រាជធានីភ្នំពេញ ៖ បុរសម្នាក់បានផឹកស្រវឹងជោគ ហើយមិនព្រមសម្រាកសិនទេ បានជិះម៉ូតូម៉ាកហុងដាឌ្រីមស ១២៥មួយគ្រឿង ក្នុងល្បឿនលឿនជ្រុលទៅបុកពីក្រោយម៉ូតូម៉ាកស៊ុយហ្ស៊ុយគីលែត១គ្រឿងទៀតដួលគរលើគ្នា ។ បណ្ដាលឲ្យអ្នកជិះម៉ូតូលែតធ្លាក់ចូលទៅក្នុងប្រឡាយទឹកស្អុយរងរបួសសន្ល.ប់ឈឹង និងត្រូវបានអ្នកដំណើរជួយសែងចេញពីក្នុងទឹក រួចបញ្ជូនទៅកាន់មន្ទីរពេទ្យសង្គ្រោះបន្ទាន់ ។
បន្ទាប់មកនគរបាលបានចុះទៅធ្វើការវាស់វែង ដើម្បីលើកម៉ូតូចេញ ស្រាប់តែបុរសដែលស្រវឹងស្រារូបនោះ បានរករឿងចង្អុលមុខនគរបាល និងចោទថា នគរបាលចង់ធ្វើស៊ីខ្លួនទៀត ទើបត្រូវនគរបាលប៉ុស្តិ៍កន្ទោក រាយការណ៍ទៅកាន់នគរបាលផ្នែកអន្តរាគមន៍ខណ្ឌកំបូលឲ្យចុះទៅឃាត់ខ្លួនតែម្ដង ។
ករណីហេតុការនោះបានកើតឡើង កាលពីវេលាម៉ោង១រសៀល ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ទាំងបុរសដែលស្រវឹងស្រា និងបុរសដែលរងគ្រោះធ្លាក់ចូលក្នុងទឹកនោះ នៅពុំទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ។
អ្នកឃើញហេតុការណ៍ខាងលើបានប្រាប់ថា នៅមុនពេលកើតហេតុបុរសដែលស្រវឹងស្រាខាងលើបានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមស១២៥មួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1I-1458 ក្នុងទិសដៅពីលិចទៅកើត ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ក៏បានបុកពីក្រោយម៉ូតូ១គ្រឿងទៀត ម៉ាកស៊ុយហ្ស៊ុយគីលែតពណ៌ស ពាក់ស្លាកលេខភ្នំពេញ1DG-9866 ដែលកំពុងបើកបរស្របគ្នាពេញទំហឹង ។
ប្រភពដដែលបានឲ្យដឹងបន្តទៀតថា ខណៈនោះបានបណ្ដាលឲ្យអ្នកជិះម៉ូតូស៊ុយហ្ស៊ុយគីលែតនោះខ្ទាតធ្លាក់ចូលទៅក្នុងប្រឡាយទឹកស្អុយ រងរបួសសន្ល.ប់ស្ដូកស្ដឹង បន្ទាប់មកត្រូវបានអ្នកដំណើរនាំគ្នាជួយស្រង់ចេញពីទឹក រួចនាំយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ក្រោយពេលកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍កន្ទោក បានចុះទៅបាញ់ថ្នាំពណ៍ធ្វើការវាស់វែង ស្រាប់តែបុរសដែលស្រវឹងស្រារូបនោះ បានរករឿងចង្អុលមុខនគរបាល ព្រមទាំងចោទប្រកាន់នគរបាលថា ចង់ធ្វើស៊ីខ្លួនថែមទៀត ។ ដោយសារតែមិនអាចអនុវត្តន៍ការងារបាន ទើបនគរបាលប៉ុស្តិ៍កន្ទោក រាយការណ៍ទៅកាន់នគរបាលផ្នែកអន្តរាគមន៍ខណ្ឌកំបូល ឲ្យចុះទៅឃាត់ខ្លួនបញ្ចូលរថយន្តនាំយកទៅសួរនាំតែម្ដង ៕
ចែករំលែកព័តមាននេះ