រាជធានីភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ទោះបីប្រឈមនឹងការលំបាក ឬត្រូវប្រើពេលវេលាច្រើនយ៉ាងណាក៏ដោយក៏បេសកកម្មរុករកនេះ ត្រូវតែបន្តទៅមុខរហូតដល់យើងអាចរកឃើញអាកាសយានិករបស់យើងទាំងពីររូប ដែលធ្លាក់បាត់ឧទ្ធម្ភាគចក្រ ។
សម្តេចធិបតីនាយករដ្ឋមន្ត្រីបានសរសេរលើបណ្តាញសង្គមតេឡេក្រាម នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២៤ យ៉ាងដូច្នេះថា អស់រយៈពេល១២ថ្ងៃមកហើយ ដែលឧទ្ធម្ភាគចក្រមួយគ្រឿងរបស់កងទ័ពជើងអាកាសនៃកងយោធពលខេមរភូមិន្ទហោះហើរដោយអាកាសយានិកចំនួន២រូប បានបាត់ការទាក់ទងជាមួយទីបញ្ជាការទ័ពអាកាស ។
សម្តេចធិបតីបានបញ្ជាក់ថា ៖ «ចាប់ពីពេលនោះមកទល់ពេលនេះ គឺមិនមានមួយវិនាទីណា ដែលអាកាសយានិកទាំងពីររូបត្រូវបានបំភ្លេចនោះទ្បើយ ។ ការស្វែងរកឧទ្ធម្ភាគចក្រនោះបានចាប់ផ្តើមភ្លាមៗបន្ទាប់ពីបាត់ការទាក់ទង ដោយមានការចូលរួមពីសំណាក់កងយោធពលខេមរភូមិន្ទ និងអាជ្ញាធរដែនដីនៅហ្នឹងកន្លែង ហើយមកដល់ម៉ោងនេះកងកម្លាំងរុករករបស់យើងបានបន្តបេសកកម្មរបស់ខ្លួនទាំងយប់ទាំងថ្ងៃ មិនថា មេឃរាំង ឬភ្លៀង និងមិនថា ក្នុងព្រៃជ្រៅ ឬឆ្លងកាត់ជ្រោះជ្រលងទឹកហូរនោះទេក៏ការស្វែងរកអាកាសយានិកទាំងពីររូបនៅតែបន្តជានិច្ច» ។
ជាមួយគ្នានោះដែរ សម្តេចក៏បានធ្វើការកោតសរសើរចំពោះការយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, ឯកឧត្តម នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រីអនុប្រធានទី១ នៃគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, ឯកឧត្តម អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ, ឯកឧត្តម អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ, ឯកឧត្តម អភិបាលនៃគណ:អភិបាលខេត្តពោធិ៍សាត់, ថ្នាក់ដឹកនាំគ្រប់បណ្តាអង្គភាពពាក់ព័ន្ធ ក៏ដូចជា ការខិតខំប្រឹងប្រែងរបស់បងប្អូនក្រុមរុករកទាំងអស់ដែលបានចូលរួមក្នុងបេសកកម្មនេះដ៏សំខាន់មួយនេះ ។
សម្តេចក៏សូមអរគុណចំពោះប្រជាពលរដ្ឋខ្មែរគ្រប់ទិសទីដែលបានបង្ហាញនូវសមានចិត្តព្រួយបារម្ភ និងការលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមរុករក ដើម្បីស្វែងរកអាកាសយានិករបស់យើងក្នុងភូមិសាស្ត្រ និងអាកាសធាតុដ៏លំបាកនេះ ។ សម្តេចធិបតីគូសបញ្ជាក់ថា ៖«ទោះបីប្រឈមនឹងការលំបាក ឬត្រូវប្រើពេលវេលាច្រើនយ៉ាងណាក៏ដោយ ក៏បេសកកម្មរុករកនេះត្រូវតែបន្តទៅមុខរហូតដល់យើងអាចរកឃើញអាកាសយានិករបស់យើងទាំងពីររូប ។ ខ្ញុំសូមជូនពរដល់ក្រុមប្រតិបត្តិការរុករកទាំងអស់ សូមសមប្រកបតែនឹងសេចក្តីសុខសុវត្ថិភាពក្នុងការបំពេញបេសកកម្មដ៏សំខាន់មួយនេះ ហើយសង្ឃឹមយ៉ាងមុខមាំថា យើងនឹងអាចរកឃើញបងប្អូនអាកាសយានិកទាំងពីររូបក្នុងពេលឆាប់ៗនេះ» ៕
ចែករំលែកព័តមាននេះ