មកដឹងពីសាវតារភូមិគ្រឹះ ដាប ឈួន ហៅឈួនម្ជុលពេជ្រ ស្តេចត្រាញ់ល្បីឈ្មោះ
- សៀមរាប
ខេត្តសៀមរាប ៖ សំណង់ផ្ទះ ដាប ឈួន ជាឈ្មោះអគារនៃភូមិគ្រឹះមួយដែលអ្នកស្រុកសៀមរាបបាន
ខេត្តសៀមរាប ៖ សំណង់ផ្ទះ ដាប ឈួន ជាឈ្មោះអគារនៃភូមិគ្រឹះមួយដែលអ្នកស្រុកសៀមរាបបាន
ខេត្តសៀមរាប ៖ សំណង់ផ្ទះ ដាប ឈួន ជាឈ្មោះអគារនៃភូមិគ្រឹះមួយដែលអ្នកស្រុកសៀមរាបបានស្គាល់ និងហៅតៗគ្នាថា ជានិវេសនដ្ឋានឯកជន កម្មសិទ្ធិរបស់អតីតនាយទាហាន អតីតប្រតិភូរាជរដ្ឋាភិបាល និងជាអភិបាលខេត្តសៀមរាប នាទសវត្សរ៍ឆ្នាំ១៩៥០ ក្នុងសម័យសង្គមរាស្ត្រនិយម ។
លោក ដាប ឈួន ក៏មានងារមួយទៀតថា«ឈួនម្ជុលពេជ្រ» និងប្រៀបដូចជាស្តេចត្រាញ់» មួយដែលខ្លាំងពូកែផងដែរ ទោះបីជាង៦០ឆ្នាំហើយក្តីតែប្រវត្តិទាក់ទងនឹងឆាកជីវិត ដាប ឈួន មានការពិពណ៌នាមិនចេះអស់ឡើយ ទាំងមុននិងក្រោយការចុះចូលជាមួយរាជការ ។ ទីបំផុតក៏បានក្លាយជាជនក្បត់ជាតិ និងស្លាប់ដោយការបាញ់សម្លាប់ ។
ខាងក្រោមនេះ ជាអតីតភូមិគ្រឹះលោក ដាប ឈួន ដែលបន្សល់ទុកមកដល់បច្ចុប្បន្ន នៅកណ្តាលក្រុងសៀមរាបនៅតែមានការចាប់អារម្មណ៍ ។
ភូមិគ្រឹះលោក ដាប ឈួន ត្រូវបានសាងសង់ឡើងនៅអំឡុងពីឆ្នាំ១៩៤៩ ដល់ឆ្នាំ១៩៥៩ ហើយបច្ចុប្បន្នសំណង់ផ្ទះនេះ ត្រូវបានប្រែក្លាយជាមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡា និងបានចុះបញ្ជីសារពើភ័ណ្ឌជារបស់រដ្ឋស្ថិតនៅតាមផ្លូវហ្សាល ដឺហ្គោល ក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។
តាមការធ្វើបទសម្ភាសន៍ជាមួយលោក ម៉ៅ វណ្ណៈ នាយករងនៃមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា កាលពីរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងពីសាវតារអគារផ្ទះរបស់លោក ដាប ឈួន ថា ភូមិគ្រឹះនេះបានឆ្លងកាត់ច្រើនសម័យកាលគឺ សម័យសង្គមរាស្ត្រនិយម សម័យសាធារណរដ្ឋខ្មែរ សម័យកម្ពុជាប្រជាធិបតេយ្យ សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា និងរដ្ឋកម្ពុជា ហើយបច្ចុប្បន្នជាព្រះរាជាណាចក្រទី២ ។
លោកបន្តថា ដំណាក់កាលនៃការជួសជុលអគារនេះឡើងវិញលើកទី១ ដែលជានិមិត្តសញ្ញាលើសំណង់បច្ចុប្បន្ន និងដំណាក់កាលនៃការជួសជុលបន្តបន្ទាប់ រហូតមកដល់បច្ចុប្បន្នប្រែក្លាយទៅជាមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ។
លោក ម៉ៅ វណ្ណៈ បានបន្តថា សំណង់អគារផ្ទះរបស់លោក ដាប ឈួន ធ្លាប់ជាអតីតអគារវប្ប
ធម៌កុមារខេត្តសៀមរាប-ឧត្តរមានជ័យ ។ នៅចន្លោះឆ្នាំ១៩៧០-១៩៧៥ ទីនេះជាបន្ទាយទា
ហាននៃរបបសាធារណរដ្ឋខ្មែររបស់លោកសេនាប្រមុខ លន់ នល់ និងជាទីតាំងខ្សែត្រៀមជួរមុខទប់ទល់នឹងទ័ពខ្មែរក្រហម ។ នៅចន្លោះពីឆ្នាំ១៩៧៥ ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ទីនេះជាគុកដាក់អ្នកទោសកម្មាភិបាលខ្មែរក្រហម ។
ចំណែកពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៨ ជាទីបញ្ជាការកងទ័ពស្ម័គ្រចិត្តវៀតណាម រណសិរ្ស៤៧៩ ។
នៅចុងឆ្នាំ១៩៨៨ រណសិរ្ស៤៧៩ កងទ័ពស្ម័គ្រចិត្តវៀតណាម ក្រោមកិច្ចសហការសម្របសម្រួលដឹកនាំជួសជុលឡើងវវិញ ដោយលោកសោម សារ៉ូ ដែលពេលនោះលោកជាអនុប្រធានមន្ទីរអប់រំ និងក៏ជាប្រធានមន្ទីរសមាគមយុវជនកម្ពុជាខេត្តសៀមរាប ហើយបច្ចុប្បន្នលោក សោម សារ៉ូ ជាសមាជិកក្រុមប្រឹក្សាខេត្តសៀមរាប ។ លោកបានជួសជុលអគារនេះដោយដាក់ឈ្មោះថា អគារវប្បធម៌កុមារខេត្តសៀមរាប -ឧត្តរមានជ័យ ក្នុងគោលបំណងប្រើប្រាស់ទីតាំងបន្ទាយទាហាននេះ ទៅជាការអប់រំ និងសុខសន្តិភាព ស្របពេលនៃការអបអរសាទរការប្រារព្ធមហោស្រពយុវជនអន្តរជាតិលើកទី១២ នៅទីក្រុងមូស្គូ អតីតសហភាពសូវៀត រៀបចំដោយសហព័ន្ធយុវជនអន្តរជាតិនាពេលនោះ ។
មកដល់ឆ្នាំ១៩៩៣ ទីតាំងនេះបានក្លាយជាការិយាល័យយុវជនខេត្តសៀមរាប និងជាមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា រហូតដល់ឆ្នាំ២០០២ ក្រសួងបានចុះកិច្ចសន្យាជួលឲ្យទៅលោកស្រីញ៉ែម មរតក ។ នៅឆ្នាំ២០០៦ ក្រសួងអប់រំយុវជន និងកីឡា បានប្រកាសទៅជាមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ដឹកនាំដោយគណៈគ្រប់គ្រងក្រសួងអប់រំ យុវជន និងកីឡា ។
នៅឆ្នាំ១៩៩៩ ក្រសួងអប់រំ យុវជន និងកីឡា បានប្រគល់ដីប៉ែកខាងត្បូងឱ្យទៅអង្គការ ASPECA សាងសង់អគារសម្រាប់ជួយកុមារ និងហ្វឹកហាត់សិល្បៈដោយមានចុះអនុស្សរណៈ និង បន្ទាប់មកទៀតអង្គការអុីតាលីជួយសង្គ្រោះកុមារ CIAI និងបានបញ្ចប់អនុស្សរណៈ នៅចុងឆ្នាំ២០១៣ ។
លោក ម៉ៅ វណ្ណៈ បន្តថា នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ ក្រសួងអប់រំ យុវជន និង កីឡា បានប្រកាសជាថ្មីបង្កើតជាមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា និងបានតែងតាំងនាយកថ្មី ដើម្បីដំណើរការអភិវឌ្ឍន៍នៅទីនេះ ។
បច្ចុប្បន្ន មជ្ឈមណ្ឌលជាតិយុវជនកម្ពុជាមានចំនួន១១បន្ទប់ ក្នុងនោះមាន បន្ទប់ទទួលភ្ញៀវ១ ។ បន្ទប់នាយក១ បន្ទប់ការិយាល័យរបស់មន្ត្រីចំនួន២ បន្ទប់ប្រជុំ២ បណ្ណាល័យ១ បន្ទប់កម្មវិធី BEEP ១ បន្ទប់ព័ត៌មានវិទ្យា ៣ បន្ទប់របាំ ១ សាលាសម្តែងចំហ ១ ចំណុះ ៣០០នាក់ និងយ៉លំហែ ចំនួន ២ផងដែរ ។
បើតាមប្រសាសន៍លោក លី វណ្ណៈ នាយករដ្ឋបាលសាលាខេត្តសៀមរាប បានប្រាប់តាមតេឡេក្រាមថា បច្ចុប្បន្នដីនៅសល់របស់លោក ដាប ឈួន មិនមែនជាដីរបស់ឯកជនទេ គឺជាដីរបស់រដ្ឋ ជាមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ហើយក្រសួងអប់រំ យុវជន និងកីឡា ក៏កំពុងរៀបចំប្រគល់មកឱ្យខាងយុវជនកម្ពុជាខេត្តសៀមរាប តែខាងរដ្ឋបាលខេត្ត មិនទាន់បានគួសប្លង់ឱ្យបានត្រឹមត្រូវនៅឡើយ និងបានទុកឱ្យខាងមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាគ្រប់គ្រងសិន ៕
ចែករំលែកព័តមាននេះ