ទីក្រុងតូក្យូ៖ ប្រទេសជប៉ុនកំពុងរងគ្រោះខ្លាំងដោយសារគ្រោះទឹកជំនន់ និងការបាក់ដីទាំងផ្ទាំងៗជាច្រើនកន្លែងបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងមួយមេធំកាលពីយប់ថ្ងៃព្រហស្បតិ៍នៅតាមបណ្ដាខេត្តមួយចំនួននៅភាគខាងជើង។ ប្រឈមនឹងបញ្ហានេះ, អាជ្ញាធរបានចាត់វិធានការជម្លៀសមនុស្សយ៉ាងតិច៤ពាន់នាក់ចេញពីតំបន់គ្រោះថ្នាក់។ ទឹកទន្លេចាប់ផ្ដើមហក់ឡើងខ្ពស់ដោយសារទឹកហូរចាក់ពីតំបន់ខ្ពង់រាប និងថែមទាំងស្រូបទាញយានជំនិះឱ្យហូររសាត់តាមខ្សែទឹកហូរ។ មនុស្សបីនាក់ក៏បានបាត់ខ្លួនដោយសារហេតុការណ៍នេះផងដែរ។
អាជ្ញាធរបានប្រកាសអាសន្ននៅខេត្តយ៉ាម៉ាហ្កាតា (Yamagata) និងខេត្តអាគីតាក់ (Akita) ដើម្បីឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់នៅរដូវវស្សាឆ្នាំនេះដោយសារភ្លៀងបន្តធ្លាក់ខ្លាំង។ អាជ្ញាធរឲ្យដឹងថាភ្លៀងធ្លាក់ត្រឹមតែមួយម៉ោងប៉ុណ្ណោះនៅខេត្តយ៉ាម៉ាហ្កាតាធ្វើឱ្យទីនោះទទួលបានរបបទឹកភ្លៀងជាង១០សង់ទីម៉ែត្រ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកឱ្យដឹងថាអាជ្ញាធរត្រូវតែបង្ខំចិត្តជម្លៀសប្រជាជនជាបន្តបន្ទាប់ទៅកាន់ទីកន្លែងសុវត្ថិភាព។
អាជ្ញាធរបញ្ជាក់បន្ថែមថាចំនួនអ្នកដែលត្រូវជម្លៀសទូទាំងប្រទេសអាចនឹងកើនឡើងដល់ជាង២សែននាក់ឯណោះដោយសារទំហំនៃទឹកជំនន់នៅពេលនេះឡើងហៀរល្ហល្ហាចយ៉ាងខ្លាំង។ ដំណឹងនេះបានលេចឮទៅដល់នាយករដ្ឋមន្ត្រីជប៉ុន លោកគីស៊ីដាក់រួចហើយ។ លោកបានជំរុញឲ្យប្រជាជននៅតំបន់រងគ្រោះគិតអំពីជីវិតរស់នៅ និងសុវត្ថិភាពជារឿងសំខាន់បំផុត។ លោកចង់មានន័យថាសូមកុំស្ដាយស្រណោះទ្រព្យសម្បត្តិ។ ពួកគេត្រូវតែបន្តតាមដានសភាពការណ៍វិវត្តថ្មីតាមការជូនដំណឹងរបស់អាជ្ញាធរ។ បើស្ថានការណ៍បង្ខំឲ្យពួកចាកចេញជាបន្ទាន់គឺត្រូវតែចាកចេញភ្លាម។
ទីភ្នាក់ងារសង្គ្រោះ និងពន្លត់អគ្គិភ័យប្រកាសថាមុនដំបូង មនុស្សម្នាក់បាត់ខ្លួននៅទីក្រុងយូហ្សាវ៉ា (Yuzawa) នៃខេត្តអាគីតា (Akita) បន្ទាប់ពីមានហេតុការណ៍បាក់ដីនៅការដ្ឋានសំណង់។ សំណាងល្អ មនុស្ស១១នាក់អាចនៅរស់រានមានជីវិតដោយសារក្រុមអ្នកជួយសង្គ្រោះប្រើប្រាស់ទូកកៅស៊ូចុះទៅស្រង់ពួកគេចេញពីទឹកជំនន់ទាន់ពេលវេលា។ ចំពោះអ្នកបាត់ខ្លួនម្នាក់នោះ សមត្ថកិច្ចបានចាត់កម្លាំង២នាក់ទៅតាមរក។ ឥឡូវនេះ អ្នកទៅជួយគេនោះក៏បាត់ខ្លួនផងដែរ។ ដូច្នេះ ចំនួនអ្នកបាត់ខ្លួនសរុបកើនឡើងដល់បីនាក់។
នៅតំបន់ដែលមានទឹកជំនន់ធ្ងន់ធ្ងរ ការធ្វើដំណើរ និងសេវាដឹកជញ្ជូនត្រូវជួបបញ្ហាលំបាកយ៉ាងខ្លាំង ឬត្រូវជាប់គាំងនៅមួយកន្លែង។ សេវាដឹកជញ្ជូនតាមរថភ្លើងល្បឿនលឿនរបស់ជប៉ុនត្រូវផ្អាកដំណើរការ។ ការិយាល័យឧតុនិយមព្យាករថាចាប់ពីពេលនេះរហូតដល់យប់ថ្ងៃសុក្រ ភ្លៀងនៅតែបន្តធ្លាក់មកជារៀងរហូត។ ដូច្នេះ តំបន់រងគ្រោះអាចនឹងទទួលបានរបបទឹកភ្លៀងរហូតដល់ម្ភៃសង់ទីម៉ែត្រ។
បើគេក្រឡេកទៅមើលស្ថានភាពទឹកទន្លេវិញឃើញថាទឹកទន្លេហក់ឡើងខ្ពស់យ៉ាងឆាប់រហ័សដោយសារភ្លៀងធ្លាក់ខ្លាំងផង និងទឹកជំនន់ដែលហូរចាក់ពីតំបន់ខ្សែទឹកខាងលើផង។ អ្នកធ្វើដំណើរនៅតាមផ្លូវត្រូវតែបង្ខំចិត្តទុកចោលឡាន-ម៉ូតូរបស់ខ្លួនដើម្បីរំដោះខ្លួនចេញពីគ្រោះថ្នាក់។ សូម្បីតែរថយន្តនគរបាលក៏ត្រូវរសាត់ទៅតាមខ្សែទឹកហូរផងដែរ៕
ចែករំលែកព័តមាននេះ