រាជធានីភ្នំពេញ ៖ គ្រឿងចក្ររាប់ពាន់គ្រឿង បានដឹកមកការដ្ឋាន ដើម្បីត្រៀមជីកព្រែជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ គ្រឿងចក្រទាំងនេះ ត្រូវបានរៀបចំត្រៀមទុកយ៉ាងស្អាតមានសណ្តាប់ធ្នាប់ល្អ ។
យោងតាមបណ្តាញសង្គមហ្វេសប៊ុកសំឡេងសង្គម នៅថ្ងៃទី២៤ កក្កដា បានលើកឡើងយ៉ាងដូច្នេះថា ៖ ” ថ្ងៃនេះ គ្រឿងចក្រទាំងអស់ និងគ្រឿងចក្ររាប់ពាន់ ម៉ឺនគ្រឿងចក្រទៀត នឹងដឹកមកកាន់ការដ្ឋាន “ព្រែកជីកហ្វូណនតេជោ” នឹងត្រូវស្ថាបនាបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែសីហាខាងមុខនេះ ស្ថិតនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ដើម្បីចូលសមរភូមិប្រយុទ្ធជីកផ្លូវនាវាចរណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជា “ព្រែកជីកហ្វូណនតេជោ” ។
ប្រភពបន្តថា ផ្លូវទឹកទីមួយប្រវត្តិសាស្ត្រនេះ ចាប់ផ្តើមជីកពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន ៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ។
ការស្ថាបនាច្រាំង នៃផ្លូវនាវាចរណ៍នេះ នឹងប្រើប្រាស់វិធីសាស្ត្រ ចំនួនពីរប្រភេទ ដែលសមស្រប គឺការដាំស្មៅនៅក្នុងប្រឡាយនាវាចរណ៍ និងការរៀបចំច្រាំងទន្លេបាសាក់ ចំណុចព្រែកតាឯក រហូតដល់ព្រែកតាហ៊ីង ដោយប្រើប្រាស់ Geotextile និងបាវខ្សាច់ Geobag សម្រាប់ការពារការបាក់ច្រាំង ។
គម្រោងនេះ នឹងសាងសង់សន្ទះផ្លូវនាវាចរណ៍ចំនួន ៣កន្លែង ដែលស្ថិតនៅខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកែប ដោយសាងសង់ស្ពានចំនួន ១១កន្លែង ៕
ចែករំលែកព័តមាននេះ