ខេត្តបាត់ដំបង ៖ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលសេសសល់ពីសម័យសង្គ្រាមជាច្រើនគ្រាប់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅក្បែរព្រំដីចម្ការមួយកន្លែង កាលពីថ្ងៃទី២៥ កក្ដដា នៅចំណុចភូមិចម្លងរម៉ាំងលើ ឃុំអូរសំរិល ស្រុកសំឡូត ។
យោងតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ប្រជាពលរដ្ឋឈ្មោះ ហម ហឿប ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ ជាអ្នកប្រទះឃើញគ្រាប់យុទ្ធភណ្ឌទាំងនោះ នៅក្បែរព្រំចម្ការពេលគាត់ដឹកគោឆ្លងកាត់ទីនោះ ។
ក្រោយពីប្រទះឃើញ គាត់បានផ្ដល់ព័ត៌មានភ្លាមៗ ទៅកាន់សមត្ថកិច្ចនិងអាជ្ញាធរ ដើម្បីចុះពិនិត្យ។ នៅក្នុងរបាយការណ៍ដដែល កាកសំណល់សង្ក្រាម ដែលអ្នកដឹកគោប្រទះឃើញរួមមាន៖ គ្រាប់កាំភ្លើងធុន៦០ម.ម ចំនួន០៨គ្រាប់, គ្រាប់បែកដៃ០១គ្រាប់, ក្បាលបំផ្ទុះ០១គ្រាប់ និង គ្រាប់មីនប្រភេទ POMZ ០១គ្រាប់។
បើតាមសមត្ថកិច្ចបានប្រាប់ថា គ្រាប់យុទ្ធភណ្ឌទាំងនោះ មានស្ថានភាពចាស់ៗ ដែលអាចត្រូវគេរើសយកមកគរទុកនៅក្បែរព្រំដីចម្ការ។ សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីទទូលបានដំណឹងនេះពីប្រជាពលរដ្ឋ អាជ្ញាធរបានរាយការណ៍បន្តទៅកាន់មន្ត្រីអង្គភាពស៊ីម៉ាក់ ដើម្បីចុះពិនិត្យ និងយកកាកសំណល់សង្ក្រាមទាំងនោះទៅរក្សាទុក ដើម្បីកំទេចចោលហើយ៕
ចែករំលែកព័តមាននេះ