ត្រីនាគ គឺជាត្រីកម្រមួយ ហើយប្រភពបានបញ្ជាក់ថា នៅកម្ពុជាមានត្រីនាគមេពូជប្រមាណជាង៥០ក្បាលតែប៉ុណ្ណោះ នៅតាមតំបន់ស្ទឹងអារ៉ែង ។
នៅក្នុងស្ថានភាពបែបនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាង នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ថា លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងនេះ កាលពីពេលថ្មីៗនេះ បានធ្វើដំណើរទៅកាន់តំបន់នោះ ដើម្បីពិនិត្យមើលអំពីលទ្ធភាពបង្កកំណើត និងបង្កាត់ពូជរបស់ត្រីនាគ និងសត្វកម្រផ្សេងៗទៀត ។
គួរបញ្ជាក់ជូនថា ត្រីនាគត្រូវបានចាត់ចូលជាប្រភេទត្រីជិតផុតពូជ នៅក្នុងប្រទេសកម្ពុជា ខណៈពិភពលោកចាត់ទុកត្រីប្រភេទនេះ ចូលទៅក្នុងឧបសម្ព័ន្ធ១ នៃអនុសញ្ញាសាយតេស (CITES) ។
ជាការកត់សម្គាល់ នៅក្នុងដំណើរបេសកកម្មនេះដែរ លោក រដ្ឋមន្ត្រី បានជួបសំណេះសំណាលជាមួយសមាជិកសហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង និងបានណែនាំដល់សហគមន៍ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាធនធានធម្មជាតិ និងធនធានជលផល។
ទន្ទឹមនឹងនេះ លោក រដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងនឹងសហការជាមួយដៃគូនានា ក្នុងការចូលរួមការពារថែរក្សាធនធានព្រៃឈើ សត្វព្រៃ និងជលផល ឱ្យកាន់តែមានប្រសិទ្ធភាព និងមាននិរន្តរភាព។
ជាទូទៅតាមឯកសារបានបញ្ជាក់ថា ត្រីនាគនៅក្នុងតំបន់នោះ អាចមានឈ្មោះម្យ៉ាងទៀតថា ត្រីតាពត ដែលមានឈ្មោះវិទ្យាសាស្ត្រថា Scleropages Formosus និងឈ្មោះជាភាសាអង់គ្លេស Asian bonytongue ។
ត្រីប្រភពេទ មានប្រវែងដងខ្លួនសរុបតូចជាង៦០សង់ទីម៉ែត្រ មានរង្វះមាត់ធំ និងងើយឡើងលើ ដែលបង្កលក្ខណៈងាយស្រួលក្នុងការចាប់ចំណីនៅស្រទាប់លើ ។ ត្រីប្រភេទនេះ មានរស់នៅក្នុងអន្លង់ជ្រៅៗ ក្នុងស្ទឹងដែលមានទឹកហូរចេញពីតំបន់ភ្នំ មានផ្ទាំងថ្មធំៗ ហើយរងគ្រោះមិនមែនដោយសារតែជាចំណីរបស់ មនុស្សនោះទេ គឺដោយសារតែជាត្រីដែលគេចិញ្ចឹម ។ គេដឹងថា ត្រីនេះ ជាប្រភេទត្រីដែលគេជឿលើលាភសំណាង ហើយវាអាចមានតម្លៃដល់ខ្ទង់រាប់ពាន់ ដុល្លារ នៅក្នុងមួយក្បាលអាស្រ័យទៅតាមទំហំនិងលក្ខខណ្ឌខាងជំនឿមួយចំនួន ៕
ចែករំលែកព័តមាននេះ