ក្រូអាត៖ មានហេតុការណ៍ឃាតកម្មដ៏រន្ធត់មួយកើតឡើងនៅប្រទេសកូអាតកាលពីយប់ថ្ងៃចន្ទបណ្ដាលឱ្យមនុស្សយ៉ាងតិច៦នាក់ស្លាប់។ ជនសង្ស័យបានផ្ដាច់ផ្ដិលជីវិតមនុស្សដោយឥតស្ដាយស្រណោះនៅមជ្ឈមណ្ឌលថែទាំមនុស្សចាស់ជរា។ សូម្បីតែម្ដាយរបស់ខ្លួនឯងបង្កើតក៏មិនទុកដែរ។ អាជ្ញាធរប្រាប់ថាមនុស្ស៦នាក់ទៀតក៏បានរងរបួសនៅក្នុងអំពើមនុស្សឃាតនេះផងដែរ។
ឥឡូវនេះ ជនរងគ្រោះ៤នាក់មិនទាន់ដឹងថាពួកគេអាចតស៊ូនឹងមុខរបួសបានដែរឬទេ។ ពួកគេកំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។ រដ្ឋមន្ត្រីក្រសួងការងារក្រូអាតប្រាប់ថានៅក្នុងចំណោមអ្នករបួសទាំងនោះ ម្នាក់ជាបុគ្គលិកបម្រើការនៅក្នុងមជ្ឈមណ្ឌលនោះផ្ទាល់តែម្ដង។ យោងតាមព័ត៌មានដែលទទួលបាន គេដឹងថាម្ដាយរបស់ជនសង្ស័យធ្លាប់រស់នៅមជ្ឈមណ្ឌលនេះអស់រយៈពេលដប់ឆ្នាំមកហើយ។ រហូតមកដល់ពេលនេះ សមត្ថកិច្ចមិនទាន់បង្ហាញមូលហេតុនៅពីក្រោយអំពើឃាតកម្មនេះទេ។
សារព័ត៌មាននៅប្រទេសក្រូអាតចុះផ្សាយថាបុរសជាជនសង្ស័យកាន់កាំភ្លើងនៅក្នុងដៃដើម្បីត្រៀមបាញ់ប្រហារមនុស្សតែម្ដង។ គាត់កើតនៅឆ្នាំ១៩៧៣ និងធ្លាប់ធ្វើជាទាហានជើងចាស់។ ក្រោយពេលបាញ់ប្រហាររួច គាត់ក៏ចាកចេញពីកន្លែងកើតហេតុ។ ប៉ុន្តែមិនយូរប៉ុន្មាន សមត្ថកិច្ចស្ទាក់ចាប់គាត់បាននៅក្នុងហាងកាហ្វេស្ថិតនៅមិនឆ្ងាយប៉ុន្មានទេពីមជ្ឈមណ្ឌលថែទាំមនុស្សចាស់។ ហាងកាហ្វេស្ថិតនៅក្បែរទីក្រុងដារូវ៉ា (Daruvar) ដែលមានប្រជាជនរស់នៅ៨៥០០នាក់។
សមត្ថកិច្ចប្រាប់ថាពួកគេទទួលការហៅទូរស័ព្ទស្នើសុំធ្វើអន្តរាគមន៍នៅម៉ោង១០:១០ព្រឹក។ ពួកគេប្រាប់ថាជនសង្ស័យបានដើរចូលទៅក្នុងបរិវេណមជ្ឈមណ្ឌលនោះ ហើយដកកាំភ្លើងបាញ់ទៅលើមនុស្សនៅទីនោះតែម្ដង។ ជនសង្ស័យកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់សមត្ថកិច្ច។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់ការិយាល័យនគរបាលប្រចាំតំបន់នោះ។
សមត្ថកិច្ចប្រាប់ថាជនសង្ស័យរូបនោះបានប្រើប្រាស់កាំភ្លើងដែលមិនបានចុះបញ្ជីឱ្យបានត្រឹមត្រូវទេ។ មានន័យថាជាកាំភ្លើងខុសច្បាប់។ នៅប្រទេសក្រូអាតមានអ្នកប្រើប្រាស់កាំភ្លើងយ៉ាងអនាធិបតេយ្យច្រើនណាស់ចាប់តាំងពីប្រទេសនេះផ្ដាច់ខ្លួនចេញពីប្រទេសយូហ្គោស្លាវីកាលពីអំឡុងទសវត្សទី៩០។ ការបាញ់សម្លាប់មនុស្ស៦នាក់លើកនេះជាព្រឹត្តិការណ៍ដ៏គួរឱ្យភ័យខ្លាចនៅទីក្រុងដែលធ្លាប់តែរស់នៅសុខសាន្តមិនដែលមានអំពើហិង្សាបែបនេះកើតឡើងទេ។ ចៅហ្វាយក្រុងដារូវ៉ា (Daruvar) ថ្លែងថាអ្នករស់នៅទីក្រុងនេះចាប់ផ្ដើមមានអារម្មណ៍ភ័យខ្លាចនឹងហេតុការណ៍នេះ៕
ចែករំលែកព័តមាននេះ