រដ្ឋាភិបាលវៀតណាមបានប្រាប់គណប្រតិភូព្រឹទ្ធសភាកម្ពុជា ដែលកំពុងតែស្នាក់នៅទីក្រុងហាណូយថា វៀតណាមនឹងបង្កើនបរិមាណផ្គត់ផ្គង់ថាមពលអគ្គិសនីដល់កម្ពុជាបន្ថែម រហូតដល់ទៅ៤០០មេហ្គាវ៉ាត់ ឬលើសពីនេះ ដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជាឲ្យរីកចម្រើននៅក្នុងឧស្សាហកម្ម 4.0 ។
ការលើកឡើងបែបនេះ គឺនៅក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅពេលជួបពិភាក្សាការងារជាមួយ លោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម ។
ពាក់ព័ន្ធនឹងបញ្ហានេះ ភាគីវៀតណាមបានបញ្ជាក់ថា ការតភ្ជាប់ខឿនសេដ្ឋកិច្ចភាគីទាំងពីរនឹងជួយគ្នាទៅវិញទៅមក ដោយក្នុងលក្ខណៈសេដ្ឋកិច្ចបំពេញគ្នាទៅវិញទៅមក ជាពិសេស គឺភាគីវៀតណាមពេញចិត្តក្នុងការផ្គត់ផ្គង់អគ្គិសនីដ៏កម្ពុជា២៥០មេហ្គាវ៉ាត់ ដែលនឹងត្រូវចុះហត្ថលេខាបន្តឆ្នាំ២០២៥ ហើយនៅផ្គត់ផ្គង់ឲ្យដល់៤០០មេហ្គាវ៉ាត់ ឬលើសពីហ្នឹងទៅទៀត ទៅតាមតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ។
នៅក្នុងជំនួបនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការកម្ពុជា-វៀតណាម-ឡាវ ពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគ ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ នយោបាយ ។
ភាគីទាំងពីរ ក៏បានជូនពរគ្នាទៅវិញទៅមក ចំពោះការធ្វើយ៉ាងណាឱ្យពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការទាំងអស់មានការកើនឡើង ជាពិសេសវៀតណាម នៅឆ្នាំ២០៣០ ក្លាយទៅជាប្រទេសអភិវឌ្ឍន៍ហើយក៏ជូនពរឱ្យក្លាយទៅជាប្រទេសដែលចូលទៅក្នុងកម្រិតមហាសេដ្ឋកិច្ចទាំង២០ របស់ពិភពលោក ។
មិត្តវៀតណាម ក៏បានជូនពរឱ្យកម្ពុជា ទទួលបានជោគជ័យចំពោះទស្សនៈវិស័យរបស់សម្ដេចតេជោ និងការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ៕
ចែករំលែកព័តមាននេះ