ឯកអគ្គរដ្ឋទូតចិន ៖ ៦៦ឆ្នាំមកនេះ កម្ពុជា-ចិន តែងតែគាំទ្រគ្នាទៅវិញទៅមកគ្រប់កាលៈទេសៈ
រាជធានីភ្នំពេញ ៖ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា ក្នុងរយៈពេល៦៦ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជា…
រាជធានីភ្នំពេញ ៖ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា ក្នុងរយៈពេល៦៦ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជា…
រាជធានីភ្នំពេញ ៖ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា ក្នុងរយៈពេល៦៦ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជា និងចិន តែងតែជួយគាំទ្រគ្នាគ្រប់កាលៈទេសៈ ហើយគោរពស្រលាញ់គ្នាទៅវិញទៅមក រួមសុខរួមទុក្ខជាមួយគ្នា បង្កើតបានជាគំរូមួយ នៃទំនាក់ទំនងអន្តរជាតិ ។
ថ្លែងក្នុងពិធីអបអរសាទរខួប លើកទី៦៦ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងចិន នៅល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ នេះនៅសណ្ឋាគារសុខាភ្នំពេញរ៉េស៊ីដង់ ឯកឧត្តម Wang Wenbin បានលើកឡើងថា ទំនាក់ទំនងដ៏ល្អ រវាងកម្ពុជា និងចិន បាននាំមកនូវផលប្រយោជន៍ជាច្រើន សម្រាប់ប្រជាជន នៃប្រទេសយើងទាំងពីរ ។
ឯកឧត្តមបញ្ជាក់ថា ៖ «ប្រទេសកម្ពុជា ជាមិត្តល្អ មិត្តភក្តិពិតប្រាកដរបស់ចិន ហើយចិន នឹងបន្តជួយកម្ពុជាបន្ថែមទៀត ដើម្បីជំរុញឱ្យទំនាក់ទំនងប្រទេសយើងទាំងពីរ កាន់តែរឹងមាំមួយកម្រិតថែមទៀត» ។
ចំណែកឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍ថា ក្នុងរយៈពេល៦៦ឆ្នាំកន្លងមកនេះ ទំនាក់ទំនងការទូត នៃប្រទេសកម្ពុជា-ចិន មានការរីកចម្រើន និងទទួលបានផ្លែផ្កាជាបន្តបន្ទាប់។ ចិនជាដៃគូវិនិយោគអន្តរជាតិធំជាងគេនៅកម្ពុជា។ ចិនបានជួយកម្ពុជា លើវិស័យពាណិជ្ជកម្ម វប្បធម៌ ដឹកជញ្ជូន អប់រំជាដើម ។
ឯកឧត្តមបញ្ជាក់ថា ៖ «ក្នុងនាមមិត្តដែកថែប កម្ពុជាបន្តប្រកាន់ភ្ជាប់ នូវគោលនយោបាយចិនតែមួយ ព្រមទាំងគាំទ្រគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងគំនិតផ្តួចផ្តើមនានារបស់ចិន ដែលផ្តល់ផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរ និងសកលលោក» ។
ជាមួយគ្នានោះដែរ ឯកឧត្តម សុខ ឥសាន សមាជិកអចិន្ត្រៃយ៍ព្រឹទ្ធសភា និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលបានអញ្ជើញចូលរួមក្នុងពិធីនេះដែរ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកម្ពុជា ក្នុងរយៈពេល៦៦ឆ្នាំមកនេះ ។
ឯកឧត្តមបញ្ជាក់ថា ៖ «ទំនាក់ទំនងការទូតរវាងកម្ពុជា និងចិន៦៦ឆ្នាំមកនេះ ត្រូវបានពង្រឹងពង្រីកឥតឈប់ឈរដោយថ្នាក់ដឹកនាំ នៃប្រទេសយើងទាំងពីរ បានឈានដល់ចំណុចយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមិត្តដែកថែប រហូតក្លាយជាមិត្តមិត្តត្បូងពេជ្រថែមទៀត។ ទំនាក់ទំនងកម្ពុជា-ចិន មិនអាចមានអ្នកណាមកបំបែកបានឡើយ។ ក្រោមការជួយគាំទ្រពីមិត្តចិន ធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនដោយរក្សាបានកំណើនខ្ពស់ក្នុងរយៈពេលចុងក្រោយនេះ ទោះបីជាយើងឆ្លងកាត់វិបត្តិកូវីដ-១៩ និងវិបត្តិសកលលោក ក៏ដោយ» ។
ក្នុងឱកាសនោះដែរ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បង្ហាញការជឿជាក់ថា តាមរយៈទំនាក់ទំនងដ៏ល្អនេះ ថ្នាក់ដឹកនាំចិន ជាពិសេសឯកអគ្គរដ្ឋទូតចិនថ្មី នឹងជំរុញឱ្យភ្ញៀវទេសចរចិន មកលេងកម្ពុជា កាន់តែច្រើន ។
លោកស្រី បន្ថែមថា ៖ «កម្ពុជា-ចិន នឹងកាន់តែមានភាពស្និតស្នាលថែមទៀត ហើយខ្ញុំជឿជាក់ថា ភ្ញៀវទេសចរចិន និងមកកម្ពុជាច្រើនឡើងវិញ ដូចមុនជួបវិបត្តិកូវីដ-១៩ សូមជូនពរឱ្យទំនាក់ទំនងប្រទេសយើងកាន់តែរឹងមាំ» ។
គួររម្លឹកថា កាលពីល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ស្ថានទូតចិន ប្រចាំនៅកម្ពុជា បានរៀបចំ ពិធី ជប់លៀង ដើម្បីអបអរសាទរខួបលើកទី៦៦ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងកម្ពុជា និងពិធីទទួលស្វាគមន៍ការមកដល់របស់ឯកអគ្គរដ្ឋទូត Wang Wenbin អគ្គរដ្ឋទូតចិនថ្មី ប្រចាំនៅប្រទេសកម្ពុជា ។
សូមជម្រាបថា ពិធីនេះរៀបចំឡើងនៅសណ្ឋាគារសុខាភ្នំពេញរ៉េស៊ីដង់ ដោយមានការអញ្ជើញចូលរួមពីសំណាក់សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចពិជ័យសេនា ទៀ បាញ់ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ,ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំស្ថាប័ននីតិបញ្ញត្តិ សមាជិករាជរដ្ឋាភិបាល ថ្នាក់ដឹកនាំបណ្តាក្រសួងស្ថាប័ននានា តំណាងសង្គមស៊ីវិល និងភ្ញៀវជាតិ និងអន្តរជាតិជាច្រើននាក់ផងដែរ ។
កម្ពុជា-ចិន បានភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ ដោយព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុព្រះបរមរតនកោដ្ឋ ជាមួយនឹងថ្នាក់ដឹកនាំរបស់ប្រទេសចិនជំនាន់នោះ។ ហើយបន្តពូនជ្រំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបន្តវេនមកដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាមួយថ្នាក់ដឹកនាំចិនជំនាន់ក្រោយនេះ ដែលមានឯកឧត្តម ស៊ី ជីនភីង ជាប្រធានាធិបតីចិន ៕
ចែករំលែកព័តមាននេះ