ខេត្តបាត់ដំបង ៖ ក្រោយពីម្ចាស់ចម្ការប្រទះឃើញគ្រាប់មីនចំនួន០៤គ្រាប់ ដែលផុសចេញពីក្នុងដីចម្ការពោត ហើយត្រូវមន្ត្រីមូលដ្ឋាន និងមន្ត្រីជំនាញស៊ីម៉ាក់ប្រើឧបករណ៍ចុះរាវរកមួយប្រាវរួចមក កាលពីរសៀលថ្ងៃទី១៨ កក្ដដា ពេលនេះ មន្ត្រីអង្គភាពកំចាត់មីន «ស៊ីម៉ាក់» បានកំណត់ទីតាំងនោះថា ជាតំបន់ដែលសង្ស័យនៅមានគ្រាប់មីន ហើយនឹងត្រូវរៀបគម្រោងចុះបោសសំអាតនាពេលខាងមុខនេះ ។ នេះបើតាមដំណឹងពីលោក ស្រេង សុខា អភិបាលស្រុកបាណន់ នៅព្រឹកថ្ងៃទី ១៩ កក្ដដា។
លោក ស្រេង សុខា អភិបាលស្រុកបាណន់ បានថ្លែងប្រាប់កោះសន្តិភាពថា នៅរសៀលថ្ងៃទី១៨
កក្កដា មន្ត្រីមូលដ្ឋានឃុំស្នឹង បានសហការជាមួយមន្ត្រីស៊ីម៉ាក់ចុះពិនិត្យទីតាំងចម្ការពោត ដែលគេប្រទះគ្រាប់មីន ហើយមន្ត្រីស៊ីម៉ាក់បានប្រើប្រាសឧបករណ៍រាវរកមួយប្រាវដែរ តែមិនទទូលបានលទ្ធផលជាថ្មីទេ។ ប៉ុន្តែមន្ត្រីអង្គភាពស៊ីម៉ាក់បានកំណត់យ៉ាងជាក់លាក់ថា ទីតាំងចម្ការពោត ឬ កន្លែងដទៃមួយចំនួនទៀតនៅក្បែរៗនោះថា ជា«តំបន់ត្រូវប្រុងប្រយ័ត្ន ព្រោះគេសង្ស័យអាចនៅមានគ្រាប់មីន»។
ពោលមន្ត្រីជំនាញបានកំណត់ថា តំបន់ចម្ការពោតនោះជា «ចម្ការមីន»។ លោកអភិបាលស្រុករូបនេះ បានបញ្ជាក់ថា ក្រោយពេលមន្ត្រីជំនាញ បានដាក់តំបន់ជា«ចម្ការមីន» និង ត្រូវមានការប្រុងប្រយ័ត្ន អង្គភាពកំចាត់មីនស៊ីម៉ាក នឹងរៀបចំគម្រោងចុះបោសសំអាតមីនតំបន់នោះ ជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ ដែលត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី ១៧ កក្កដា ម្ចាស់ចម្ការពោត ឈ្មោះ អឿន ម៉ៅ បានប្រទះឃើញគ្រាប់មីនប្រភេទ «72.A» ឬគេហៅថា «មីនសញ្ញាលេខបូក» ចំនួន០៤គ្រាប់ ដែលផុសចេញពីដីក្នុងចម្ការពោតរបស់គាត់ ក្រោយមានភ្លៀងធ្លាក់ជោគជាំនាប៉ុន្មានថ្ងៃជាប់ៗគ្នា។ ចម្ការពោតរបស់លោកម៉ៅ ដែលប្រទះឃើញគ្រាប់មីននោះ នៅក្បែរជើងភ្នំចាក់អង្កាម (ជិតច្រកចូលល្អាងទូរ) ស្ថិតក្នុងភូមិស្នឹងកើត ឃុំស្នឹង ស្រុកបាណន់។
បើតាមលោក អឿន ម៉ៅ ម្ចាស់ចម្ការបានប្រាប់ថា គាត់ធ្លាប់ប្រទះឃើញគ្រាប់មីនប្រភេទនេះជាបន្តបន្ទាប់នាប៉ុន្មានឆ្នាំចុងក្រោយនេះ បើសរុបទៅឃើញចំនួន១១គ្រាប់ហើយ។ កសិកររូបនេះបានបញ្ជាក់ថា ដីចម្ការរបស់គាត់ធ្លាប់យកជួលត្រាក់ទ័រ ឬ ប្រើប្រាសគោយន្ត ភ្ជួរដីរាល់ឆ្នាំ តែមិនធ្លាប់កិនគ្រាប់មីនទាំងនោះផ្ទុះម្ដងណាទេ ធ្លាប់តែដើរប្រទះឃើញអណ្ដែតឡើងនៅលើដីចម្ការ ក្រោយពេលភ្ជួររួប និង ក្រោយពេលមានភ្លៀងធ្លាក់ម្ដងៗ។
លោកបានបញ្ជាក់បន្ថែមថា ការប្រទះឃើញលើកចុងក្រោយនេះ គឺនៅពេលភ្ជួរ ឬពេលចុះដាំពោតអត់បានប្រទះឃើញទេ លុះពេលមានភ្លៀងធ្លាក់ ខណៈពោតដុះបានមួយចម្អាមពីដីទៅហើយ ស្រាប់តែកូនប្រុសគាត់ដើរកាត់ចម្ការក៏ប្រទះឃើញតែម្ដង។ ប៉ុន្តែយ៉ាងណា ពេលនេះ មន្ត្រីស៊ីម៉ាកបានចុះពិនិត្យដល់ទីតាំងរួចហើយ និង ត្រៀមរៀបគម្រោងចុះបោសសំអាតគ្រាប់មីននៅតំបន់នោះជាផ្លូវការទៀតផង។ នេះបើតាមការលើកឡើងរបស់លោកអភិបាលស្រុកបាណន់៕
ចែករំលែកព័តមាននេះ