ខេត្តស្ទឹងត្រែង ៖ ថ្នាក់ដឹកនាំ នៃដែនដីរដ្ឋបាលនាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ បានបំផុសចលនាស្ដារដាំដើមឈើនិងចែកកូនឈើជូនប្រជាពលរដ្ឋ ស្ថាប័នអង្គភាព សាលារៀន វត្តអារាម ក្នុងការប្រារព្ធពិធីបុណ្យរុក្ខទិវា ៩ កក្កដា នៅក្នុងបរិវេណ (អនុវិទ្យាល័យព្រះបាទ) ភូមិកាំងដីស សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។
យោងរបាយការណ៍ខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង បង្ហាញថា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រួមនឹងខណ្ឌរដ្ឋបាលព្រៃឈើ បានបណ្តុះកូនឈើចម្រុះ ១ម៉ឺន ១ពាន់ដើម ក្នុងនោះរួមមាន ៖ កូនឈើក្រញូង ៤ពាន់ដើម កូនឈើក្ងោក ៣,៥០០ដើម ឈើបេង ២,៥០០ដើម ឈើធ្នុង ៣០០ដើម ឈើនាងនួន៣៥០ដើម កូនឈើព្រីង ៣០០ដើម និងកូនឈើលឿងរាជ ៥០ដើម គឺសម្រាប់ដាំ និងចែកជូនប្រជាពលរដ្ឋ និងស្ថាប័នផ្សេងៗទៀត ដាំតាមទីសាធារណៈវត្តអារាម សាលារៀន រួមទាំងសួនច្បារ ផងដែរ ។
លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តស្ទឹងត្រែង បានលើកឡើងថា ពិធីបុណ្យរុក្ខទិវា តែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីធ្វើការស្ដារ និងដាំដុះព្រៃឈើឡើងវិញ ។ ជាក់ស្ដែងចាប់ពីឆ្នាំ២០០៤ រហូតដល់ឆ្នាំ២០២៣ ខេត្តស្ទឹងត្រែង បានប្រារព្ធបុណ្យរុក្ខទិវា និងធ្វើការបណ្តុះកូនឈើចែកជូនប្រជាពលរដ្ឋ និងស្ថាប័នផ្សេងៗ យកទៅធ្វើការដាំដុះជារៀងរាល់ឆ្នាំ ។
លោកបន្តថា នៅឆ្នាំ២០២៤នេះ ក្រោមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង បុណ្យរុក្ខទិវា ៩ កក្កដា គឺបានរៀបចំដាំដើមឈើប្លែកជាងបណ្តាឆ្នាំមុនៗ ដោយឆ្នាំនេះភាគច្រើន យើងដាំដើមក្ងោក នៅតាមដងផ្លូវ ព្រោះជារុក្ខជាតិមានផ្កាព៌ណក្រហម ស្រស់ឆើតឆាយ ដើម្បីលំអរក្រុងស្ទឹងត្រែងរបស់យើង ។
លោកបានបញ្ជាក់ថា រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុងស្ទឹងត្រែង ក៏ដូចជាមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មានមហិច្ឆតាចង់ប្រែក្លាយខេត្តស្ទឹងត្រែងទាំងមូល ពិសេសក្រុងស្ទឹងត្រែង ឱ្យក្លាយជាតំបន់ផ្ការីកស្រស់ឆើតឆាយ ឬជា (City Flower) នាថ្ងៃអនាគត ក្នុងគោលបំណង ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ មកទស្សនាខេត្តស្ទឹងត្រែង ឲ្យបានច្រើនទ្វេឡើង ។
លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងបានថ្លែង កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរក្រុង និងមន្ត្រីពាក់ព័ន្ធ ដែលបានរៀបចំប្រារព្ធពិធីបុណ្យរុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៤ នេះឡើង ក្នុងគោលបំណងចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍ អភិរក្សវិស័យព្រៃឈើនៅកម្ពុជា ដែលជាសម្បត្តិដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់កម្ពុជា ។
លោកអភិបាលខេត្តស្ទឹងត្រែង បានជំរុញដល់ស្ថាប័នរដ្ឋមន្ទីរជំនាញជុំវិញខេត្ត អង្គភាពកម្លាំងប្រដាប់អាវុធ វត្តអារាម និងប្រជាពលរដ្ឋទាំងអស់ នៅទូទាំងខេត្តស្ទឹងត្រែង សូមចាប់ដៃទាំងអស់គ្នា ផ្តើមចេញពីយើងទាំងអស់គ្នា ចូលរួមដាំដើមឈើឲ្យបានច្រើន ដើម្បីបង្កាស្ថានភាពគ្រោះធម្មជាតិផ្សេងៗ ការបំរែបំរួលអាកាសធាតុ កាត់បន្ថយនូវគ្រោះធម្មជាតិផ្សេងៗ ផ្តល់នូវភាពបៃតង និងបរិយាកាសស្រស់បំព្រង ផងដែរ ។
លោកអភិបាលខេត្ត ក៏បានជំរុញបន្ថែមឲ្យអាជ្ញាធរពាក់ព័ន្ធបន្តអនុវត្តគោលការណ៍ គូស្វាមីភារិយាថ្មី ១គូដាំដើមឈើ១ដើម និងប្រជាពលរដ្ឋមួយរូប ដាំដើមឈើ១ដើម មិនតែប៉ុណ្ណោះ យើងក៏ត្រូវនាំគ្នាចូលរួមទប់ស្កាត់ការកាប់ទន្ទ្រានព្រៃឈើគ្រប់ទម្រង់ និងគ្រប់រូបភាពឱ្យខាងតែបានដាច់ខាត ៕
ចែករំលែកព័តមាននេះ