រាជធានីភ្នំពេញ ៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអោយដឹងថា នៅយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះថា បុរសម្នាក់ឈ្មោះ ទ្រយ កុសល ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរសន្តិសុខ ដែលត្រូវបានជនសង្ស័យឈ្មោះ អ៊ុង វណ្ណា ភេទប្រុស អាយុ៤៧ឆ្នាំ ធ្លាប់ជាសន្តិសុខជាមួយគ្នា តែត្រូវថៅកែដេញចេញប្រហែលមួយខែមុន បានយកកាំបិតចុងស្រួចចាក់ធ្លាយពោះ គួរឲ្យរន្ធត់ នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈ PTT ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ពេលនេះបានស្លា.ប់បាត់បង់ជីវិត បន្ទាប់ពីគ្រូពេទ្យព្យាយាមសង្គ្រោះអស់ពីលទ្ធភាព រយៈពេល១សប្តាហ៍ ខណៈជនដៃដល់ កំពុងឋិតក្នុងពន្ធនាគារក្រោមការបង្ក្រាបរបស់អាវុធហត្ថរាជធានីភ្នំពេញក្នុងខណ្ឌដង្កោ ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើរបាយការណ៍ រាយការណ៍ទៅតុលាការ ដើម្បីដាក់បន្ទុកជនសង្ស័យឲ្យបានធ្ងន់ធ្ងរបំផុត តាមកំណត់ច្បាប់ ។
សូមជម្រាបឡើងវិញថា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ មានករណីប៉ុនប៉ងឃាតកម្មគិតទុកជាមុន បង្កឡើងដោយជនសង្ស័យ០១នាក់ បានធ្វើសកម្មភាពយកកាំបិតចុងស្រួចចាក់ទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់ នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈ ភីធីធី ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ បន្ទាប់ពីទទួលបានបណ្តឹងរបស់ប្រពន្ធជនរងគ្រោះ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីខាងលើ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ បានចុះដល់កន្លែងកើតហេតុរួមគ្នាជាមួយប្រជាពលរដ្ឋធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អ៊ុង វណ្ណា ភេទប្រុស អាយុ ៤៧ឆ្នាំ យកមកធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់ ។
ជនសង្ស័យ អ៊ុង វណ្ណា បានសារភាពឱ្យដឹងថា ខ្លួនពិតជាបានធ្វើសកម្មភាពយកកាំបិតចុងស្រួចចាក់ទៅលើជនរងគ្រោះពិតប្រាកដមែន។ ដោយមូលហេតុកាលពីអំឡុងឆ្នាំ២០២១ ខ្លួនបានចូលធ្វើការជាសន្តិសុខនៅស្ថានីយ៍ប្រេងឥន្ធនៈខាងលើ អស់រយៈពេលជិត០៣ឆ្នាំ មកហើយ។ ក្រោយមកជនរងគ្រោះ ក៏បានចូលធ្វើការជាមួយខ្លួនដែរ និងបានប្រចាំការជាមួយគ្នា ដោយជនរងគ្រោះយាមខាងមុខ ចំណែកខ្លួនយាមខាងក្រោយ។ លុះពេលធ្វើការជាមួយគ្នាយូរៗទៅ ក៏មានបញ្ហាជាមួយគ្នា បង្កើតបានជាជម្លោះជារឿយៗ និងធ្លាប់ឈ្លោះប្រកែកទាស់ទែងរហូតប្រើអំពើហិង្សាទៅលើគ្នាទៅវិញទៅមក បង្កឲ្យមានរបួសស្នាមផងដែរ ។
ក្រោយមកជនរងគ្រោះ ក៏បានប្តឹងទៅថៅកែការ៉ាស់សាំង ហើយថៅកែបានហៅពួកខ្លួនទាំងពីរនាក់ មកសួរនាំហេតុផល បន្ទាប់ពីសួរនាំរួច គាត់បានបានណែនាំខ្លួនចំនួន០២ ទៅ០៣លើក ប៉ុន្តែខ្លួនមិនបានអនុវត្ត និងស្តាប់តាមការណែនាំរបស់ថៅកែទេ។ ហេតុផលទាំងអស់នេះហើយទើបថៅកែសម្រេចចិត្តបញ្ឈប់ខ្លួនពីការងារសន្តិសុខក្នុងកំឡុង ខែឧសភា ឆ្នាំ២០២៤ ធ្វើឲ្យខ្លួនមានគំនិតគុំគួនស្អប់ទៅលើជនរងគ្រោះចាប់ពីពេលនោះមក និងបានគិតក្នុងចិត្តថា ថ្ងៃណាមួយនឹងរៀបគម្រោងសម្លាប់ជនរងគ្រោះ។ លុះដល់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ១២និង៣០នាទី ខ្លួនបានជិះម៉ូតូ មកកន្លែងកើតហេតុ ដោយមានកាំបិតចុងស្រួចសៀតនឹងចង្កេះខោ សំដៅទៅទីតាំងជនរងគ្រោះធ្វើការ ពេលទៅដល់ក៏ឃើញជនរងគ្រោះកំពុងរីយ៉ែឡាន ខ្លួនក៏ឈប់ម៉ូតូក៏ទៅនិយាយជាមួយគ្នាមួយសន្ទុះ ហើយខ្លួនក៏ធ្វើសកម្មភាពដកកាំបិតពីចង្កេះចាក់ទៅលើជនរងគ្រោះត្រូវចំក្បាលពោះ បណ្តាលឲ្យជាប់កាំបិតរងរបួសធ្ងន់។ បន្ទាប់ពីធ្វើសកម្មភាពរួច ខ្លួនព្យាយាមរត់គេចខ្លួនតែត្រូវបានសមត្ថកិច្ចអាវុធហត្ថចុះអន្តរាគមន៍ រួមជាមួយបុគ្គលិកការ៉ាសសាំង ចាប់ខ្លួនបានតែម្ដង ។
បច្ចុប្បន្ន ជនសង្ស័យខាងលើកំពុងឃុំខ្លួនក្នុងពន្ធនាគារ បន្ទាប់ពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ