ទីក្រុងហាណូយ៖ នៅទីបំផុតខ្យល់ព្យុះឈ្មោះព្រះពិរុណចាប់ផ្ដើមបោកបក់ទៅដល់តំបន់មាត់សមុទ្រភាគខាងជើងប្រទេសវៀតណាមហើយ ហើយបានបង្កជាភ្លៀងធ្លាក់ខ្លាំង លាយឡំទៅដោយភ្លៀង ផ្គរ រន្ទះ និងរលកសមុទ្រខ្ពស់ៗ។ ក្រសួងឧតុនិយមព្យាករថាខ្យល់ព្យុះនឹងបន្តកើតមានរហូតដល់ថ្ងៃពុធសប្ដាហ៍នេះទើបស្ងប់ស្ងាត់ទៅវិញ។ ប៉ុន្តែភ្លៀងនៅតែបន្តធ្លាក់ឥតឈប់ឈរ។
អាជ្ញាធរចេញសេចក្ដីប្រកាសឱ្យអ្នករស់នៅតំបន់ភាគឦសាននៃវៀតណាមខាងជើងប្រុងប្រយ័ត្នខ្ពស់ព្រោះមានភ្លៀងធ្លាក់ខ្លាំង។ ជាទូទៅ នៅតំបន់ទាំងនោះអាចទទួលបានរបបទឹកភ្លៀងចន្លោះពី១០០-២០០មិល្លីម៉ែត្រ។ ចំណែកតំបន់ខ្លះទទួលបានរហូតដល់៣០០មិល្លីម៉ែត្រ។ រហូតដល់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះទើបភ្លៀងចាប់ផ្ដើមថយចុះ។ នៅព្រឹកថ្ងៃអាទិត្យ សម្ពាធទាបនៅប្រជុំកោះប៉ារ៉ាសែលចាប់ផ្ដើមប្រមូលផ្ដុំកម្លាំងគ្នាក្លាយជាខ្យល់ព្យុះនៅសមុទ្រចិនខាងត្បូង។ វាជាខ្យល់ព្យុះទី២នៅវៀតណាមសម្រាប់ឆ្នាំនេះ។
ខ្យល់ព្យុះព្រះពិរុណមានល្បឿនចាប់ពី៧៥-១០២គីឡូម៉ែត្រក្នុងមួយម៉ោង។ ដើម្បីដោះស្រាយបញ្ហានៅចំពោះមុខ, ឧបនាយករដ្ឋមន្ត្រីវៀតណាមបានចុះហត្ថលេខាលើបទបញ្ជាមួយដែលអំពាវនាវឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅតំបន់ដែលប្រឈមនឹងខ្យល់ព្យុះត្រូវចាត់វិធានការឆ្លើយតបតាមគ្រប់មធ្យោបាយឱ្យអស់ពីសមត្ថភាព។ ជាពិសេស ការទប់ទល់នឹងគ្រោះទឹកជំនន់។
រដ្ឋមន្ត្រីនៃក្រសួងពាក់ព័ន្ធ និងអាជ្ញាធរនៅតាមខេត្ត-ក្រុងត្រូវបន្តផ្សព្វផ្សាយ និងអនុវត្តបទបញ្ជានេះឱ្យមានប្រសិទ្ធភាពដើម្បីធានាការរស់នៅដោយសុខសាន្តរបស់ប្រជាជន និងកាត់បន្ថយទំហំនៃការខូចខាតជាអតិបរមាតាមដែលអាចធ្វើទៅបាន។ ក្រសួងបរិស្ថាន និងអភិរក្សធនធានធម្មជាតិមានភារកិច្ចឃ្លាំមើលសភាពការណ៍វិវត្តនៃខ្យល់ព្យុះ។
អាជ្ញាធរបានចេញបទបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធផ្អាកសកម្មភាពចេញទូក និងកប៉ាល់តូចគ្រប់ប្រភេទពីដីគោកទៅសមុទ្រ។ លើកលែងតែនាវាខ្នាតធំអាចចាកចេញពីកោះនានាដែលស្ថិតនៅកណ្ដាលសមុទ្រដើម្បីវិលត្រឡប់មកចូលចតនៅតាមមាត់កំពង់វិញ។ អាជ្ញាធរនៅតាមខេត្តត្រូវតែតាមដានសកម្មភាពរបស់អ្នកទេសចរនៅតាមតំបន់មាត់សមុទ្រ និងជូនដំណឹងទៅមន្ទីរទេសចរណ៍ឱ្យបានដឹងអំពីខ្យល់ព្យុះ៕
ចែករំលែកព័តមាននេះ