ទីក្រុងវ៉ាស៊ីនតោន៖ លោកបៃដិនកំពុងធ្វើចត្តាឡីស័កនៅក្នុងផ្ទះរបស់លោកឯទីក្រុងដឺឡាវែ (Delaware) បានប្រកែកកយ៉ាងដាច់អហង្ការថាទោះជាយ៉ាងណាក្ដី លោកទាន់ចង់ដកខ្លួនចេញពីបេក្ខភាពប្រធានាធិបតីនៅពេលនេះទេ។ ការថ្លែងដូច្នេះ នៅពេលមន្ត្រីធំៗរបស់គណបក្សប្រជាធិបតេយ្យកាន់តែច្រើនឡើងៗស្នើសុំឱ្យលោកដកខ្លួនថយដើម្បីផលប្រយោជន៍បក្ស។
ពួកគេសំណូមពរបែបនេះដោយយោងទៅលើការស្ទង់មតិចុងក្រោយដែលបង្ហាញថាគណបក្សនឹងចាញ់ឆ្នោតនៅអាណត្តិថ្មីបើលោកបៃដិនបន្តឈរឈ្មោះ។ មិនត្រឹមតែចាញ់ឆ្នោតប្រធានាធិបតីទេ សូម្បីតែតំណែងប្រធានរដ្ឋសភា ឬព្រឹទ្ធសភាក៏មិនបានផង។ ផ្ទុយទៅវិញ លោកបៃដិននៅតែមានជំនឿយ៉ាងមុតមាំថាលោកនឹងទទួលជ័យជម្នះនៅទីបញ្ចប់។
សមាជិករដ្ឋសភា និងព្រឹទ្ធសភាច្រើនជាង១០%បានប្រកាសជាចំហថាលោកគួរដកខ្លួនថយបន្ទាប់ពីលោកធ្វើមិនបានល្អនៅពេលឡើងវេទិកាតទល់មតិគ្នាជាមួយលោកត្រាំកាលពីចុងខែមិថុនា។ វេទិកានោះឆ្លុះបញ្ចាំងឱ្យឃើញថាលោកបៃដិនមានបញ្ហាសុខភាពធ្ងន់ធ្ងរទាំងកាយសម្បទា និងសតិបញ្ញា។ លោកនិយាយភ្លេចភ្លាំងច្រើន។ ចំណែកជើងរបស់គាត់រាងញ័រៗ។
កាលពីយប់មិញ លោកបៃដិនប្រកាន់គោលជំហរដដែល។ លោកថាលោកនឹងចុះឃោសនាបោះឆ្នោតឆាប់ៗនេះ។ អ្នកតំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាធិបតេយ្យ៣២រូបស្នើសុំឱ្យលោកបៃដិនបិទបញ្ចប់ការឃោសនាត្រឹមនេះចុះ។ បក្សប្រជាធិបតេយ្យបារម្ភថាបក្សសាធារណរដ្ឋអាចនឹងដណ្ដើមបានតំណែងប្រធានាធិបតី តំណែងប្រធានរដ្ឋសភា និងតំណែងប្រធានព្រឹទ្ធសភាមកគ្រប់គ្រងតែម្នាក់ឯង។
លោកស្រីណាន់ស៊ី ផេឡូស៊ី ជាមនុស្សដ៏មានឥទ្ធិពលនៅក្នុងគណបក្សប្រជាធិបតេយ្យ។ ថ្វីដ្បិតលោកស្រីមិនទាន់អំពាវនាវជាចំហឱ្យលោកបៃដិនដកខ្លួនថយ ប៉ុន្តែលោកស្រីបាននិយាយទូរស័ព្ទជាលក្ខណៈឯកជនថាលោកបៃដិនមិនអាចឈ្នះឆ្នោតទេបើយោងទៅតាមលទ្ធផលស្ទង់មតិ។ បើមើលពីសម្បកក្រៅ លោកបៃដិននៅតែមិនទាន់អស់ចិត្តអំពីរឿងនេះទាល់តែសោះ។ ប៉ុន្តែប្រភពដែលដឹងរឿងលោកច្បាស់បានទម្លាយឱ្យដឹងថាលោកក៏កំពុងពិចារណាថានឹងដកខ្លួនថយផងដែរ។
មន្ត្រីបក្សប្រជាធិបតេយ្យជឿជាក់ថាលោកបៃដិនគង់តែដកខ្លួនថយនៅទីបំផុត គ្រាន់តែយូរ ឬឆាប់តែប៉ុណ្ណោះ។ ប៉ុន្តែបើគាត់សំកុកយូរពេកនឹងធ្វើឱ្យខាតផលប្រយោជន៍របស់គណបក្សខ្លួនឯងទៅវិញទេ។ នៅសល់តែបីខែកន្លះទៀតប៉ុណ្ណោះ ថ្ងៃបោះឆ្នោតនឹងចូលមកដល់។ លោកស្រីជែន អូម៉ាលី ឌីឡុន (Jen O’Malley Dillon) ជាប្រធានក្រុមឃោសនារបស់លោកបៃដិនទទួលស្គាល់ថាលោកបៃដិនប្រឈមនឹងបញ្ហាច្រើនណាស់នៅក្នុងការស្រវាយកតំណែងប្រធានាធិបតីនៅអាណត្តិថ្មីនោះ។
ប៉ុន្តែកម្រិតគាំទ្រចំពោះរូបលោកមិនទាន់ថយចុះខ្លាំងពេកទេ។ លោកស្រីទទួលស្គាល់ថាលោកបៃដិនមានអាយុច្រើនក៏ពិតមែន។ ប៉ុន្តែមិនទាន់ចាស់ទ្រុឌទ្រោមខ្លាំងដល់ថ្នាក់ធ្វើការលែងកើតនោះទេ។ ម៉្យាងទៀត លោកស្រីយល់ថាគួរតែឱ្យគាត់ឈរឈ្មោះទៅក្រែងលោគាត់ឈ្នះឆ្នោត។ ថ្វីដ្បិតលទ្ធផលស្ទង់មតិរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័របង្ហាញថាលោកត្រាំ និងលោកបៃដិនទទួលបានសំឡេងគាំទ្រមិនលើសលស់គ្នាប៉ុន្មានទេ។ ប៉ុន្តែក្រុមអ្នករៀបចំយុទ្ធសាស្ត្រឃោសនារបស់គណបក្សទាំង២សុទ្ធតែនិយាយដូចៗគ្នាថាលោកបៃដឹនកាន់តែបាត់បង់ឱកាសក្នុងការដណ្ដើមសន្លឹកឆ្នោតនៅក្នុងរដ្ឋធំៗភាគច្រើន។
ឧបមាថាទៅថ្ងៃមុខ លោកបៃដិនសម្រេចចិត្តដកខ្លួនថយ, អ្នកដែលស័ក្ដិសមនឹងឈរឈ្មោះជំនួសមានតែលោកស្រីហារីសដែលជាអនុប្រធានាធិបតីអាមេរិកសព្វថ្ងៃ។ លទ្ធផលស្ទង់មតិរបស់រ៉យទ័របង្ហាញថាបើលោកស្រីហារីសឈរឈ្មោះគ្រាន់បើជាងលោកបៃដិន ហើយអាចនឹងស៊ីសងគ្នាជាមួយលោកត្រាំបាន។ នៅល្ងាចនេះតបតាមសំណើរបស់ទីប្រឹក្សាលោកបៃដិន លោកស្រីហារីសត្រៀមឡើងថ្លែងសុន្ទរកថាទៅកាន់ម្ចាស់ឥណទានដែលប្រមូលថវិកាចូលក្នុងមូលនិធិឃោសនារបស់គណបក្សប្រជាធិបតេយ្យ៕
ចែករំលែកព័តមាននេះ