ទីក្រុងហាណូយ៖ ថ្ងៃនេះ គេទទួលដំណឹងថាអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម លោកង្វៀនហ្វ៊ូជុង បានទទួលអនិច្ចកម្មហើយនៅវេលាម៉ោង១:៣៨រសៀលថ្ងៃសុក្រនៅមន្ទីរពេទ្យយោធាមជ្ឈិមលេខ១០៨នៃទីក្រុងហាណូយដោយជរាពាធ និងរោគាពាធដែលគេមិនបានដឹងលម្អិតថាលោកមានជំងឺអ្វីនោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាមអ៊ិចប្រែស។
យោងតាមក្រុមប្រឹក្សាជំនាញខាងសុខាភិបាលដែលទទួលបន្ទុកខាងមើលថែទាំមន្ត្រីជាន់ខ្ពស់នៃគណៈមជ្ឈិមបក្ស, លោកង្វៀនហ្វ៊ូជុងស្លាប់ដោយសារជំងឺធ្ងន់ធ្ងរ។ ទោះបីលោកទទួលបានការថែទាំ និងព្យាបាលពីសំណាក់បក្សកុម្មុយនិស្ត ក៏ដូចជារដ្ឋ, ក្រុមគ្រូពេទ្យ, អ្នកជំនាញសុខាភិបាលពូកែៗ និងក្រុមគ្រួសាររបស់លោកយ៉ាងណាក្ដី។ គណៈមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រួមទាំងរដ្ឋសភា ប្រធានាធិបតី រដ្ឋាភិបាល និងគណៈមជ្ឈិមបក្សនឹងចេញសេចក្ដីជូនដំណឹងពិសេសមួយស្ដីពីកម្មវិធីបុណ្យសពរបស់លោក។
លោកង្វៀនហ្វ៊ូជុងស្លាប់នៅវ័យ៨០ឆ្នាំ។ លោកចាប់កំណើតនៅសង្កាត់ដូងហយ ខណ្ឌដូងអាញ់ ទីក្រុងហាណូយ។ លោកធ្លាប់ជាគ្រូបង្រៀនមហាវិទ្យាល័យកម្រិតសាស្ត្រាចារ្យ និងមានសញ្ញាប័ត្របណ្ឌិតវិទ្យាសាស្ត្រនយោបាយឯកទេសខាងកសាងបក្ស។ លោកក៏មានបរិញ្ញាបត្រអក្សរសាស្ត្រផងដែរ។ លោកចាប់អាជីពនយោបាយដំបូងនៅក្នុងទស្សនាវដ្ដីបក្សកុម្មុយនិស្ត។ លោកបានកសាងខ្លួនចាប់ពីបុគ្គលិកធម្មតារហូតដល់តំណែងនិពន្ធនាយករបស់ទស្សនាវដ្ដី។ លោកបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យង្វៀនអៃកុក ដែលក្រោយមកដូរទៅបណ្ឌិត្យសភានយោបាយជាតិហូជីមិញ។
លោករៀនភាសារុស្ស៊ី និងឡើងការពារនិក្ខេបបទថ្នាក់បណ្ឌិតដោយជោគជ័យនៅសហភាពសូវៀត។ ខែសីហា ឆ្នាំ១៩៩៦ លោកទទួលការតែងតាំងជាអនុលេខាបក្សប្រចាំទីក្រុងហាណូយ។ លោកក្លាយជាលេខាបក្សកុម្មុយនិស្តវៀតណាមទីក្រុងហាណូយចាប់ពីឆ្នាំ២០០០ដល់ឆ្នាំ២០០៦។ បន្ទាប់មកជាប្រធានរដ្ឋសភាចាប់ពីឆ្នាំ២០០៦ដល់ឆ្នាំ២០១១។ លោកឈោងចាប់យកតំណែងកំពូលជាអគ្គលេខាបក្សនៅឯមហាសន្និបាតបក្សលើកទី១១។ កាលនោះឆ្នាំ២០១១ លោកជាប់ឆ្នោតជាអគ្គលេខាបក្ស។ ឆ្នាំ២០១៦ លោកជាប់ឆ្នោត១អាណត្តិទៀត និងឆ្នាំ២០២១លោកជាប់ឆ្នោត១អាណត្តិទៀតជាលើកទីបិ និងបន្តកាន់តំណែងនេះរហូតដល់ថ្ងៃមរណៈ៕
ចែករំលែកព័តមាននេះ