រាជធានីភ្នំពេញ ៖ជនសង្ស័យដែលធ្វើសកម្មភាពគាស់ផ្ទះចូលលួចម៉ូតូ១យប់អស់៣គ្រឿង នៅក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការនគរបាលរាជធានីភ្នំពេញស្រាវជ្រាវរហូតឃាត់ខ្លួនបានម្នាក់ហើយ ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះចាន់ សុធា ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅស្នាក់នៅផ្ទះលេខ 1070 អាផ្លូវលំភូមិទ្រា សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ ។ បើតាមនគរបាលអោយដឹងថា ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ សហការគ្នា ស្រាវជ្រាវឃាត់ខ្លួនពីបទលួចមានស្ថានទម្ងន់ទោស (គាស់ផ្ទះលួចយកម៉ូតូ៣គ្រឿង) នៅចំណុចផ្ទះជួលផ្លូវបេតុង ភូមិអរគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ។
តាមនគរបាលអោយដឹងទៀតថា ម៉ូតូដែលជនសង្ស័យលួចយកទៅចំនួន០៣គ្រឿងនោះ រួមមាន៖១-ម៉ូតូម៉ាកហុងដា ប៊ីតស៊េរីឆ្នាំ២០២១ ពណ៌ក្រហម ពាក់ផ្លាកលេខកំពត៤៣៧០, ២-ម៉ូតូម៉ាកហុងដាប៊ីតស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខភ្នំពេញ1KD1178 និងទី៣-ម៉ូតូហុងដាម៉ាកប៊េស ពណ៌ខ្មៅស៊េរីឆ្នាំ២០២៣ ពាក់ផ្លាកលេខកំពង់ចាម1AB3091។
បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចដកហូតបានម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ BY50 68 ចំនួន១គ្រឿង ដែលជនសង្ស័យជិះធ្វើសកម្មភាព ។
គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ជនរងគ្រោះជានិស្សិតបានចតម៉ូតូក្នុងផ្ទះជួល របស់ខ្លួន ។ លុះព្រឹកឡើងក៏មានការភ្ញាក់ផ្អើលបាត់ម៉ូតូចំនួន៣គ្រឿង ហើយទ្វាររបងបើកចំហរទៀត ។បន្ទាប់ពីបាត់ម៉ូតូ ក៏បានឆែកកាមេរ៉ាសុវត្ថិភាពក៏បានឃើញសកម្មភាពជនសង្ស័យផ្លោះរបងចូលទៅធ្វើសកម្មភាពលួចយកម៉ូតូជិះគេចខ្លួនបាត់ ក៏បានទៅដាក់ពាក្យបណ្តឹង ។
ដោយមានការសហការគ្នា ជាមួយនគរបាលមូលដ្ឋាន កម្លាំងនគរបាលព្រហ្មទណ្ឌក៏បានស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យ ម្នាក់ក្នុងរយៈពេលតែ៥ថ្ងៃប៉ុណ្ណោះ ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ