ខេត្តតាកែវ ៖ កាលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ប៉ុស្តិ៍នគរបាលរដ្ឋបាលឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ បានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋឈ្មោះ ប៊ិន សុខា ភេទស្រី អាយុ៣៩ ឆ្នាំ រស់នៅភូមិឃុំខាងលើស្តីពីសកម្មភាពចោរកាត់របងលួសចូលធ្វើលួចមាន់ស្ទើររៀងរាល់យប់ ។
ពាក្យបណ្តឹងនោះបានបញ្ជាក់ថា នៅវេលាម៉ោង២និង៣០នាទីយប់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២ ៤ មានជនមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពកាត់លួសសំណាញ់ចូលលួចមាន់របស់គាត់ជាញឹកញាប់ឲ្យតែព្រលប់មិនទាន់ ដឹងតែមានចោរចូលលួចមាន់ ។
ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះ លោកឧត្តមទោ ស្នងការនគរបាលខេត្តតាកែវ បញ្ជាទៅស្នងការរងទទួលការងារនគរបាលព្រហ្មទណ្ឌឲ្យកម្លាំងសមត្ថកិច្ចនគរបាលមូលដ្ឋានចុះទៅស្រាវជ្រាវជាបន្ទាន់ ដើម្បីស្វែងរកមុខសញ្ញាដែលជាចោរលួចមាន់នោះ ។ ដោយមានការយកចិត្តទុកដាក់ពីសំណាក់នគរបាលប៉ុស្តិ៍ឧត្តមសូរិយាសហការជាមួយការិយាល័យជំនាញព្រហ្មទណ្ឌស្រុក បើកការស្រាវជ្រាវទើបឈានទៅដល់កំណត់មុខសញ្ញាជនសង្ស័យ ដែលជាចោរលួចមាន់ លុះនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ សមត្ថកិច្ចក៏បានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ស៊ឹម ខេតា ភេទប្រុស អាយុ២២ មុខរបរមិនពិតប្រាកដ រស់នៅភូមិប្របសៀម ឃុំឧត្ដមសុរិយា ស្រុកត្រាំកក់យកទៅធ្វើការសាកសួរ ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងខេត្ត ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចមាន់អ្នកស្រុក និងធ្លាប់លួចមាន់ផ្ទះរបស់ឈ្មោះ ប៊ិន សុខា ចំនួន៦លើកពិតប្រាកដមែន ។ ក្រោយពេលទទួលបានចម្លើយរបស់ជនសង្ស័យ និងពាក្យបណ្តឹងជនរងគ្រោះសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ