នាយករដ្ឋមន្ត្រីលេងមួយក្បាច់ អាជ្ញាធរខេត្តសៀមរាប និងអ្នកពាក់ព័ន្ធសឹងដាច់ផ្ងារ ប៉ុន្តែសំណាងដោយសារតែរបាយការណ៍ និងព័ត៌មានពិតប្រាកដ ដែលបានទទួលមកបង្ហាញថា មានភាពប្រហាក់ប្រហែលគ្នា ។
នៅមុនពេលអញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានក្លែងកាយ ពាក់ម៉ាស់ និងស្លៀកពាក់ធម្មតា ជាប្រជាពលរដ្ឋសាមញ្ញ ហើយបានចុះទៅត្រួតពិនិត្យស្ថានភាពនៅ ផាប់ ស្ទ្រីត ដែលជាកន្លែងរាត្រីចម្រុះពណ៌ សម្រាប់អ្នកទេសចរណ៍ នៅខេត្តសៀមរាប ដើម្បីក្តាប់សភាពការណ៍ពិតប្រាកដអំពីស្ថានភាពនៃវិស័យទេសចរណ៍នៅក្នុងខេត្ត ។
នៅក្នុងពិធីនោះលោកបានបង្ហើបថា ក្រោយពីចុះស្តាប់សភាពការណ៍ គឺឃើញថា ព័ត៌មានដែលបានទទួលពីប្រជាពលរដ្ឋដោយផ្ទាល់ និងរបាយការណ៍ពីខេត្តសៀមរាប ពីក្រសួងទេសចរណ៍ គឺឃើញថា មានស្ថានភាពប្រហាក់ប្រហែលគ្នា ហើយក៏មិនបានព្រមានមន្ត្រីក្រោមឱវាទណាម្នាក់ឡើយ ប៉ុន្តែបានបង្ហើបថា ទៅថ្ងៃមុខសម្តេចអាចនឹងប្រែកាយបែបនេះបន្ថែមទៀត ។
នៅក្នុងឱកាសនោះ សម្តេចក៏បានបង្ហើបអំពីបែបបទនៃការធ្វើការមួយចំនួនដែលបានកំពុងធ្វើ និងបន្តធ្វើបន្ថែមទៀត ។ សម្តេចបានសង្កត់ធ្ងន់ថា មុននឹងសម្រេចិត្តចាត់វិធានការណ៍ ឬដោះស្រាយករណីណាមួយ គឺសម្តេចផ្អែកនៅលើមូលដ្ឋានរបាយការណ៍ បន្ទាប់មកសម្តេចនឹងបញ្ជូនក្រុមមន្ត្រីជំនាញនៅក្នុងក្រុមការងារផ្ទាល់ចុះអង្កេតបន្ថែម ហើយផ្ទៀងផ្ទាត់ ។
បន្ថែមពីនេះ សម្តេចក៏អាចនឹងប្រែកាយចុះមកពិនិត្យស្ថានភាពពិត ដូចដែលសម្តេចបានធ្វើកាលពីរាត្រីថ្ងៃទី១៧ នៅផាប់ស្ទ្រីតនេះដែរ ។ សម្តេចធិបតីបានបន្ថែមថា នៅឆ្នាំទីមួយនៃអាណត្តិនេះ សម្តេចអាចនឹងពាក់ក្រវាត់ក និងស្លៀកសម្លៀកបំពាក់ផ្លូវការច្រើនជាងធម្មតា ប៉ុន្តែចាប់ពីឆ្នាំទី២ ទៅសូមត្រៀម ជាពិសេសមន្ត្រី និងរដ្ឋមន្ត្រី ដែលកំពុងតែអនុវត្តគម្រោងកម្មវិធីអាទិភាពនានាដែលរាជដ្ឋាភិបាលបានដាក់ចេញ ។
សម្តេចធិបតីបានបញ្ជាក់ថា « ខ្ញុំបានចុះហត្ថលេខាទម្លាក់ថវិកាច្រើនណាស់ ដើម្បីអនុវត្តគម្រោងអាទិភាពនានា ដូច្នេះខ្ញុំមានសិទ្ធិនឹងចុះស្វែងរកការពិត និងចង់ដឹងថា តើគម្រោងដែលដាក់ចេញវាមានប្រសិទ្ធភាពយ៉ាងណា» ។ សម្តេចធិបតីបានបង្ហើបទៀតថា គម្រោងអាទិភាពនានាមានដូចជាអប់រំ និងសុខាភិបាល ហើយសម្តេចអាចនឹងចុះទៅមើលទារកដ្ឋានឫក៏មណ្ឌលសុខភាព ហើយអត់អោយនរណាដឹងទេ ខណៈដែលរដ្ឋមន្ត្រីសាម៉ីក្រសួង អាចដឹងមុន១០នាទី ហើយហៅឡើងឡានទៅមើលជាមួយគ្នា ។
ផ្អែកតាមប្រសាសន៍បែបនេះ មន្ត្រីដែលទទួលបន្ទុកអនុវត្តរាល់គម្រោងអាទិភាពនានា ដែលមាននៅក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលបានដាក់ចេញ សូមត្រៀមទុកអោយហើយ ខណៈដែលពលរដ្ឋក៏ត្រូវតែត្រៀមចាំមើលចំណាត់ការរបស់រាជរដ្ឋាភិបាល នៅក្នុងករណីរកឃើញភាពមិនប្រក្រតីណាមួយកើតឡើង ប៉ុន្តែកន្លងមក រាជរដ្ឋាភិបាលធ្លាប់បានលេងធម៌ក្តៅខ្លះរឿងគ្រឿងញៀ.ន និង មន្ត្រីអសកម្មមួយចំនួន ៕
ចែករំលែកព័តមាននេះ