រាជធានីភ្នំពេញ ៖ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យបានប្រាប់ថា មានប្រជាពលរដ្ឋ១គ្រួសារកំពុងតែសាងសង់ផ្ទះរំលោភលើចំណីផ្លូវជាតិលេខ៣ ហើយខណៈអាជ្ញាធរចុះទៅហាមឃាត់និងឲ្យរុះរើចេញ ស្រាប់តែចេញមកស្រែកឡូឡាជេរ និងបញ្ចេញកាយវិការច្រង៉េងច្រង៉ាងដាក់អាជ្ញាធរយ៉ាងខ្លាំង តែអាជ្ញាធរមិនបានតបតវិញឡើយ ។ មិនតែប៉ុណ្ណោះបានគំរាមថា បើអាជ្ញាធរហ៊ានតែរុះរើ គាត់នឹងយកដុំថ្មគប់ជាងដែលធ្វើការរុះរើនោះហើយ ។
ហេតុការខាងលើនោះបានកើតឡើង កាលពីវេលារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងភូមិព្រៃព្រីងខាត្បូង២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
មន្ត្រីសាលាខណ្ឌពោធិ៍សែនជ័យ បានប្រាប់អ្នកកាសែតថា បុគ្គលដែលសាងសង់សំណង់រំលោភលើចំណីផ្លូវជាតិនោះឈ្មោះហ៊ុល ភា ដោយឡែកនៅវេលាព្រឹកថ្ងៃកើតហេតុខាងលើ មានប្រជាពលរដ្ឋច្រើននាក់បានប្ដឹងសុំឲ្យអាជ្ញាធរខណ្ឌជួយចាត់វិធានការហាមឃាត់ទាន់សំណង់នេះកំពុងសាងសង់មិនទាន់ហើយ ។
ក្រោយពីទទួលបានដំណឹងនេះហើយ នៅវេលារសៀលថ្ងៃដដែល លោកសក់ ច័ន្ទកាញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានចាត់ឲ្យលោកឈួន ឆាយ៉ារិទ្ធ នាយករដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំកម្លាំងចុះទៅធ្វើការហាមឃាត់និងរុះរើចេញវិញ ។
មន្ត្រីខាងលើបានប្រាប់ឲ្យដឹងបន្តទៀតថា ពេលទៅដល់កម្លាំងបានធ្វើការវាស់វែងឃើញថា សំណង់ផ្ទះខាងលើនោះសង់រំលោភលើចំណីផ្លូវប្រវែង៥,៥០ម៉ែត្រ ទើបកម្លាំងប្រាប់ឲ្យជាងផ្អាកការសាងសង់សិន និងសុំជួបម្ចាស់ផ្ទះដើម្បីណែនាំពីច្បសប់សាងសង់ និងឲ្យគាត់រុះរើចេញវិញ ។
ពេលនោះស្រាប់តែម្ចាស់ផ្ទះមានគ្នាច្រើនចេញមកស្រែកឡូឡាជេរអាជ្ញាធរ និងបញ្ចេញកាយវិការច្រង៉េងច្រង៉ាងរយៈពេល១ម៉ោង ចំណែកកម្លាំងបានត្រឹមតែឈរស្ដាប់ពួកគាត់ជេរ ដោយមិនបានតបតវិញនោះឡើយ ។
ប្រភពដដែលបានប្រាប់បន្ថែមទៀតថា បន្ទាប់មកកម្លាំងបានធ្វើការពន្យល់ពីច្បាប់សាងសង់ឲ្យគាត់យល់ និងបានឲ្យគាត់ធ្វើកិច្ចសន្យាដើម្បីបញ្ឈប់ការសាងសង់នោះ ព្រមទាំងរុះរើសំណង់នោះចេញវិញ ។ ព្រោះតែសង់រំលោភលើចំណីផ្លូវជាតិ ជាទង្វើខុសច្បាប់ ហើយបើអាជ្ញាធរបណ្ដែតបណ្ដោយឲ្យបុគ្គលនេះសាងសង់ដោយមិនអើពើនោះ សំណង់ថ្មីៗដូចគ្នានេះនិងកើឡើងជាបន្តបន្ទាប់ទៀតជាក់ជាមិនខាន ។
ខណៈនោះគាត់យល់ព្រមផ្ដិតមេដៃលើកកិច្ចសន្យាបញ្ឈប់ការសាងសង់ ប៉ុន្តែមិនយល់ព្រមផ្ដិតមេដៃលើកិច្ចសន្យារុះរើនោះឡើយ មិនតែប៉ុណ្ណោះបានគំរាមថា បើអាជ្ញាធរហ៊ានតែធ្វើការរុះរើផ្ទះគាត់នេះ គាត់និងយកដុំថ្មគប់ទៅលើជាងដែលមកធ្វើការរុះនោះហើយ ។
លោកសក់ កាញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យបានថ្លែងថា ពេលនេះវិធានការរបស់អាជ្ញាធរគឺត្រូវតែរក្សាចំណីផ្លូវជាតិនិងផ្លូវសាធារណៈនានាឲ្យបាន មិនឲ្យមានសំណង់កើតឡើងថ្មីបន្តទៀតនោះទេ ។ ចំណែកឯសំណង់ចាស់ដែលបានសាងសង់រួចក្នុងពេលកន្លងមក និងមានវិធានការនៅក្រោយ ខណៈនេះត្រូវរក្សាចាស់មិនឲ្យបង្កើតថ្មី ដែលនាំឲ្យមានភាពស្មុគស្មាញបន្ថែមទៀត
ឡើយ ៕
ចែករំលែកព័តមាននេះ