រាជធានីភ្នំពេញ ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានលើកដៃអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីឯកភាវូនីយកម្មនៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស ។
ការអនុម័តសេចក្តីព្រាច្បាប់ខាងលើ ធ្វើឡើងក្នុងសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី២ នីតិកាលទី៧នៃរដ្ឋសភា ក្រោមអធិបតីភាពសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ដោយមានវត្តមានសមាជិករដ្ឋសភា ចូលរួមប្រជុំចំនួន៩៩រូប ។
យោងតាមថ្លែងហេតុរបស់រាជរដ្ឋាភិបាលបានឲ្យដឹងថា សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីឯកភាវូនីយកម្មនៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាសមាន៣មាត្រា ត្រូវបានគណៈរដ្ឋមន្ត្រីសម្រេចយប់ព្រមក្នុងសម័យ ប្រជុំពេញអង្គ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ។
អនុសញ្ញាស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាសដែលតទៅនេះហៅថា អនុសញ្ញាម៉ុងរ៉េអាល់ឆ្នាំ១៩៩៩ ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៩ នៅទីក្រុងម៉ុងរ៉េអាល់នៃប្រទេសកាណាដា ក្នុងឱកាសស ន្និសីទអន្តរជាតិស្តីពីច្បាប់ដឹកជញ្ជូនតាមផ្លូវ អាកាស ពីថ្ងៃទី១០ ដល់ទី២៨ ខែឧសភាឆ្នាំ១៩៩៩ និងបានចូលជាធរមាននៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០០៣ ហើយគិតត្រឹមខែកក្កដា ឆ្នាំ២០២៣ រដ្ឋភាគីបានផ្តល់សច្ចាប័នរួចរាល់មានចំនួន១៣៩ប្រទេស ។
ព្រះរាជាណាចក្រកម្ពុជាបានចុះហត្ថលេខាលើអនុសញ្ញាម៉ុងរ៉េអាល់ឆ្នាំ១៩៩៩ ចាប់តាំងពីឆ្នាំ១៩៩៩មកម្ល៉េះ ប៉ុន្តែមិនទាន់បានផ្តល់សច្ចាប័ននៅឡើយ ។ ប្រទេសក្នុងតំបន់អាស៊ី ដែលបានផ្តល់សច្ចាប័នលើអនុ សញ្ញាម៉ុងរ៉េអាល់ ឆ្នាំ១៩៩៩ រួមមានហ្វីលីពីន (ឆ្នាំ២០១៥) ថៃ(ឆ្នាំ២០១៧) ឥណ្ឌូណេស៊ី (ឆ្នាំ២០១៧) វៀតណាម (ឆ្នាំ២០១៨) ស្រីលង្កា(ឆ្នាំ២០១៩) និងព្រុយណេ (ឆ្នាំ២០២០)។
អនុសញ្ញាម៉ុងរ៉េអាល់ឆ្នាំ១៩៩៩ ត្រូវអនុវត្តចំពោះតែការដឹកជញ្ជូនអ្នកដំណើរ អីវ៉ាន់ និងទំនិញ ជាអន្តរជាតិតាមផ្លូវអាកាសប៉ុណ្ណោះ មានន័យថា ជាការដឹកជញ្ជូនរវាងរដ្ឋមួយ ទៅរដ្ឋមួយ ឬក្នុងរដ្ឋតែមួយ តែមានកន្លែង ឈប់សំចតនៅប្រទេសទីពីរ។ ជាឧទាហរណ៍អាកាស យានដឹកជញ្ជូនអ្នកដំណើរពីរាជធានីភ្នំពេញទៅរាជធានី បាងកកឬពីរាជធានីភ្នំពេញទៅរដ្ឋធានី ប៉ារីសដោយឆ្លងកាត់ប្រទេសថៃ ទោះជាមានដូរឬមិន មានដូរអាកាសយាន ត្រូវចាត់ទុកថា ជាការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស។ហេតុដូចនេះស កម្មភាពដឹកជញ្ជូនបែបនេះ ត្រូវស្ថិតនៅក្រោមអនុសញ្ញាម៉ុងរ៉េអាល់ឆ្នាំ១៩៩៩ ។
ដោយឡែក ការដឹកជញ្ជូនអ្នកដំណើពើរាជធានី ភ្នំពេញទៅកាន់ខេត្តសៀមរាប ឬពីខេត្តសៀមរាបទៅកាន់ខេត្តព្រះសីហនុ គឺពុំស្ថិតនៅក្រោម អនុសញ្ញាម៉ុងរ៉េអាល់ឆ្នាំ១៩៩៩ទេ ពីព្រោះជាការដឹកជញ្ជូន ក្នុងស្រុកតាមផ្លូវអាកាស ។ ការដឹកជញ្ជូនបញ្ញើប្រៃសណីយ៍រវាងរដ្ឋនិងរដ្ឋត្រូវស្ថិតនៅ ក្រោមបទប្បញ្ញត្តិដោយឡែក ពុំស្ថិតនៅក្រោមអនុសញ្ញាម៉ុងរ៉េអាល់ឆ្នាំ១៩៩៩ទេ។
ថ្លែងហេតុបានលើកឡើងទៀតថាអនុសញ្ញាម៉ុងរ៉េអាល់ឆ្នាំ១៩៩៩ ជាអនុសញ្ញាអន្តរ ជាតិមួយដែលគ្រប់គ្រង និងដឹកនាំការទទួលខុសត្រូវ របស់សហគ្រាសដឹកជញ្ជូនចំពោះការដឹកជញ្ជូនអ្នកដំណើរ អីវ៉ាន់ និងទំនិញជារន្តរជាតិតាមផ្លូវអាកាស ក្នុងករណី ដូចជា៖ មរណភាពការរងរបួស ឬការពន្យារពេលចំពោះអ្នកដំណើរ , ការពន្យារពេល ការបាត់បង់ ឬការខូចខាតចំពោះអីវ៉ាន់របស់អ្នកដំណើរ ,ការពន្យារពេល ការបាត់បង់ ឬការខូចខាតទំនិញ ។
ជាងនេះ អនុសញ្ញាម៉ុងរ៉េអាល់ឆ្នាំ១៩៩៩ នឹងត្រូវជំនួសឱ្យបទប្បញ្ញត្តិទាំងឡាយ ពាក់ ព័ន្ធនឹងរបបនៃការទទួល ខុសត្រូវរបស់សហគ្រាសដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ ដែល មានចែងនិងអភិវឌ្ឍចាប់តាំងពីមានអនុសញ្ញា វ៉ាសូរីឆ្នាំ១៩២៩កន្លងមក។
សមាគមដឹកជញ្ជូន តាមផ្លូវអាកាសអន្តរជាតិ និងសមាជិកដែលជាក្រុមហ៊ុនដឹកជញ្ជូន តាមផ្លូវអាកាសកំពុងបន្តគាំទ្រអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ ក្នុងការលើកកម្ពស់អនុសញ្ញាម៉ុងរ៉េអាល់ ឆ្នាំ១៩៩៩ ឱ្យក្លាយទៅជាអនុសញ្ញាសកល ទំនើប ស្មើភាព និងតែមួយគត់ស្តីពីការទទួលខុសត្រូវរបស់សហគ្រាសដឹកជញ្ជូន ពាក់ព័ន្ធនឹងការដឹកជញ្ជូនអ្នកដំណើរ អីវ៉ាន់ និងទំនិញជាអន្តរជាតិតាមផ្លូវអាកាស៕
ចែករំលែកព័តមាននេះ