ខណៈដែលព្រែកជីកហ្វូណនតេជោ ជិតបើកការដ្ឋាន អ្នកជំនាញអន្តរក្រសួងជាច្រើនបានរៀបចំប្រជុំពិនិត្យលើការរៀបចំក្របខណ្ឌអភិវឌ្ឍន៍ និងគ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេ និងការត.ភ្ជាប់បណ្តាញប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកទន្លេជាមួយផ្លូវសមុទ្រនៅកម្ពុជា ។
កិច្ចប្រជុំនេះ បានរៀបចំធ្វើឡើងនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្រោមការដឹកនាំដោយលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការអន្តរក្រសួង ដោយមានការចូលរួមដោយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងជំនាញជាច្រើន ។
លោក ស៊ុន ចាន់ថុល បានឲ្យដឹងថា ក្របខណ្ឌអភិវឌ្ឍន៍ និងគ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេ និងការត.ភ្ជាប់បណ្តាញប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកទន្លេជាមួយផ្លូវសមុទ្រ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពង្រីក និងបង្កើនការប្រើប្រាស់ប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក លើកកម្ពស់ប្រសិទ្ធភាពសេវាកំពង់ផែ កាត់បន្ថយចំណាយសេវាដឹកជញ្ជូន និងបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងតំបន់ និងសកលផងដែរ។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា នៅប្រទេសកម្ពុជា បណ្តាញដឹកជញ្ជូនផ្លូវទឹក រួមមាន ៖ ទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ដែលមានប្រវែងសរុប១.៧៥០ គីឡូម៉ែត្រ។
បណ្តាញដឹកជញ្ជូនផ្លូវទឹកទាំងនេះ បាននិងកំពុងជួយសម្រួលដល់ចរាចរណ៍តាមនាវា ដូចជាការដឹកជញ្ជូនតាមផ្លូវទឹកឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម។
ប្រទេសកម្ពុជា មានកំពង់ផែចំនួន ១០៣ ក្នុងនោះ ២៦ ជាកំពង់ផែសមុទ្រ និង ៧៧ ជាកំពង់ផែទន្លេ។ កំពង់ផែទន្លេនេះ មានទីតាំងនៅតាមដងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់។ ក្នុងចំណោមកំពង់ផែទាំងនេះ មានកំពង់ផែអន្តរជាតិចំនួន២ធំៗ គឺកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។
ដោយ ៖ ស ផាន់
ចែករំលែកព័តមាននេះ