តារាចម្រៀងលោក ម៉ា ច័ន្ទបញ្ញា បានលើកឡើងចំនួន៦ចំណុចពាក់ព័ន្ធការកែសម្រួលបើកទូលាយនៃការអនុញ្ញាតឲ្យថតនៅមុខប្រាសាទ ដោយមិនមានការហាមឃាត់ពីអាជ្ញាធរអប្សរា ខណៈពេលតារារូបនេះបានចាត់ទុកការសម្រេចនេះ គឺជាដំណឹងល្អមួយសម្រាប់អ្នកសិល្បៈ ផលិតករ និងអ្នកផលិតមាតិកានានា ។
ម៉ា ច័ន្ទបញ្ញា បានលើកឡើងថា សូមចូលរួមយោបល់មួយរឿងទេសចរណ៍ អជ្ញាធរប្រកាសអនុញ្ញាតការថតនៅប្រាសាទ គឺជាដំណឹងមួយល្អ ហើយរដ្ឋគួរតែធ្វើសេចក្ដីប្រកាសមួយលើកមុខលើកមាត់ប៉ះប៉ូវ បញ្ហាកើតមានកន្លងមក តែមុននឹងចាប់ផ្តើម រដ្ឋគួរតែផ្ដល់ទំនុកចិត្តដល់អ្នកផ្សព្វផ្សាយជាមុន ចៀសវាងសេចក្ដីសម្រេចមិនស្របនឹងស្ថានភាពជាក់ស្ដែងដោយ ៖
១-អនុញ្ញាតអោយអ្នកផលិតមាតិកាទាំងឡាយ ផលិតមាតិកា ផ្សព្វផ្សាយដោយភ្ជាប់នឹងពាក្យថា «ខ្ញុំបានផលិតរួចហើយ មិនមានបញ្ហាអ្វីឡើយ អជ្ញាធរបានជួយជ្រោមជ្រែងខ្ញុំណាស់»។ ក្នុងករណី ដែលមានមាតិកាណានិយាយមិនល្អ គួរអញ្ជើញពិភាក្សារួចលើកទឹកចិត្ត ហើយសំណូមពរអោយកែសម្រួល ចៀសវាង ម្នាក់ខំធ្វើ ម្នាក់ខំបង្អាប់ និងបង្កើតចលនាមុនប្រកូកប្រកាស ។
២-អនុញ្ញាតអោយអ្នកឧបត្ថម្ភផ្ដល់នូវការវិនិយោគ ផ្នែកសម្ភារ ឬថវិកាលើកទឹកចិត្តដល់អ្នកផលិតមាតិកា ឬអ្វីដែលឆ្លើយតបនឹងការផ្សព្វផ្សាយ ក្រោមពាក្យស្លោកណាមួយ ដែលអាចអោយដឹងថា អជ្ញាធរបានបើកជើងមេឃទេសចរណ៍នេះហើយ។ ប្រវ៉ាស់ឯកជនបង្កើនកេរ្តិ៍ឈ្មោះរួម ឬឈ្នះៗ ។
៣-ថ្នាក់លើគួរចាប់ផ្តើមចុះត្រួតពិនិត្យ ឬជម្រុញការចុះអនុវត្តផ្ទាល់ដល់អជ្ញាធរមូលដ្ឋាន។ បើអាចគួរ បង្កើតវគ្គបណ្ដុះបណ្ដាលដល់មន្ត្រីឬអជ្ញាធរទាំងនោះ មិនត្រឹមយល់ដឹងតែពីការគោរពថ្នាក់លើ តែយល់ដឹងពីរបៀបជួយសម្រួលដល់អ្នកផ្សព្វផ្សាយ ទំនាក់ទំនងថែមទៀត ។ ឧ. វគ្គបណ្ដុះបណ្ដាលកាន់កាម៉េរ៉ា កាត់តថតរូប។ល។ ធ្វើខុសដាក់ទោស ធ្វើល្អជូនរង្វាន់ (វេទិកាលើកទឹកចិត្តអជ្ញាធរ) (បន្ធូរយោគយល់រួច រឹតបន្តឹងដោយដាក់វិន័យច្បាស់លាស់ ធ្វើខុសមួយដកបញ្ឈរជើងឬផ្លាស់ប្ដូរទៅគោលដៅផ្សេងមួយ ដើម្បីពង្រឹងច្បាប់)ទន់ភ្លន់តែមិនទន់ជ្រាយ ។
៤-ជម្រុញលើកទឹកចិត្ត អោយមានការធ្វើទីផ្សាររួមដោយ រដ្ឋអាចយកគំរូតាម Black Friday បែបបរទេសមកជារបៀបយើងវិញ ដើម្បីអោយមានការលក់បញ្ចុះតម្លៃ ឬមានការថែមជូនណាមួយ ឆ្លើយតបទៅគោលដៅទេសចរណ៍។ ឧ. ចូលញាំអាហារនៅហាងនេះ នឹងទទួលបានសំបុត្រចូល ប្រាសាទអង្គរវត្តFree ឬចូលលេងAquarium បញ្ចុះ50% ។ល។ បង្កើតគំរូទេសចរណ៍ ផ្តើមពីឪពុកម្ដាយ ។
៥-រៀបចំការធ្វើដំណើរអោយល្អប្រសើរ ដោយផ្ដោតលើគោលដៅទេសចរណ៍ សហការជាមួយក្រុមហ៊ុនដឹកជញ្ជូន ។ល។ អោយតែបម្រើផលចំណេញដល់ទីតាំងភូមិសាស្ត្រ ក្រោមស្លាកឈ្មោះ«Cambodia Green Season» (គួរកុំប្រើ Low season ឬពាក្យណាដែលក្លាយជាចំណុចខ្សោយ) ផ្ដោតមកគោលដៅ
និងទី៦-រៀបចំប្រអប់សំបុត្រ ស្រង់ស្ថិតិ និងប្រព័ន្ធ Call center ក្នុងករណីមានបញ្ហាកើតឡើងអាសន្ន ឬការមិនគោរពច្បាប់របស់អជ្ញាធរ ។ ត្រួតពិនិត្យលទ្ធផលកែសម្រួលតារារូបនេះបញ្ជាក់ថា នៅមានច្រើនទៀត ពេលរៀបយន្តការទាំងនេះរួចរាល់ ខ្ញុំយល់ថា សម្ដេចមហាបវរធិបតី អាចប្រកាសដោយផ្ទាល់ ឬរដ្ឋមន្ត្រីប្រកាសរួមជាមួយ រដ្ឋបាលខេត្តសៀមរាបបានហើយ ។ ប្រជាជននឹងសាទរ ហើយដំណឹងនេះ ត្រូវជម្រុញបកប្រែជាភាសាបរទេសបន្ថែមទៀត ដើម្បីបង្កើនលទ្ធភាពផ្សព្វផ្សាយ ។
គួរបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាបានសម្រេចកែសម្រួលថ្មីដែលពាក់ព័ន្ធនឹងសេវាសាធារណៈផ្លូវការក្នុងរមនីយដ្ឋានអង្គរ ដោយនៅក្នុងនោះការថតផ្សព្វផ្សាយតាមព័ត៌មានសង្គម ទូរស័ព្ទ និងការស្លៀកពាក់អាពាហ៍ពិពាហ៍ចងក្រងជាអនុស្សាវរីយ៍ផ្ទាល់ខ្លួនទាំងជាតិ និងអន្តរជាតិ ដោយពុំប្រើប្រាស់ឧបករណ៍ដ្រូន គឺពុំដាក់ពាក្យស្នើសុំឡើយ ។
ចែករំលែកព័តមាននេះ