រថយន្តបែនយីឌុប ១គ្រឿង បើកបុករះផ្ទះ និងរទេះលក់ទាខ្វៃតាមផ្លូវ ទាំងកំរោល
រាជធានីភ្នំពេញ ៖ រថយន្តបែនយីឌុប ១គ្រឿង សម្រាប់ដឹកដី ខ្សាច់ ក្រួស ថ្ម បានបើកបោះពួយជ្រុលទៅបុករះផ្ទះ និងរទេះលក់ទាខ្វៃតាមផ្លូវ…
រាជធានីភ្នំពេញ ៖ រថយន្តបែនយីឌុប ១គ្រឿង សម្រាប់ដឹកដី ខ្សាច់ ក្រួស ថ្ម បានបើកបោះពួយជ្រុលទៅបុករះផ្ទះ និងរទេះលក់ទាខ្វៃតាមផ្លូវ…
រាជធានីភ្នំពេញ ៖ រថយន្តបែនយីឌុប ១គ្រឿង សម្រាប់ដឹកដី ខ្សាច់ ក្រួស ថ្ម បានបើកបោះពួយជ្រុលទៅបុករះផ្ទះ និងរទេះលក់ទាខ្វៃតាមផ្លូវ មួយកន្លែង ទាំងកំរោល បណ្ដាលឲ្យក្រឡាប់រងការខូចខាត ប៉ុន្តែជាសំណាងល្អ មិនបានបណ្ដាលឲ្យមានអ្នកស្លា.ប់ ឬរបួសនោះឡើយ ដោយម្ចាស់ផ្ទះបានទាញកូនតូចៗ២នាក់ រត់ចេញផុតទាន់ ទាំងព្រលឹងចុងសក់ ។
ឧប្បត្តិហេតុនោះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ២ ត្រង់ចំណុចរង្វង់មូលកួរស្រូវ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
រថយន្តបង្កម៉ាក FUSO ពណ៍ សលាយបៃតង ពាក់ស្លាកលេខព្រះសីហនុ 3A-3605 ជាប្រភេទបែនយីឌុប សម្រាប់ដឹកដី ខ្សាច់ ក្រួស ថ្ម ។ បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ និងត្រូវបាននគរបាលប៉ុស្តិ៍រលួសឃាត់ខ្លួនបាន និងនាំយកទៅធ្វើការសាកសួរភ្លាមៗផងដែរ ។
អ្នកភូមិបាននិយាយថា នៅមុនពេលកើតហេតុគាត់បានឃើញរថយន្តខាងលើបើកបរធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះពេលទៅដល់ត្រង់ចំណុចកើតហេតុពុំដឹងថា អ្នកបើកបរងងុយដេកឬបែបណានោះទេ ស្រាប់តែជាន់ហ្គ៊ែរកាន់តែលឿន ហើយក៏បានរេចង្កូតជ្រុលទៅបុកចូលផ្ទះអ្នកភូមិ និងរទេះលក់ទាខ្វៃ បណ្ដាលឲ្យក្រឡាប់រងការខូចខាតតែម្ដង ។
ដោយឡែក ម្ចាស់ផ្ទះខាងលើ បាននិយាយថា នៅមុនពេលកើតហេតុ ខណៈពេលគាត់កំពុងលក់ដូរនៅក្នុងផ្ទះ ស្រាប់តែឃើញរថយន្តនោះបើកលឿនស្លេវសំដៅមកផ្ទះរបស់គាត់ ពេលនោះគាត់មិនអាចយករបស់អ្វីទាន់ឡើយ។ គាត់បានស្រវាចាប់ទាញកូនតូចៗ បាន២នាក់ រត់ចេញរួចផុត កុំអីត្រូវរថយន្តនោះបុក និងកិន បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ។
ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបង្កហេតុខាងលើ ត្រូវបាននគរបាលឃាត់ខ្លួននាំទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរលួសភ្លាមៗ ហើយបុរសនោះបានប្រាប់នគរបាលថា ខ្លួនបើកគេចរថយន្ត ១គ្រឿង ផ្សេងទៀត ទើបរេចង្កូតបុកចូលផ្ទះអ្នកភូមិបែបនេះតែម្ដង ។ ចំណែកនគរបាលចរាចរខណ្ឌដង្កោបានចុះទៅកាន់ទីនោះផងដែរ និងបានពិនិត្យមើលឃើញថាអ្នកបើកបររថយន្តនោះ អត់ស្រវឹងស្រា ឬមានសារធាតុញៀនឡើយ ។ ទើបឲ្យភាគីទាំងអស់សម្របសម្រួលគ្នា ហើយអ្នកបើកបររថយន្ត បានយល់ព្រមចេញសំណងការខូចទាំងអស់ ដើម្បីបញ្ចប់រឿង ៕
ចែករំលែកព័តមាននេះ