ទីក្រុងហាណូយ៖ នៅខែវស្សាឆ្នាំនេះ ខ្យល់ព្យុះសម្រុកវាយប្រហារតំបន់អាស៊ីអាគ្នេយ៍។ ខ្យល់ព្យុះចំនួន២កំពុងបោកបក់ទៅលើប្រទេសវៀតណាម និងហ្វ៊ីលីពីនបណ្ដាលឱ្យមានភ្លៀង ផ្គរ រន្ទះ និងរលកសមុទ្រខ្ពស់ៗ។ ប្រទេសវៀតណាមខាងជើងកំពុងរងគ្រោះយ៉ាងដំណំដោយសារការវាយប្រហារឥតបន្ធូរដៃរបស់ខ្យល់ព្យុះឈ្មោះព្រះពិរុណដែលជាព្រះនាមរបស់ទេវតាមួយអង្គនៅក្នុងរឿងទេវកថារបស់ឥណ្ឌា។
ចាប់តាំងពីក្បាលព្រលប់ថ្ងៃអង្គាររហូតមកដល់ក្បាលព្រលប់ថ្ងៃពុធមានភ្លៀងធ្លាក់ខ្លាំង និងបង្កជាទឹកជំនន់លិចតំបន់ជាច្រើន។ ដងវិថីនានានៅទូទាំងទីក្រុងហាណូយកំពុងលិចលង់យ៉ាងខ្លាំង។ ផ្ទះល្វែងជាច្រើនត្រូវទឹកលិចគ្មានសល់។ នៅសង្កាត់ឈឿងមី (Chương Mỹ), ហយឌឹក (Hoài Đức) និងថាញ់ជី (Thanh Trì) មានទឹកជំនន់យ៉ាងល្ហល្ហាច និងបង្ខំឱ្យប្រជាជនជម្លៀសខ្លួនជាប្រញាប់ចេញពីតំបន់គ្រោះថ្នាក់។ ចំណែកការធ្វើដំណើរតាមឡាន-ម៉ូតូត្រូវជាប់គាំងនៅ១កន្លែងតែម្ដង។
ភូមិ១នៅទីក្រុងសួនម៉ៃ (Xuan Mai) ត្រូវទឹកជំនន់ហ៊ុមព័ទ្ធជុំវិញយ៉ាងជិតឈឹង ហាក់ដូចជាត្រូវកាត់ផ្ដាច់ទាំងស្រុងពីតំបន់ដទៃទៀត។ គិតត្រឹមម៉ោង៦ព្រឹកថ្ងៃពុធ ទឹកនៅទន្លេបួយ (Bui) ហក់ឡើងដល់កម្ពស់៦,៧៥ម៉ែត្រ។ អ្នករស់នៅម្ដុំៗនោះគ្មានជម្រើសណាផ្សេងក្រៅពីជិះទូកតែប៉ុណ្ណោះដើម្បីធ្វើដំណើរឆ្លងពីកន្លែង១ទៅកន្លែង១ទៀត។ បើមិនអីចឹងទេគ្មានជម្រើសផ្សេងទេ។ បើទុកជាចង់ជិះឡាន និងម៉ូតូរឹតតែគ្រោះថ្នាក់ជាងនេះទៅទៀតព្រោះទឹកជំនន់ហក់ឡើងដល់កម្ពស់ជាង១ម៉ែត្រ។
អាជ្ញាធរបានបញ្ជូនទាហានជាច្រើនកងឯកភាពដើម្បីជួយសម្រួលការលំបាករបស់ប្រជាជន។ ពួកគេជួយដឹកជញ្ជូនមនុស្សចាស់ជរាចេញពីផ្ទះដែលត្រូវទឹកលិចទៅកាន់ទីកន្លែងសុវត្ថិភាព។ ភូមិបួយសា (Bui Xa) ដែលមានមនុស្សរស់នៅជាង៥រយនាក់ ចែកចេញជា១២០ខ្នងផ្ទះ។ ទីនេះក៏រងការលិចលង់សម្បើមណាស់ដែរ។ អ្នករស់នៅផ្ទះល្វែងរងគ្រោះខ្លាំងជាងគេ។ អ្នកខ្លះត្រូវរើឥវ៉ាន់ឡើងទៅលើឡៅតឿដើម្បីដាំបាយ និងចម្អិនអាការនៅលើនោះបន្ទាប់ពីទឹកលិចផ្ទះជាន់ក្រោមអស់រលីង។
ថ្វីដ្បិតខ្យល់ព្យុះព្រះពិរុណចាប់ផ្ដើមថមថយកម្លាំងបោកបក់បន្តិចវិញនៅពេលទៅដល់មាត់សមុទ្រខេត្តក្វាងនិញ ប៉ុន្តែឥទ្ធិពលរបស់វាបង្កជាភ្លៀងធ្លាក់ខ្លាំងទាំងយប់ទាំងថ្ងៃនៅទូទាំងវៀតណាមខាងជើង។ សម្រាប់អ្នករស់នៅតំបន់ព្រៃភ្នំ ឬជនបទស្រុកស្រែចម្ការជារឿងធម្មតាទេព្រោះឆាកជីវិតរបស់ពួកគាត់ហាក់ដូចជាជោគជាំនឹងស្ថានភាពបែបនេះទៅហើយ។ ប៉ុន្តែសម្រាប់អ្នករស់នៅទីក្រុង ករណីទឹកជំនន់លិចលង់ដល់ថ្នាក់ធ្វើដំណើរលែងកើតបែបនេះវាជាករណីពិបាកនឹងទទួលយក។
យើងងាកចេញពីទុក្ខវេទនានៅប្រទេសវៀតណាមដើម្បីទៅមើលស្ថានភាពនៅប្រទេសហ្វ៊ីលីពីនវិញម្ដង។ ហ្វ៊ីលីពីនក៏កំពុងរងគ្រោះយ៉ាងដំណំផងដែរដោយសារការវាយប្រហាររបស់ខ្យល់ព្យុះឈ្មោះហ្គេមី (Gaemi)។ រដ្ឋធានីម៉ានីឡា និងទីក្រុងក្បែរៗនោះកំពុងរងការលិចលង់យ៉ាងខ្លាំង។ អាជ្ញាធរសម្រេចចិត្តបិទទ្វារសាលារៀន និងលុបចោលជើងហោះហើរជាច្រើនខ្សែ។
អាជ្ញាធរប្រកាសដាក់តំបន់រងគ្រោះនៅក្នុងគ្រាអាសន្ន។ តាមពិតខ្យល់ព្យុះមិនបានបោកបក់ទៅលើដីគោករបស់ហ្វ៊ីលីពីនដោយផ្ទាល់ទេ។ ក៏ប៉ុន្តែឥទ្ធិពលរបស់វាបានបង្កជាភ្លៀងធ្លាក់ខ្លាំង និងការបាក់ដីជាច្រើនកន្លែង។ មនុស្សយ៉ាងតិច១២នាក់បានស្លាប់ និងជាង៦សែននាក់ត្រូវចាកចោលផ្ទះសម្បែងរបស់ខ្លួនកាលពីប៉ុន្មានថ្ងៃមុនដោយសារខ្យល់ព្យុះមួយទៀតដែលមានឈ្មោះការីណា (Carina)។ រហូតមកដល់ពេលនេះ កន្លែងខ្លះនៅតែមានទឹកលិចដល់ត្រឹមកមនុស្សចាស់នៅឡើយទេ៕
ចែករំលែកព័តមាននេះ