រាជធានីភ្នំពេញ ៖ មុននេះបន្តិច លោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ បានឲ្យដឹងថា កម្លាំងជំនាញរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានរៀបចំឯកសារគ្រប់គ្រាន់ហើយ ដើម្បីត្រៀមបញ្ជូនជនជាតិចិន ចំនួន២នាក់ ពាក់ពន្ធករណី.ប៉ុនប៉ងឃា.តកម្ម ទៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ស្អែកនេះ ។
លោក អេង សោភា បន្តថា ដោយមានការចង្អុលណែនាំពីឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង ជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នឹងដឹកនាំកម្លាំងដោយរូបលោកផ្ទាល់ ក្រោមការសម្របសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានសហការជាកម្លាំងនគរបាលខណ្ឌចំការមន ធ្វើការឃាត់ខ្លួនជនជាតិចិន ២នាក់ ដែលបានប្រព្រឹត្តបទល្មើសប៉ុនប៉ងឃា.តកម្ម (ប្រើកាំបិតចុងស្រួចកែច្នៃភ្ជាប់ជាមួយដំបងដែក កាប់ទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់) នៅចំណុចអគារខុនដូរ ដាយមិនវ័ន (កោះពេជ្រ) មុខបន្ទប់លេខ១០២៦ ជាន់ទី១០ ផ្លូវបេតុង ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រហែល៣និង១៦នាទីទៀបភ្លឺ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ។
ជនជាតិចិនទាំង២ នាក់នោះ មានម្នាក់ឈ្មោះ LI HAO ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅអគារខុនដូរដាយមិនវ័ន (កោះពេជ្រ) បន្ទប់លេខ៣៣២ ជាន់ទី៣ ផ្លូវបេតុង ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ និងម្នាក់ទៀតឈ្មោះ BAI XUE ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកហាងម៉ាស្សា SEINE SPA ស្នាក់នៅបន្ទប់លេខ ៣០១ ជាន់ទី៣ ផ្លូវបេតុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យកមាន ៖ ដំបងដែក ២ដើម ដែលមានភ្ជាប់កាំបិតចុចស្រួច (ឧបករណ៍ប្រព្រឹត្តបទល្មើស) ។
ចំណែកជនរងគ្រោះមានឈ្មោះ M Y J ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន ដូចគ្នា មុខរបរ ទេសចរណ៍ ស្នាក់នៅសង្កាត់ទន្លេបា សាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ រងរបួស ស្មារខាងឆ្វេង១ កាំបិត និង កំភួនដៃខាងឆ្វេង១កាំបិត (របួសធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ) ។
តាមការស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យ ពិតជាមានភាពស៊ីសង្វាក់ពាក់ពន្ធបទល្មើស ដូចពាក្យបណ្តឹងរបស់ជនរងគ្រោះ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ នឹងវត្ថុតាងទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី នៅព្រឹកស្អែកនេះ ៕
ចែករំលែកព័តមាននេះ