ខេត្តរតនគិរី ៖ ប្រជាពលរដ្ឋ១៧នាក់ ត្រូវបានដឹកមកសង្គ្រោះបន្ទាន់ នៅមន្ទីរបង្អែកពេទ្យស្រុកបរកែវ បន្ទាប់ពីពួកគាត់ដកផ្សិតម្យ៉ាងមកធ្វើម្ហូបទទួលទាន នេះបើតាមការអោយដឹងពីលោកវេជ្ជៈបណ្ឌិត អេង គុណវុឌ្ឍ ប្រធានការិយាល័យជំងឺឆ្លង និងចាក់ថ្នាំបង្ការនៃមន្ទីរសុខាភិបាលខេត្តរតនគិរី បានអោយដឹង នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤នេះ ។ នេះបើតាមមន្ទីរព័ត៌មានខេត្តរតនគិរី បានបង្ហោះ ។
លោកវេជ្ជៈបណ្ឌិត អេង គុណវុឌ្ឍ បានបញ្ជាក់ថា ប្រជាពលរដ្ឋ នៅភមិប៉ក់ប៉ូ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ដាវ ខេត្តរតនគិរីចំនួន១៧នាក់ ត្រូវបានដឹកមកសង្គ្រោះបន្ទាន់នៅ មន្ទីរបង្អែកពេទ្យស្រុកបរកែវ បន្ទាប់ពីពួកគាត់ដកផ្សិតម្យ៉ាងមកធ្វើម្ហូបទទួលទាន។
លោក វេជ្ជៈ បណ្ឌិតបានបន្តថា ក្នុងចំណោម អ្នកជំងឺសរុប ១៧ នាក់ មានស្រី៤ នាក់ ក្មេង១នាក់ បានចូលមកមន្ទីរពេទ្យជាបន្តបន្ទាប់ចាប់ពីម៉ោង០១ ទាបភ្លឺ ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២៤ ដោយអក្ការ: រាគ ក្អួត ចុកពោះខ្លាំង។ ហើយក្នុងចំណោមអ្នកទាំង ១៧នេះ មាន ក្មេងម្នាក់ដែលសន្លឹម និងរាគក្អួតខ្លាំង ខាងមន្ទីរពេទ្យបង្អែក បរកែវបានបញ្ជូនបន្តព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ។ ចំណែកអ្នកទាំង១៦ ដែលនៅសល់ ក្រោយបានទទួលការព្យាបាល ពួកគាត់មានអក្ការ: ធូស្រាលហើយ កំពុងពិនិត្យព្យាបាលបន្ត នៅមន្ទីរពេទ្យបង្អែកបរកែវ ។
ខណៈពិនិត្យឃើញស្ថានការណ៍ដូច្នេះ ឯកឧត្តម ញ៉ែម សំអឿនអភិបាលខេត្តរតនគិរី បានធ្វើការអំពាវនាវ ដល់
ប្រជាពលរដ្ឋនៅក្នុងខេត្តរតនគិរី សូមមេត្តា ប្រុងប្រយ័ត្នកុំបរិភោគផ្សិត ដែលស្គាល់មិនច្បាស់ពីព្រោះអាចបណ្តាលអោយពុល ជាពិសេសផ្សិតដូចក្នុងរូបភាពបង្ហាញជូននេះ ៕
ចែករំលែកព័តមាននេះ