រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសហាមឃាត់មិនឲ្យមានការចែកចាយលក់ ឬទទួលទានស្រាថ្នាំចំនួន៣ប្រភេទ ដោយមានផ្ទុកសារធាតុ SILDENAFIL (សារធាតុបង្កើនផ្លូវភេទបុរស) កម្រិតខ្ពស់ អាចប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពរបស់អ្នកទទួលទាន ។
យោងតាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ កក្កដា ឆ្នាំ២០២៤ បានលើកឡើងថា យោងតាមការវិភាគគុណភាព នៅមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាលនៃក្រសួងសុខាភិបាល បានបញ្ជាក់លទ្ធផលថា ស្រាថ្នាំឈ្មោះ Royal Health Wine EST:2005 ចំណុះ 500ml, Royal Health Wine EST:2005 ចំណុះ 100ml និងស្រាសុខភាពធម្មជាតិ CHL ចំណុះ 150ml ដែលផលិតដោយសិប្បកម្មផលិតស្រាថ្នាំនៃក្រុមហ៊ុនធានឆាវជៀវយៀក អ៊ុមផត អិចផត ឯ.ក ស្ថិតនៅភូមិជប់ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង មានផ្ទុកសារធាតុ SILDENAFIL (សារធាតុបង្កើនផ្លូវភេទបុរស) កម្រិតខ្ពស់ដែលអាចធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពរបស់អ្នកទទួលទាន និងអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត ។
ក្រសួងបានជម្រាបជូនថា បន្ទាប់ពីបានធ្វើការស្រាវជ្រាវ មន្ត្រីជំនាញនៃក្រសួងសុខាភិបាល បានសហការជាមួយអង្គភាព និងអាជ្ញាធរពាក់ព័ន្ធ ចុះធ្វើនិយ័តកម្ម នៅទីតាំងចំនួន២កន្លែង គឺទី១. សិប្បកម្មផលិតស្រាថ្នាំ របស់ក្រុមហ៊ុនធានឆាវជៀវយៀក អ៊ុមផត អិចផត ឯ.ក នៅខេត្តស្វាយរៀង និងទី២. ទីតាំងលក់ស្រាថ្នាំ ស្ថិតនៅរាជធានីភ្នំពេញ ដោយបានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជនពាក់ព័ន្ធផងដែរ ។
ដើម្បីចៀសវាងគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់ ក្រសួងសុខាភិបាល បានបញ្ជាក់ថា «សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់កុំទទួលទានស្រាទាំង៣ប្រភេទខាងលើ និងសូមបងប្អូនអាជីវករឈប់ចែកចាយ ឬលក់ស្រាទាំងនេះ ។
ទន្ទឹមគ្នានេះដែរ សូមអាជ្ញាធរមានសមត្ថកិច្ចនៅតាមបណ្តារាជធានី-ខេត្ត បន្តសហការណែនាំ អប់រំ ទប់ស្កាត់ការចែកចាយ ឬលក់ស្រាថ្នាំទាំង ៣ប្រភេទខាងលើឲ្យបានម៉ឺងម៉ាត់តាមនីតិវិធីច្បាប់» ។
ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាល សង្ឃឹមថាប្រជាពលរដ្ឋអាជីវករ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធចូលរួមសហការអនុវត្តតាមសេចក្តីជូនដំណឹងនេះប្រកបដោយប្រសិទ្ធភាពខ្ពស់ ៕
ចែករំលែកព័តមាននេះ