ទីក្រុងប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនថ្លែងប្រាប់សមភាគីចិនរបស់លោកថារដ្ឋាភិបាលទីក្រុងកៀវគ្មានជំនឿថាប្រទេសរុស្ស៊ីត្រៀមខ្លួននៅឡើយទេដើម្បីចូលតុចរចាបញ្ចប់សង្គ្រាមជាស្ថាពរទេ។ នេះបើយោងតាមការអះអាងរបស់ក្រសួងការបរទេសអ៊ុយក្រែន។ សេចក្ដីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនទៅកាន់ប្រមុខការទូតចិនលើកនេះធ្វើឡើងនៅពេលលោកទៅបំពេញទស្សនកិច្ចនៅប្រទេសចិនដែលចាប់ផ្ដើមកាលពីថ្ងៃអង្គារ។
ជានិច្ចកាល ប្រទេសចិនប្រកាន់គោលការណ៍អព្យាក្រឹត្យ-ឥតលំអៀងនៅក្នុងបញ្ហាអ៊ុយក្រែន។ ចិនយល់ថាវិធីតែមួយគត់ដើម្បីបិទបញ្ចប់ជម្លោះនេះទាំងស្រុងគឺមានតែនាំយកប្រទេសអ៊ុយក្រែន និងរុស្ស៊ីចូលតុចរចាតែប៉ុណ្ណោះ។ ប្រទេសចិនថ្លែងខ្លួនមិនដែលបានបញ្ជូនអាវុធទៅឱ្យភាគីណា១ទេ។ ពោលគឺខុសពីប្រទេសអាមេរិក និងប្រទេសលោកខាងលិចដទៃទៀត។
ពួកលោកខាងលិចស៊ើបដឹងថាចិនជួយរុស្ស៊ីច្រើនណាស់។ បើមិនអីចឹងទេ រុស្ស៊ីអាចមានលុយសម្បូរហូរហៀរដើម្បីធ្វើសង្គ្រាមពីរបីឆ្នាំហើយមិនព្រមបន្ធូរដៃទាល់តែសោះ។ ពួកអង្គការណាតូចោទប្រកាន់ថាប្រទេសចិនជាអ្នកជួយជ្រោមជ្រែងរុស្ស៊ីនៅក្នុងសង្គ្រាមអ៊ុយក្រែន។
យោងតាមក្រសួងការបរទេសរុស្ស៊ី, ប្រមុខការទូតអ៊ុយក្រែនជម្រាបជូនលោកវ៉ាងយី ប្រមុខការទូតចិនថាអ៊ុយក្រែនត្រៀមខ្លួនជានិច្ចដើម្បីចរចាគ្នាជាមួយអ្នកតំណាងរុស្ស៊ី។ សំខាន់ឱ្យតែភាគីរុស្ស៊ីតាំងចិត្តថានឹងចរចាគ្នាដោយប្រាកដប្រជា។
រដ្ឋមន្ត្រីអ៊ុយក្រែន លោកឌីមីត្រូ គូឡេបា (Dmytro Kuleba) សង្កេតឃើញថានាពេលបច្ចុប្បន្ននេះ ភាគីរុស្ស៊ីហាក់ដូចជាមិនទាន់ត្រៀមខ្លួនរួចរាល់នៅឡើយទេ។ លោកគូឡេបាជឿជាក់ថាដើម្បីឱ្យការចរចានេះអាចនាំមកនូវសន្តិភាពប្រកបដោយយុត្តិធម៌គឺមានតែពឹងទៅលើយុទ្ធសាស្ត្របង្ហាញផ្លូវរបស់ប្រទេសចិនហើយ។ លោកយល់ថាប្រទេសចិនមានតួនាទីសំខាន់ក្នុងការធ្វើឱ្យមានសន្តិភាពពិភពលោក។
លោកគូឡេបាជាមន្ត្រីរដ្ឋាភិបាលអ៊ុយក្រែនទី១ដែលធ្វើដំណើរទៅប្រទេសចិនចាប់តាំងពីសង្គ្រាមអ៊ុយក្រែនផ្ទុះឡើងដំបូង។ លោកទៅប្រទេសចិនលើកនេះត្រូវបន្តស្នាក់នៅរហូតដល់ថ្ងៃសុក្រសប្ដាហ៍នេះ។ ក្រសួងការបរទេសចិនថ្លែងថាប្រមុខការទូតទាំង២បានជួបគ្នា និងជជែកគ្នានៅទីក្រុងក្វាងចូវ។ អ្នកនាំពាក្យចិន លោកស្រីម៉ៅនីង បញ្ជាក់បន្ថែមថាលោកទាំងពីរបានផ្លាស់ប្ដូរទស្សនៈគ្នាអំពីបញ្ហាអ៊ុយក្រែន៕
ចែករំលែកព័តមាននេះ