ខេត្តរតនគិរី ៖ លោក នូ ថេរ អភិបាលស្រុកលំផាត់ បានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋនៅតាមតំបន់មាត់អូរព្រែកទំនាប និងតាមដងទន្លេស្រែពក អោយប្រុងប្រយ័ត្នខ្ពស់ខណៈភ្លៀងនៅតែបន្តធ្លាក់ជាប់ៗគ្នាទាំងយប់ទាំងថ្ងៃ ។ ការអំពាវនាវនេះធ្វើឡើង នៅក្នុងឱកាសលោកបានដឹកនាំក្រុមការងារចុះពិនិត្យតំបន់មួយចំនួន នៅក្នុងភូមិសាស្ត្រស្រុកលំផាត់ ដែលរងការលិចលង់ដោយជំនន់ទឹកភ្លៀងតាមដងអូរ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២៤ ។ នេះបើយោងតាមមន្ទីរព័ត៌មានខេត្តរតនគិរី បានបង្ហោះ ។
លោកបន្តថា បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នា អស់រយៈពេល១១ថ្ងៃកន្លងមកនេះ លោកបានដឹកនាំក្រុមការងារចុះពិនិត្យវា.យតម្លៃផលប៉ះពាល់ដែលជំនន់ទឹកភ្លៀងបានលិចលង់ទៅលើផលដំណាំប្រជាពលរដ្ឋ មានឃុំ និងភូមិមួយចំនួនក្នុងនោះ មានឃុំចំនួន៥ គឺឃុំល្បាំង១ ឃុំកាឡែង ឃុំជ័យឧត្តម ឃុំសេដា និងឃុំបាតាង ។ ហើយការចុះពិនិត្យស្រង់ស្ថិតិចំនួន២ថ្ងៃ គឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ នេះផលប៉ះពាល់ដោយ
សារជំនន់ទឹកភ្លៀងមាន ៖
- ឃុំកាឡែង ប៉ះពាល់ចំនួន៣ភូមិ គឺភូមិសាយ៉ស់ ភូមិកាឡែងនិងភូមិកាណាងកេត ។
- ឃុំសេដា ប៉ះពាល់ចំនួន៧ភូមិ ភូមិសមុទ្រក្រោម ភូមិសមុទ្រលើ ភូមិកែងសាន់ ភូមិបំណងហៃ ភូមិប៉ាតត់ ភូមិពម និងភូមិថ្មី។
- ឃុំជ័យឧត្តម ប៉ះពាល់ភូមិចំនួន២ គឺភូមិថ្មីជ័យឧត្តម និងភូមិដីឡូតិ៍។
- ឃុំល្បង១ ប៉ះពាល់ចំនួន២ភូមិ រឿងភូមិកាំផ្លិញ និងភូមិអូរកាទឹង។
លោក អភិបាលស្រុក បានបញ្ជាក់ឲ្យដឹងទៀតថា ការរងផលប៉ះពាល់ទៅលើផលដំណាំផ្ទះប្រជាពលរដ្ឋខាងលើនេះ គឺមិនមានខូចខាតធ្ងន់ធ្ងរនោះទេ ព្រោះនេះជាជំនន់ទឹកភ្លៀង មានរយៈពេលខ្លី ។ ហើយចំពោះភ្លៀងជាប់ៗគ្នារយៈពេលប៉ុន្មានថ្ងៃនេះបានធ្វើឲ្យប៉ះពាល់ការរៀនសូត្រ ដល់សិស្សនៅសាលាបឋមសិក្សាភូមិថ្មី ស្ថិតក្នុងឃុំសេដា ដោយទឹកភ្លៀងបានជន់លិចនៅទីធ្លាសាលារៀន និងផ្លូវលំមួយចំនួនអាជ្ញាធរបានពិនិត្យ និងផ្អាកអោយសិស្សឈប់រៀនមួយថ្ងៃ គឺក្នុងថ្ងៃទី២២ ម្សិលមិញ ។ ដោយឡែក នៅថ្ងៃទី២៣នេះ សិស្សសាលាបានទៅរៀនជាធម្មតាឡើងវិញហើយ ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកអភិបាលស្រុកក៏បានអំពាវនាវទៅដល់អាជ្ញាធរនៅតាមមូលដ្ឋានកងកម្លាំងទាំងអស់ត្រូវត្រៀមលក្ខណៈសម្រាប់ការជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋដែលកើតឡើង នៅពេលយប់ព្រលប់ ឬការកើតឡើងជាយថាហេតុ ដោយគ្រោះធម្មជាតិនេះ ពិសេសសូមឱ្យបងប្អូនប្រជាពលរដ្ឋនៅតាមដងអូរដងទន្លេស្រែពក ត្រូវប្រុងប្រយ័ត្នខ្ពស់ ពេលយប់ព្រលប់ ។
លោកអភិបាលស្រុកបន្តថា នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ សម្រាប់ទឹកទន្លេស្រែពណ៌ គឺឡើងខ្ពស់ជាងថ្ងៃទី២២ គិតត្រឹមម៉ោង៨:០០នាទី ព្រឹកថ្ងៃទី២៣ កម្ពស់ទឹកនៅស្ថានីយ៍មុខវត្តមានកម្ពស់៨ម៉ែត្រ ២០ ខណៈកម្រិតប្រកាសកម្ពស់ទឹកប្រកាសអាសន្ន១២ម៉ែត្រ ៥០ ៕
ចែករំលែកព័តមាននេះ