ទីក្រុងវៀងចន្ទន៍៖ រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោកស្រីរេតណូ ម៉ាស៊ូឌី និយាយរិះគន់រដ្ឋាភិបាលសឹកភូមាលោកមីនអុងឡាំងយ៉ាងចាស់ដៃចំពោះការគ្មានឆន្ទៈអនុវត្តឱ្យបានពេញលេញទៅតាមស្មារតីនៃផែនការសន្តិភាពប្រាំចំណុចដែលរបបនេះធ្លាប់បានសន្យានៅចំពោះមុខសមាគមអាស៊ានថាខ្លួននឹងខិតខំអនុវត្តឱ្យបាន។ ការសន្យានេះធ្វើឡើងតាំងពីឆ្នាំ២០២១។ រហូតមកដល់ពេលនេះគិតទៅជាងបីឆ្នាំមកហើយ។
ការថ្លែងរបស់ប្រមុខការទូតឥណ្ឌូណេស៊ីដូចខាងលើនេះធ្វើឡើងបន្ទាប់ពីកិច្ចជំនួបទ្វេភាគីជាមួយសមភាគីសិង្ហបុរីនៅពេលអ្នកទាំង២អញ្ជើញទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។ សូមរំលឹកឡើងវិញថាបន្ទាប់ពីឡើងកាន់អំណាចនៅប្រទេសភូមាបានប៉ុន្មានសប្ដាហ៍ របបសឹកលោកមីនអុងឡាំងក៏បានឯកភាពតាមសំណើសន្តិភាពទាំង៥ចំណុចនោះ។
យោងតាមសំណេររបស់លោកស្រីប្រមុខការទូតនៅលើបណ្ដាញអ៊ិច ឥណ្ឌូណេស៊ី និងសិង្ហបុរីយល់ស្របគ្នាថារបបសឹកភូមាខ្វះការប្ដេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តឱ្យបានពេញលេញទៅតាមផែនការសន្តិភាពប្រាំចំណុច។ ប្រទេសទាំងពីរតែងតែនិយាយរិះគន់ចំពោះការឡើងកាន់អំណាចរបស់របបសឹក។ ប្រទេសសមាជិកអាស៊ានទាំងដប់មិនទាន់មូលមតិគ្នាថាតើត្រូវវាយតម្លៃបែបណាចំពោះរបបដឹកនាំនេះ។
អាស៊ានកាលពីពេលកន្លងមកក៏បានខិតខំសម្បើមណាស់ដែរដើម្បីដោះស្រាយបញ្ហាភូមាតាមមធ្យោបាយការទូត។ ក៏ប៉ុន្តែរបបសឹករបស់លោកមីនអុងឡាំងត្រូវអាស៊ានរារាំងមិនឱ្យបញ្ជូនមន្ត្រីជាន់ខ្ពស់របស់ខ្លួនទៅចូលរួមកិច្ចប្រជុំអាស៊ានទេ។ អាស៊ានស្នើសុំឱ្យរបបសឹកបញ្ជូនអ្នកតំណាងមកពីអង្គការសង្គមស៊ីវិល ឬក្រុមដែលមិនមែនជាអ្នកនយោបាយទៅចូលរួម។
ដោយសារហេតុផលនេះ របបសឹកសម្រេចចិត្តថាបើអីចឹងដដែល ខ្លួនមិនចាំបាច់បញ្ជូនមនុស្សទៅចូលរួមទេ។ សុខចិត្តទុកកៅអីភូមាឱ្យនៅទំនេរនៅក្នុងកិច្ចប្រជុំ។ ប៉ុន្តែកិច្ចប្រជុំនៅទីក្រុងវៀងចន្ទន៍ខុសពីពេលមុនៗ។ លើកនេះ ភូមាបញ្ជូនអ្នកតំណាងរបស់ខ្លួនទៅចូលរួម។ អ្នកការទូតអាស៊ានម្នាក់ថ្លែងប្រាប់អ្នកសារព័ត៌មានស្ងាត់ៗថាការដែលរបបសឹកចង់ងាកមកប្រើប្រាស់មធ្យោបាយការទូតនេះជាសញ្ញាបង្ហាញថារបបនេះកំពុងចុះខ្សោយហើយ។
គួរកត់សម្គាល់ថារបបសឹកភូមាមិនទាន់ចាត់វិធានការវាយបកប្រកបដោយប្រសិទ្ធភាពខ្ពស់ទៅលើក្រុមប្រឆាំងប្រដាប់អាវុធដែលវាយប្រហារស្រុះដៃគ្នាតាំងពីខែតុលា ឆ្នាំ២០២៣នៅឡើយទេ។ ក្រុមនេះវាយយកបានទីតាំងមួយចំនួននៅតាមព្រំដែនប្រទេសចិន។ យូរៗម្ដង មេដឹកនាំធំៗនៃរបបសឹកនិយាយរិះគន់ជាចំហចំពោះមន្ត្រីថ្នាក់ក្រោមដែលបណ្ដោយឱ្យបាត់បង់តំបន់កាន់កាប់របស់ខ្លួន៕
ចែករំលែកព័តមាននេះ