ខេត្តបាត់ដំបង ៖ លំនៅឋានដ៏ធំមួយខ្នង ត្រូវជនមិនស្គាល់មុខចូលគាស់ទំម្លុះទម្លាយ លួចគាស់
យកបង្អូច ទ្វារ ខ្សែភ្លើង និងសម្ភារៈចំនួន០៣លើកជាបន្តបន្តាប់អស់គ្មានសល់ លុះដាក់បណ្ដឹង សមត្ថកិច្ចមូលដ្ឋានអះអាងថា គឺជាមុខសញ្ញាដដែលៗ តែមិនអាចបង្ក្រាបបាន ព្រោះគ្មានភស្ដុតាងដាក់បន្ទុលលើជនសង្ស័យ ។
លោក កែវ សំណាង អាយុ៣៧ឆ្នាំ ដែលជាម្ចាស់ផ្ទះនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង បានប្រាប់កោះសន្តិភាព នៅព្រឹកថ្ងៃទី ១៤ កក្ដដា ថា ផ្ទះរបស់លោកបានបិតទ្វារទុកចោលគ្មានអ្នកស្នាក់នៅជាងមួយឆ្នាំកន្លងមកហើយ។ ហើយត្រូវជនមិនស្កាល់មុខដែលអាចមានគ្នីគ្នាលើសពី០២នាក់ កាត់សោរទ្វារផ្នែកខាងមុខ ចូលលួចយកទ្រព្យសម្បត្តិក្នុងផ្ទះជាបន្តបន្ទាប់ចំនួន០៣លើក។
លោកបានប្រាប់ថា លោកមិនបានដឹងពេលវេលាចោរប្រព្រឹត្តទេ តែបានដឹងនៅពេលលោកមកមើលផ្ទះម្ដងៗ។ លោកនិយាយថា លើកទីមួយលោកមិនចាំថ្ងៃខែទេ តែពេលលោកមកដល់ផ្ទះ ឃើញស្នាមកាត់សោរទ្វារខាងមុខចូលលួច ដែក ស័ង្កសី ទ្វារឈើចំនួន០៤សន្លឹក គិតជាទឹកប្រាក់ប្រមាណ២,០០០ដុល្លារ ។
លោកមិនបានប្ដឹងទៅសមត្ថកិច្ចទេ ព្រោះគិតថា បាត់បង់តិចតួច ។ ប៉ុន្តែនៅពេលកើតហេតុលើក
ទី២ ទើបលោកដាក់ពាក្យបណ្ដឹងទៅអធិការនគរបាលក្រុងបាត់ដំបង ដោយសារបាត់បង់ច្រើនពេក។ ជនរងគ្រោះបានបញ្ជាក់ថា ពេលលោកមកមើលផ្ទះលើកទី២ នៅថ្ងៃទី១៨ មិថុនា កន្លងទៅនេះ ស្រាប់តែឃើញមានស្នាមចោរគាស់ចូលលួចសម្ភារៈក្នុងផ្ទះទៀត។
លើកទី២នេះ បាត់បង់ធ្ងន់ធ្ងររួមមាន៖ ទ្វារឈើចំនួន១០សន្លឹក បង្កាន់ដៃដែកអ៊ីណុលចំនួន០៣ថ្នាក់ ចម្រឹងដែកបង្អូចចំនូន១០ផ្ទាំង គាស់យកខ្សែភ្លើងតាមជញ្ជាំង និងអំពូលភ្លើងជាច្រើនទៀត គិតជាទឹកប្រាក់ជាង៥,០០០ដុល្លារ ។ ប៉ុន្តែលើកទី៣ ដែលជាលើកចុងក្រោយ ពេលលោកមកមើលកាលពីថ្ងៃទី១២ កក្កដា មិនមានបាត់បង់អ្វីទេ មានតែស្នាមគាស់ទម្លុះទ្វារបង្អូចខាងក្រោយ ដែលទំនងពួកចោរគ្រងចូលលួចទ្រព្យសម្បត្តិទៀត ។
បើតាមពិនិត្យជាក់ស្ដែង នៅកន្លែងកើតហេតុ គេឃើញមានស្លាកស្នាមកាត់ទ្វារដែកទ្វាររបងខាងមុខ និងទ្វារផ្ទះខាងមុខ។ ស្នាមឡើងតាមរបងលួសចំហៀងខាងកើត ។ បើតាមជនរងគ្រោះបានដាក់ការសង្ស័យថា ជនល្មើសអាចប្រើប្រាសរទេះដឹកសម្ភារៈ ឬ ប្រើរថយន្តដឹកតែម្ដងទើបលួចរុះរើអស់គ្មានសល់បែបនេះ ។
បើតាមលោក កែវ សំណាង បានបញ្ជាក់ថា ទ្រព្យសម្ប្តត្តិ និងសម្ភារៈ ដែលបាត់បង់ទាំងគិតជាទឹកប្រាក់មិនក្រោម១០,០០០ដុល្លារ ។ ប៉ុន្តែយ៉ាងណា លោកបានរាយការណ៍ជាថ្មី ទៅកាន់សមត្ថកិច្ចហើយ ដើម្បីសុំឲ្យសមត្ថកិច្ចជួយចាត់វិធានការ ស្រាវជ្រាវចាប់ជនសង្ស័យ។ មន្ត្រីជំនាញអធិការក្រុងបាត់ដំបង បាននិយាយថា អធិការក្រុងបានទទួលបណ្ដឹងជនរងគ្រោះរួចហើយ តែពេលនេះមន្ត្រីជំនាញកំពុងស៊ើបអង្កេតលើមុខសញ្ញាជនសង្ស័យ ហើយពេលនេះមន្ត្រីជំនាញកំពុងរងចាំសហការជាមួយជនរងគ្រោះ ដើម្បីចាត់ការលើករណីនេះ ។
បើតាមជនរងគ្រោះបានបញ្ជាក់ថា លោកបានសួរនាំរឿងនេះទៅមន្ត្រីប៉ុស្ដិ៍រដ្ឋបាល តែមន្ត្រីប៉ុស្ដិ៍ប្រាប់ថា គេស្គាល់មុខសញ្ញាជនសង្ស័យ តែគ្មានភស្ដុតាង គេមិនអាចឃាត់ខ្លួនជនសង្ស័យបានឡើយ។ ប៉ុន្តែយ៉ាងណា លោកសំណូមពរ សុំឲ្យសមត្ថកិច្ចជួយពន្លឿនចំពោះវិធានទៅលើជនសង្ស័យ ព្រោះមន្ត្រីប៉ុស្តិ៍រដ្ឋបាលបានអះអាងថា បានស្គាល់មុខសញ្ញាហើយ ៕
ចែករំលែកព័តមាននេះ