ខេត្តមណ្ឌលគិរី ៖ ករណីក្មេងប្រុសស្រីជនជាតិដើមភាគតិច ចំនួន៤នាក់ ត្រូវគេរាយការណ៏ថា បានបាត់ខ្លួនអស់រយៈពេលមួយយប់មួយថ្ងៃ បន្ទាប់ពីពួកគេ បានចាកចេញពីផ្ទះ ចូលក្នុងព្រៃ ដើម្បីរកជ័រនោះ នៅថ្ងៃនេះ ដឹងការពិតហើយ ដោយសារមានភ្លៀងធ្លាក់ខ្លាំង ជន់ទឹកអូរ ទើបធ្វើឲ្យពួកគេមិនហ៊ានឆ្លងទៅត្រើយម្ខាងត្រឡប់ទៅផ្ទះវិញនោះទេ ។
ហេតុការណ៏នេះ បានបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិពូហ៊ូង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ។
មេប៉ុស្តិ៍ឃុំចុងផ្លាស់ លោក ចាន់ សុផារី បានឲ្យដឹងថា បន្ទាប់ពីលោកទទួលដំណឹងពីលោកមេភូមិ នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ថាមានបាត់ក្មេងប្រុសស្រី ចំនួន៤នាក់ ពីផ្ទះតាំងពីព្រឹកថ្ងៃទី១៦ ខែកក្កដា មិនឃើញទៅផ្ទះវិញនោះ លោកបានចាត់កម្លាំងប៉ុស្តិ៍រដ្ឋបាល និងកម្លាំងប្រជាការពារ ដើម្បីចេញប្រតិបត្តិការស្វែងរកឲ្យទាន់ពេលវេលា ។ បន្ទាប់ពីសមត្ថកិច្ចរុករកអស់ពេលជាច្រើនម៉ោង មិនឃើញសោះ លុះនៅវេលាម៉ោងប្រមាណ១០ព្រឹកថ្ងៃទី១៧ ក៏ប្រទះឃើញក្មេងទាំង៤នាក់នោះ នៅក្នុងដីចំការ ដែលគេទុកចោលមួយកន្លែង ឆ្ងាយពីភូមិ ហើយពួកគេ គឺមានសុវត្ថិភាពទាំងអស់គ្នា ។
សេចក្តីរាយការណ៍ បានឲ្យដឹងថា ក្រុមក្មេងៗបានរៀបរាប់ប្រាប់សមត្ថកិច្ច មូលហេតុ ដែលពួកគេសម្រេចចិត្តជ្រកក្នុងដីចំការនេះ ដោយមិនត្រឡប់ទៅដល់ផ្ទះវិញ ព្រោះតែមេឃ មានភ្លៀងធ្លាក់ខ្លាំងពេក បណ្តាលឲ្យជន់ទឹកអូរ ទើបធ្វើឲ្យពួកគេ មិនហ៊ានឆ្លងទៅត្រើយម្ខាង ក៏ដើរស្វែងរកចំការ ដែលមានផ្ទះគេទុកចោល ដើម្បីសម្រាកមួយយប់ ចាំពេលទឹកស្រក ទើបពួកគេនាំគ្នាត្រឡប់ទៅផ្ទះវិញ តែក៏មានអ្នកភូមិ តាមរកឃើញតែម្តង ។
សមត្ថកិច្ចបានបញ្ជាក់ថា ក្មេងៗ ដែលបាត់ចេញពីផ្ទះហើយត្រូវសមត្ថកិច្ច ស្វែងរកឃើញនោះ មានអាយុចន្លោះពី៩ឆ្នាំ ទៅដល់១៣ឆ្នាំ ជាជនជាតិដើមភាគតិចព្នង មានទីលំនៅបច្ចុប្បន្នភូមិ ពូហ៊ូង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
បច្ចុប្បន្ន សមត្ថកិច្ចបាននាំក្មេងទាំង៤នាក់នោះ ប្រគល់ជូនអាណាព្យាបាល ដល់ផ្ទះរៀងៗខ្លួន ដោយសុវត្ថិភាព ។
អាជ្ញាធរមូលដ្ឋានបានអំពាវនាវទៅដល់ប្រជាពលរដ្ឋ ជាពិសេសអាណាព្យាបាលគ្រប់រូប សូមយកចិត្តទុកដាក់កុំបណ្ដែតបណ្ដោយឲ្យក្មេងៗចាកចេញពីផ្ទះ ឬធ្វើដំណើរទៅក្នុងព្រៃ ដ្បិតពេលនេះ គឺជារដូវវស្សា មានភ្លៀងធ្លាក់ច្រើន ដែលបណ្តាលឲ្យទឹកតាមអូរ ជន់លិចខ្លាំង នាំមានគ្រោះថ្នាក់ ជាយថាហេតុផ្សេងៗ ៕
ចែករំលែកព័តមាននេះ