រាជធានីភ្នំពេញ ៖ ក្មេងប្រុសសិស្សសាលាម្នាក់ បានជិះម៉ូតូម៉ាកហុងដាឌ្រីមស១២៥ មួយគ្រឿង ក្នុងល្បឿនលឿន ហើយបានវាក់ជាមួយម៉ូតូ ១គ្រឿងទៀត ម៉ាកហុងដាប៊ីត ជិះដោយស្ត្រីម្នាក់ ដែលបត់ឆ្លងផ្លូវ ដើម្បីចូលទៅកន្លែងធ្វើការ ប៉ុន្តែបត់បានបន្តិចឈប់លើផ្លូវ ហើយដោយគេចអត់ទាន់ ទើបម៉ូតូហុងដាឌ្រីមនោះ ជ្រុលទៅបុកចំផ្នែកខាងមុខពេញំហឹង បណ្ដាលឲ្យជាប់គ្នាអូសជាង២០ម៉ែត្រ បោកផ្ទប់បង្គោលព្រំដីឡូត៍ រងរបួសធ្ងន់ទាំងសងខាងតែម្ដង ហើយម៉ូតូរងការខូចខាតដូចគ្នា ប៉ុន្តែម៉ូតូហុងដាឌ្រីមខូចខ្លាំងជាងដោយបែកម៉ាស៊ីន ។
ឧប្បត្តិហេតុខាងលើ បានកើតឡើងនៅវេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុង ស្ថិតនៅក្នុងភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ម៉ូតូទាំង២គ្រឿង ដែលបើកបុកគ្នានោះ ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AC-4522 ជិះដោយក្មេងប្រុសសិស្សសាលាម្នាក់ ។ ចំណែកឯ ១គ្រឿងទៀត ម៉ាកហុងដាប៊ីត ពណ៍ខៀវ លាយស ពាក់ស្លាកលេខកំពត 1O-2717 ជិះដោយស្ត្រីម្នាក់ ។
អ្នកភូមិខាងលើ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញក្មេងប្រុសម្នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ មួយគ្រឿង ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ បានវាក់ជាមួយម៉ូតូ១គ្រឿងទៀត ម៉ាកហុងដាប៊ីត ដែលជិះដោយស្ត្រីម្នាក់ក្នុងទិសដៅស្របគ្នា កំពុងបត់ឆ្លងផ្លូវហើយ ឈប់លើផ្លូវ ។ ពេលនោះគេច ក៏មិនទាន់ ហើយជាន់ហ្វ្រាំងឈប់ ក៏អត់ទាន់ ព្រោះលឿនពេក ទើបជ្រុលទៅបុកចំផ្នែកខាងមុខម៉ូតូហុងដាប៊ីតពេញទំហឹង បណ្ដាលឲ្យគាបជាប់គ្នា និងអូសជាង២០ម៉ែត្រ បោកផ្ទប់បង្គោលព្រំដីឡូត៍ រងរបួសធ្ងន់ទាំងសងខាងតែម្ដង ។
ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ក្រោយពេលកើតហេតុ រថយន្តមន្ទីរពេទ្យរដ្ឋបានចេញទៅដើម្បីដឹកយកជនរងគ្រោះទៅកាន់មន្ទីរពេទ្យដែរ ប៉ុន្តពួកគាត់អត់ព្រមទៅឡើយ ។ បន្ទាប់មកបានស្ត្រីអ្នកជិះម៉ូតូហុងដាប៊ីត ត្រូវក្រុមគ្រួសារដឹកតាមរថយន្តយកទៅកាន់ពេទ្យឯកជន ចំណែកក្មេងប្រុសដែលជិះម៉ូតូហុងដាឌ្រីម ដឹកតាមម៉ូតូកង់បីទៅសង្គ្រោះដោយខ្លួនឯង ។
ក្រោយមក នគរបាលប៉ុស្តិ៍កំបូល និងខណ្ឌកំបូល ចុះទៅធ្វើការវាស់វែង នាំយកម៉ូតូទាំង២គ្រឿង ទៅរក្សាទុករង់ចាំការដោះស្រាយគ្នា ៕
ចែករំលែកព័តមាននេះ