រាជធានីភ្នំពេញ ៖ ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានសាទរចំពោះការរកឃើញវិធីបង្ការការពារឆ្លងថ្មី តាមរយៈការចាក់ថ្នាំបង្ការការពារ២ដងក្នុង១ឆ្នាំ ដែលថ្នាំបង្ការនេះ មានប្រសិទ្ធភាព១០០% ប្រឆាំងនឹងមេរោគអេដស៍ ។
បើតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអោយដឹងថា ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ទេសរដ្ឋមន្ត្រី អៀង មូលី បានចូលរួមសន្និសីទពិភពលោក ស្តីអំពីអេដស៍ ឆ្នាំ២០២៤ (AIDS 2024) នៅទីក្រុងមុយនិច សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ។
សន្និសីទនេះ ជាវេទិកាដ៏ធំបំផុតក្នុងពិភពលោក ដែលគេរំពឹងថា មានអ្នកចូលរួមប្រមាណ១ម៉ឺននាក់។ នេះជាវេទិកាដែលអ្នកស្រាវជ្រាវវិទ្យាសាស្ត្រ តំណាងសហគមន៍អ្នកផ្ទុកមេរោគអេដស៍ ប្រជាជនគន្លឹះ អ្នកផ្តល់សេវាបង្ការការពារព្យាបាលថែទាំជំងឺអេដស៍ អ្នករៀបចំគោលនយោបាយ អ្នកផ្តល់ជំនួយ អង្គការក្រៅរដ្ឋាភិបាល តំណាងសង្គមស៊ីវិល អង្គការអន្តរជាតិ និងអ្នកតំណាងរដ្ឋាភិបាលផ្លាស់ប្តូរមតិគ្នា ដើម្បីទប់ស្កាត់ការរីករាលដាល នៃមេរោគអេដស៍ ។
ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរប្រយុទ្ធនឹងជំងឺអេដស៍ បានសាទរចំពោះការរកឃើញវិធីបង្ការការពារឆ្លងថ្មី តាមរយៈការចាក់ថ្នាំបង្ការការពារ២ដង ក្នុង១ឆ្នាំ (Twice-Yearly HIV Prevention Injection) ប្រកបដោយប្រសិទ្ធភាព១០០% ប្រឆាំងនឹងមេរោគអេដស៍ ដែលបានប្រកាសឡើងដោយលោកស្រី Sharon Lewin ប្រធានអង្គការអេដស៍អន្តរជាតិ (International AIDS Society) ក្នុងឱកាសបើកសន្និសីទពិភពលោក ឆ្នាំ២០២៤ (AIDS 2024) កាលពីល្ងាចថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ។
អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានបញ្ជាក់ថា នេះជាក្តីសង្ឃឹមដ៏ធំធេងមួយសម្រាប់មនុស្សជាតិ ក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ ។
ជាមួយគ្នានេះ ទេសរដ្ឋមន្ត្រី អៀង មូលី ស្នើដល់សហគមន៍អ្នកវិទ្យាសាស្ត្រ ឲ្យបន្តយកចិត្តទុកដាក់ស្រាវជ្រាវគ្រប់ជ្រុងជ្រោយបន្ថែមទៀត ដើម្បីឲ្យវិធីបង្ការការពារថ្មីនេះ អាចយកទៅប្រើប្រាស់បាននៅគ្រប់ទីកន្លែង ក្នុងពិភពលោករួមទាំងនៅកម្ពុជា និងស្នើឲ្យអ្នកផលិតរិះរកមធ្យោបាយផលិត ដោយតម្លៃថោកសមរម្យ ដើម្បីអាចឱ្យប្រជាជន នៃប្រទេសកំពុងអភិវឌ្ឍន៍មានលទ្ធភាពទិញយកទៅការពារខ្លួនបានផង ៕
ចែករំលែកព័តមាននេះ