ប្រទេសនេប៉ាល់ ៖ បើយោងតាមអាជ្ញាធរប្រទេសនេប៉ាល់ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស១៨នាក់បានស្លា.ប់ នៅពេលដែលយន្តហោះដឹកអ្នកដំណើរនៅក្នុងតំបន់១គ្រឿង ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍នេប៉ាល់ Saurya បានធ្លាក់ និងឆេះនៅពេលហោះចេញពីរដ្ឋធានីកាតម៉ាន់ឌូ (Kathmandu)។
យោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយនៅមុននេះបន្តិច បានឱ្យដឹងថា អាជ្ញាធរនេប៉ាល់បានអះអាងថា យន្តហោះផ្ទុកមនុស្សចំនួន១៩នាក់ ដោយក្នុងនោះមានក្រុមការងារយន្តហោះផ្ទាល់២នាក់ និងអ្នកបច្ចេកទេស១៧នាក់ ដែលធ្វើដំណើរឆ្ពោះទៅទីក្រុងប៉ូខារ៉ា (Pokhara) ដើម្បីទៅជួសជុលយន្តហោះ ១គ្រឿងផ្សេងទៀត ។
លោក Tej Bahadur Poudyal អ្នកនាំពាក្យអាកាសយានដ្ឋានអន្តរជាតិ Tribhuvan នៃទីក្រុងកាតម៉ាន់ឌូ បានថ្លែងថា មានតែពីឡុតម្នាក់ប៉ុណ្ណោះ ដែលនៅមានជីវិត និងកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ ។
ទូរទស្សន៍ក្នុងស្រុកបានបង្ហាញពីក្រុមពន្លត់អគ្គិភ័យ ដែលកំពុងព្យាយាមពន្លត់ភ្លើង និងផ្សែងខ្មៅយ៉ាងក្រាស់ទៅលើផ្ទៃមេឃ ។ នៅក្នុងនោះក៏បានបង្ហាញវីដេអូយន្តហោះប្រភេទ CRJ200 ចំណុះ៥០កៅអី ដែលហោះឡើងបានបន្តិចពីលើផ្លូវរត់ ហើយក៏ផ្អៀងមុននឹងធ្លាក់ ។ ទិដ្ឋភាពផ្សេងទៀតក៏បានបង្ហាញឱ្យឃើញសកម្មភាពរបស់ក្រុមអ្នកជួយសង្គ្រោះក៏ដូចជា សា.កស.ពត្រូវបានគេដឹកតាមរថយន្តសង្គ្រោះផងដែរ។
គួរឱ្យដឹងថា ប្រទេសនេប៉ាល់ត្រូវបានគេរិះគន់ ចំពោះកំណត់ត្រាសុវត្ថិភាពផ្លូវអាកាសមិនល្អ ហើយមនុស្សជិត៣៥០នាក់បានស្លា.ប់ នៅក្នុងការធ្លាក់យន្តហោះ ឬឧទ្ធម្ភាគចក្រនៅក្នុងប្រទេសនេះ ចាប់តាំងពីឆ្នាំ២០០០ ។ ឧបទ្ទវហេតុដ៏អាក្រក់បំផុត បានកើតឡើងក្នុងឆ្នាំ ១៩៩២ នៅពេលដែលយន្តហោះ Airbus អន្តរជាតិរបស់ប៉ាគីស្ថានបានធ្លាក់ចូលទៅក្នុងភ្នំមួយ ខណៈពេលដែលហោះជិតទីក្រុងកាតម៉ាន់ឌូ ដោយបានសម្លា.ប់មនុស្ស១៦៧នាក់ ។ កាលពីថ្មីៗនេះ មនុស្សយ៉ាងតិច៧២នាក់បានស្លា.ប់ នៅក្នុងការធ្លាក់យន្តហោះ Yeti កាលពីខែមករា ឆ្នា២០២៣ ៕
ចែករំលែកព័តមាននេះ