជាពលរដ្ឋប្រាប់ថា នៅពេលដែលអគ្គិភ័យបានឆាបឆេះបង្គោលភ្លើង ក៏ឃើញមានឆ្លងចរន្តប្រអប់កាប៊ីនភ្លើងបង្កអោយឆាបឆេះខ្សែរភ្លើងជាអណ្តាតភ្លើង និងមានផ្សែងខ្មួលខ្មាញបណ្តាលប្រជាពលរដ្ឋនៅក្បែរបានភ័យស្លន់ស្លោររត់ឆ្លេរឆ្លា ហើយនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យបាននាំគ្នាបាញ់ពន្លត់ ដោយរង់ចាំក្រុមអន្តរាគមន៍បាញ់ពន្លត់បានទាន់ សំណាងណាស់មិនបណ្តាលប៉ះពាល់ផ្ទះសំបែងប្រជាពលរដ្ឋនៅក្បែរ ។
ប្រជាពលរដ្ឋបានបញ្ជាក់ថា មូលហេតុដែលអគ្គិភ័យនេះកើតឡើង គឺបណ្តាលមកពីឆ្លងចរន្តប្រអប់កាប៊ីនភ្លើងដែលចែកចាយចូលផ្ទះប្រជាពលរដ្ឋប្រើប្រាស់ ហើយមានផ្ទះពលរដ្ឋរស់នៅក្បែរជាច្រើនល្វែងនៅពេលអគ្គីភ័យឆាបឆេះ ទើបប្រជាពលរដ្ឋមានការព្រួយបារម្ភ ទើបរត់ឆ្លេឆ្លានិងភ័យខ្លាច ហើយប្រជាពលរដ្ឋពោលថា អគ្គិភ័យឆាបឆេះបង្គោលភ្លើងនៅក្រុងប៉ោយប៉ែត គឺកើតឡើងញឹកញាប់ណាស់ ។
អ្នកបច្ចេកទេសអគ្គិសនីបានបញ្ជាក់ដែរថា មូលហេតុដែលអគ្គិភ័យឆាបឆេះបង្គោលភ្លើងគឺអាចបណ្តាលមកពីភ្លើងប្រើប្រាស់ច្រើន ហើយដាក់ភ្លើងតូច ឬអំពែរតូច ទើបបណ្តាលឱ្យក្តៅឆ្លងចរន្តអគ្គិសនីបង្កឱ្យមានការឆាបឆេះញឹកញាប់ ។
ចែករំលែកព័តមាននេះ