អភិបាលខេត្តចាត់ទុកព្រៃឈើជាមាសបៃតងអាចស្រូបទាញកំណើនសេដ្ឋកិច្ច
- មណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ ថ្លែងក្នុងប្រារព្ធពិធីរុក្ខទិវា៩ កក្កដា នៅក្រុងសែនមនោរម្យ កាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ថង…
ខេត្តមណ្ឌលគិរី ៖ ថ្លែងក្នុងប្រារព្ធពិធីរុក្ខទិវា៩ កក្កដា នៅក្រុងសែនមនោរម្យ កាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ថង…
ខេត្តមណ្ឌលគិរី ៖ ថ្លែងក្នុងប្រារព្ធពិធីរុក្ខទិវា៩ កក្កដា នៅក្រុងសែនមនោរម្យ កាលពីព្រឹកថ្ងៃទី
២៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ថង សាវុន អភិបាលខេត្តមានប្រសាសន៍ថា ព្រៃឈើមានសារសំខាន់ខ្លាំងណាស់ សម្រាប់ជីវិតមនុស្ស សត្វ លើសកលលោកយើងនេះ ។ មិនត្រឹមតែប៉ុណ្ណោះ ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានដែលសម្បូរទៅដោយសម្បត្តិធនធានធម្មជាតិអាចស្វែងរកចំណូលចិញ្ចឹមជីវភាពគ្រួសារ ដែលអាស្រ័យបានពីផល-អនុផលព្រៃឈើ និងទទួលបានចំណូលដ៏មហាសាលពីវិស័យទេសចរណ៍ទៀតផង ។
ឯកឧត្តម ថង សាវុន បានបន្តថា «រុក្ខទិវា» គឺជាចលនាបំផុសបំផុលការដាំដុះដើមឈើដ៏ធំមួយ និងជាប្រពៃណីដ៏ល្អផូរផង់ឧត្តុង្គឧត្តមនៃព្រះរាជាណាចក្រកម្ពុជាយើង ។ ចលនានេះ ចាប់មានតាំងពី«សម័យសង្គមរាស្ត្រនិយម» ក្រោមព្រះរាជបូជនីយកិច្ចផ្ដួចផ្ដើម និងដឹកនាំដោយព្រះករុណាព្រះ បាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាកសិកម្មជាតិ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់
បំផុត ។
ពិធីនេះ បានចាប់កកើតតាំងពីទសវត្សរ៍ឆ្នាំ១៩៣០មកម្ល៉េះ ដោយមានការចូលរួមយ៉ាងផុសផុលពីប្រជាពលរដ្ឋគ្រប់ស្រទាប់ និងបានក្លាយទៅជាសកម្មភាពយ៉ាងធំទូលំទូលាយ ក្នុងចលនាទិវាពលកម្មដាំដើមឈើនៅក្នុងសង្គម ដែលទីបំផុត ត្រូវបានទទួលស្គាល់ជាពិធីប្រពៃណីជាតិមួយហៅថា «ពិធីរុក្ខទិវា» ដែលបានកំណត់ដោយព្រះរាជកិច្ចលេខ ៧៣៨ នស.រកត ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៥២ ។
ឯកឧត្តមអភិបាលខេត្ត បញ្ជាក់ថា ការដាំដើមឈើពិតជាមានសារៈប្រយោជន៍ណាស់ ដូច្នេះប្រជាពលរដ្ឋទាំងអស់គ្នា សូមចូលរួមដាំដុះកូនឈើ រក្សាការពារ និងស្រឡាញ់ព្រៃឈើ ស្រឡាញ់ជីវចម្រុះ សត្វព្រៃ ដើម្បីប្រែក្លាយតំបន់រស់នៅឱ្យមានគម្របពណ៌បៃតងស្រស់បំព្រង និងអភិរក្សធនធានព្រៃឈើ សម្រាប់ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ។
ការបាត់បង់ព្រៃឈើ និងគម្របព្រៃឈើ បណ្តាលឱ្យតំបន់យើងទទួលរងការគំរាមកំហែងពីធម្មជាតិ ដូចនេះ យើងត្រូវនាំគ្នាបញ្ឈប់ការកាប់រានដុតឈូសឆាយដីព្រៃឈើធ្វើជាកម្មសិទ្ធិ ហើយនាំគ្នារក្សាការពារ និងដាំដើមឈើឡើងវិញឱ្យបានច្រើន រួមទាំងឈើហូបផ្លែផងដែរ ។ តាមការបញ្ជាក់របស់លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបានឲ្យដឹងថា ក្នុងឆ្នាំ២០២៤នេះ មន្ទីរបានរៀបចំពិធីរុក្ខទិវានៅបរិវេណចម្ការស្រល់រុក្ខទិវា ឆ្នាំ២០០៥ ស្ថិតក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ដើម្បីរៀបចំប្រារព្ធពិធីបុណ្យ រុក្ខទិវា ថ្នាក់ខេត្ត និងបានជ្រើសរើសយកកូនស្រល់ចំនួន ២ ៥០០ដើម សម្រាប់ដាំដុះលើផ្ទៃដីចំនួន ៨,៤៩ហិកតា និងចំនួន ៣០០ដើម សម្រាប់ចែកចាយក្នុងពិធី ។
លោកប្រធានមន្ទីរបន្តថា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរួមសហការជាមួយនឹងអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ ស្ថាប័នពាក់ពន្ធ័ អង្គការជាតិ-អន្តរជាតិនានា បានជំរុញនិងអនុវត្តការងារដាំដើមឈើឡើងវិញ លើដីទំនេរ និងដីព្រៃរេចរឹល ព្រមទាំងចលនាប្រជាពលរដ្ឋដាំដើមឈើនៅគ្រប់ទីកន្លែងទូទាំងខេត្ត ។
ចំណែកខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី បានបណ្តុះកូនឈើចម្រុះគ្រប់ប្រភេទ សម្រាប់ធ្វើការចែកចាយ និងដាំក្នុងពីធីរុក្ខទិវាជារៀងរាល់ឆ្នាំ ។ នៅក្នុងឆ្នាំ ២០២៤នេះ មន្ត្រីជំនាញបណ្តុះកូនឈើចម្រុះគ្រប់ប្រភេទបានចំនួន ៧ ៤១០ដើម ដោយបានចែកចាយជូនសាលារៀន មន្ទីរជុំវិញខេត្ត វត្តអារាម ប្រជាជន អស់ចំនួន ៣៦២ដើមនាពេលកន្លងមក ៕
ចែករំលែកព័តមាននេះ