ទីក្រុងវ៉ាស៊ីនតោន៖ លោកត្រាំពេលនេះមិនអាចជិះសេះលែងដៃបានឡើយបន្ទាប់ពីលោកស្រីហារីសទទួលបានសំឡេងគាំទ្រច្រើនគ្រប់គ្រាន់ពីគណៈប្រតិភូរបស់គណបក្សប្រជាធិបតេយ្យដើម្បីក្លាយជាបេក្ខជនប្រធានាធិបតិពេញសិទ្ធិនាពេលដ៏ខ្លីខាងមុខនេះ។ ខុសពីលោកបៃដិនដែលធ្វើឱ្យចាញ់ប្រៀបលោកត្រាំនៅក្នុងវេទិកាតទល់មតិគ្នាកាលពីចុងខែមិថុនា លោកស្រីហារីសមានចំណុចល្អច្រើនដែលអាចស៊ីសងគ្នាជាមួយលោកត្រាំបាន។
ការស្ទង់មតិធ្វើឡើងបីដងកាលពីពេលថ្មីៗនេះ។ កាលពីដើមខែកក្កដា លោកត្រាំនាំមុខលោកស្រីហារីស១%។ ក្រោយមក យោងតាមការស្ទង់មតិលើកទី២កាលពី១សប្ដាហ៍មុន, លោកស្រីហារីស និងលោកត្រាំទទួលបានសំឡេងគាំទ្រ៤៤%ដូចគ្នា។ នៅពេលស្ទង់មតិលើកទីបីកាលពីថ្ងៃចន្ទ និងថ្ងៃអង្គារសប្ដាហ៍នេះ លោកស្រីហារីសទទួលបានសំឡេងនាំមុខលោកត្រាំ។
ឥឡូវនេះ លោកស្រីហារីសកំពុងរៀបចំយុទ្ធសាស្ត្រវាយប្រហារលោកត្រាំ។ លោកស្រីកំពុងចុះឃោសនានៅរដ្ឋវីសខន់ស៊ីន (Wisconsin) ដែលជាទីលានប្រកួតប្រជែងនយោបាយដ៏ស្វិតស្វាញ និងជាទីតាំងដំបូងគេនៃការបើកយុទ្ធនាការឃោសនារបស់លោកស្រី។ ទំហំនៃការគាំទ្ររបស់គណបក្សប្រជាធិបតេយ្យចំពោះលោកស្រីហារីសមិនអាចមើលស្រាលបានទេ។ បន្ទាប់ពីលោកបៃដិនប្រកាសដកខ្លួនថយ និងគាំទ្របេក្ខភាពលោកស្រីហារីសមិនដល់៣៦ម៉ោងផង លោកស្រីអាចទទួលបានសំឡេងគាំទ្រពីគណៈប្រតិភូរបស់គណបក្សនេះលើសពីចំនួនកំណត់ទៅទៀត។
ក្រុមអ្នកតំណាងរាស្ត្ររបស់គណបក្សប្រជាធិបតេយ្យភាគច្រើនឈរនៅខាងលោកស្រីហារីស។ នៅក្នុងចំណោមនោះមានប្រធានក្រុមភាគច្រើន និងភាគតិចរបស់គណបក្សនេះនៅរដ្ឋសភា និងព្រឹទ្ធសភា លោកឆាក់ស៊ូមើ និងលោកហាគីម ចែហ្វហ្វ្រ៊ី (Chuck Schumer & Hakeem Jeffries) ប្រកាសគាំទ្រលោកស្រីហារីសកាលពីថ្ងៃអង្គារនៅក្នុងសន្និសីទសារព័ត៌មាន។
លទ្ធផលស្ទង់មតិរបស់ទីភ្នាក់ងារព័ត៌មានអេភី (AP)បង្ហាញថាគណៈប្រតិភូជាង២៥០០នាក់ប្រកាសគាំទ្រលោកស្រីហារីស។ នៅក្នុងសម័យអន្តរកាលមុនពេលបោះឆ្នោតជ្រើសរើសបេក្ខភាពប្រធានាធិបតីជាផ្លូវការ គេគិតថាគណៈប្រតិភូទាំងនោះអាចនឹងកែប្រែការគាំទ្ររបស់ពួកគេវិញ។ ទោះជាបែបនេះក្ដី លោកស្រីហារីសនៅតែមានឱកាសក្លាយជាបេក្ខជនពេញសិទ្ធិដដែល។
លោកស្រីហារីសទទួលបានសំឡេងគាំទ្រនាំមុខបេក្ខជនដទៃទៀតដែលអាចនឹងដាក់ពាក្យស្នើសុំប្រកួតប្រជែង។ ឥឡូវនេះ លោកស្រីកំពុងដើរប្រមូលថវិកាចូលទៅក្នុងមូលនិធិសម្រាប់ប្រើប្រាស់នៅពេលឃោសនាបោះឆ្នោត។ គិតត្រឹមចុងខែមិថុនា គណបក្សប្រជាធិបតេយ្យប្រមូលបានថវិកា៩៥ដុល្លារ។ ឥឡូវនេះអាចប្រមូលបានដល់១០០លានដុល្លារហើយ។
ប្រធានគណៈកម្មការជាតិប្រជាធិបតេយ្យថ្លែងថាគណបក្សចង់រៀបចំការជ្រើសរើសបេក្ខជនប្រធានាធិបតីដោយបើកទូលាយ តម្លាភាព និងស្មើភាព។ ប៉ុន្តែក៏ត្រូវតែធ្វើឡើងដោយមិនបង្អែបង្អង់តទៅទៀតទេព្រោះពេលវេលាកាន់តែខ្លី។ បេក្ខជនដែលអាចនឹងចូលរួមប្រកួតប្រជែងជាមួយលោកស្រីហារីសមានដូចជាអភិបាលរដ្ឋខឹនថាក់គី (Kentucky), ខារ៉ូឡាយណាខាងជើង, អ៊ីលីណយ (Illinois), មីស៊ីហ្គេន, រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងសមាជិកព្រឹទ្ធសភារដ្ឋអារីហ្សូណា៕
ចែករំលែកព័តមាននេះ