ទីក្រុងវ៉ាស៊ីនតោន៖ លោកស្រីហារីស ដែលបច្ចុប្បន្នជាអនុប្រធានាធិបតីអាមេរិក បានថ្លែងថាលោកស្រីមានគម្រោងដាក់ពាក្យស្នើសុំឈរឈ្មោះជាបេក្ខជនប្រធានាធិបតីនៅអាណត្តិថ្មី។ ការថ្លែងដូច្នេះបន្ទាប់ពីលោកបៃដិនប្រកាសដកខ្លួនជាផ្លូវការ និងប្រកាសគាំទ្រលោកស្រីហារីស។ លោកស្រីសន្យាថានឹងខិតខំឱ្យអស់ពីកម្លាំងកាយចិត្តដើម្បីដណ្ដើមជ័យជម្នះឱ្យបាន។
ព្រឹត្តិការណ៍ទាំង២នេះ (ដែលលោកបៃដិនគាំទ្រលោកស្រីហារីស ហើយលោកស្រីសន្យាបង្រួបបង្រួមគណបក្សឡើងវិញក្រោយការបែងចែកមតិគ្នានោះ) កើតឡើងកាលពីយប់មិញបន្ទាប់ពីលោកបៃដិនសម្រេចចិត្តដកខ្លួនថយជាស្ថាពរ។ មន្ត្រីធំៗរបស់គណបក្សប្រជាធិបតេយ្យបានជំរុញឱ្យលោកបៃដិនដកខ្លួនជាច្រើនសប្ដាហ៍មកហើយចាប់តាំងពីក្រោយពេលលោកចូលរួមវេទិកាតទល់មតិគ្នាកាលពីចុងខែមិថុនា។
លោកបៃដិនថ្លែងថា បងប្អូនអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យជាទីមេត្រី ខ្ញុំបានសម្រេចចិត្តថាមិនទទួលយកការតែងតាំងជាបេក្ខភាពប្រធានាធិបតីទៀតទេ ហើយសូមផ្ដោតសំខាន់ទៅលើការបំពេញការងារជាប្រធានាធិបតីចាប់ពីពេលនេះរហូតដល់ចប់អាណត្តិ។ លោកថ្លែងបន្តទៀតថាលោកសម្រេចចិត្តជ្រើសរើសលោកស្រីហារីសជាបេក្ខជនអនុប្រធានាធិបតីកាលពីពេលបោះឆ្នោតឆ្នាំ២០២០។ ថ្ងៃនេះ លោកគាំទ្រយ៉ាងពេញទំហឹងចំពោះលោកស្រីហារីសជាបេក្ខជនប្រធានាធិបតី។
ឥឡូវនេះ គេមិនទាន់ដឹងច្បាស់ថាតើលោកស្រីហារីសនឹងត្រូវបានគណបក្សជ្រើសរើសជាបេក្ខជនប្រធានាធិបតីនៅទីបញ្ចប់ដែរឬទេ។ ម៉្យាងទៀត គេមិនដឹងថាតើគណបក្សប្រជាធិបតេយ្យនឹងអនុវត្តនីតិវិធីបែបណានៅក្នុងការជ្រើសរើសអ្នកជំនួសលោកបៃដិន។ នេះជាតួនាទី និងភារកិច្ចរបស់មហាសន្និបាតថ្នាក់ជាតិរបស់គណបក្សប្រជាធិបតេយ្យជាអ្នកសម្រេច។
លោកស្រីហារីសកំពុងស្វះស្វែងរកការតែងតាំងពេញសិទ្ធិពីគណបក្ស។ ប៉ុន្តែមន្ត្រីគណបក្សប្រជាធិបតេយ្យមិនទាន់ឯកភាពគ្នាទាំងស្រុងទេ។ អ្នកខ្លះចង់ឱ្យបេក្ខជនដទៃទៀតដាក់ពាក្យឱ្យបានច្រើនដើម្បីងាយស្រួលគណបក្សជ្រើសរើសឱ្យបានទូលំទូលាយ។ លោកជេម ហារីសុនជាប្រធានគណៈកម្មការជាតិប្រជាធិបតេយ្យថ្លែងថានៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ គណបក្សនឹងរៀបចំជ្រើសរើសបេក្ខជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់អាចនឹងយកជ័យជម្នះលើលោកត្រាំ។
លោកថ្លែងថានីតិវិធីជ្រើសរើសនេះត្រូវធ្វើឡើងដោយតម្លាភាព និងដោយរបៀបរៀបរយ។ បើគិតតាមទ្រឹស្ដី លោកស្រីហារីសត្រូវក្លាយជាបេក្ខជនប្រធានាធិបតីដោយសារលោកស្រីជាអនុប្រធានាធិបតី។ ដូច្នេះ នៅពេលលោកបៃដិនដកខ្លួនថយ លោកស្រីត្រូវឡើងមកជំនួស។ គណៈកម្មការខាងលើនេះក៏បានសរសេរលិខិតជាលាយលក្ខណ៍អក្សរបញ្ជាក់ថាលោកស្រីហារីសជាបេក្ខជនម្នាក់នៅក្នុងចំណោមបេក្ខជនប្រធានាធិបតីដទៃទៀត។ ដូច្នេះ លោកស្រីមានសិទ្ធិឃោសនាបោះឆ្នោត។
ប៉ុន្តែថវិកាជាង៩៥លានដុល្លារសម្រាប់ប្រើប្រាស់ក្នុងការឃោសនាមិនទាន់អាចប្រើប្រាស់បានទេ។ លុះត្រាតែដឹងច្បាស់ថាលោកស្រីហារីសត្រូវគណបក្សប្រជាធិបតេយ្យសម្រេចតែងតាំងបេក្ខជនត្រូវប្រកួតជាមួយលោកត្រាំនៅវគ្គផ្ដាច់ព្រ័ត្រសិន។ លទ្ធផលស្ទង់មតិថ្មីៗនេះបង្ហាញថាលោកស្រីហារីសទទួលបានសំឡេងគាំទ្រច្រើនជាងលោកបៃដិន និងមនុស្សដទៃទៀតនៅក្នុងគណបក្សប្រជាធិបតេយ្យ។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រស៊ីអឹនអឹន៕
ចែករំលែកព័តមាននេះ