រាជធានីភ្នំពេញ ៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអោយដឹងថា កាលពីវេលាម៉ោង១២និង១០នាទី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ខណៈពេលដែលកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក កំពុងធ្វើការល្បាតក្នុងភូមិសាស្ត្រខណ្ឌ មកដល់ក្បែរចំណុច ផ្ទះវីឡាមួយកន្លែង ដែលទុកចោល ស្ថិតនៅផ្លូវ៣៥១ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ស្រាប់តែឮសូរសំឡេងប្រជាពលរដ្ឋស្រែកឆោឡោ ថាចោរៗ ក៏បានឃើញជនសង្ស័យរត់ផ្លោះរបងពីផ្ទះមួយទៅផ្ទះមួយ ពេលនោះកម្លាំងល្បាតអាវុធហត្ថខណ្ឌទួលគោក បានដេញប្រផាប់ចាប់ប្រភីង រហូតឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ គង់ ពិសី ភេទប្រុស អាយុ៣១ឆ្នាំ យកមកធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់ ។
ជនសង្ស័យឈ្មោះ គង់ ពិសី បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចគាស់ផ្ទះវិឡាមួយកន្លែង ដែលគេទុកចោល នៅចំណុចខាងលើ តែម្នាក់ឯង ពិតប្រាកដមែន ដើម្បីលួចយកដែក និងខ្សែភ្លើង ស្រាប់តែមានប្រជាពលរដ្ឋបានឃើញ ក៏ស្រែកថាចោរៗ ធ្វើឲ្យខ្លួនមានការភិតភ័យក៏រត់លោតផ្លោះរបងទៅផ្ទះវីឡារបស់គេមួយទៀតនៅជិតនោះ ស្រាប់តែមានកម្លាំងសមត្ថកិច្ចអាវុធហត្ថដែលកំពុងល្បាតជិតនោះ ចុះមកដល់ធ្វើការចាប់រូបខ្លួនភ្លាមៗតែម្តង ។
ជនសង្ស័យបានបញ្ជាក់ថា កន្លងមក ខ្លួនធ្លាប់គាស់ផ្ទះរបស់អ្នកដទៃលួចយកទ្រព្យសម្បត្តិ និងសម្ភារៈផ្សេងៗ ជាច្រើនលើក និង ធ្លាប់ជាប់មណ្ឌលកែប្រែបន្សាបសារធាតុញៀនចំនួន០២លើក ផងដែរ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ