ខេត្តត្បូងឃ្មុំ ៖ លំនៅឋានរបស់ប្រជាពលរដ្ឋមួយខ្នងសាងសង់អំពីឈើប្រក់ក្បឿង ត្រូវបានអគ្គិភ័យលេបត្របាក់ ដោយមានផ្សែងហ៊ុយខ្មួលខ្មាញ់ទៅលើអាកាស បង្កឲ្យមានការភ្ញាក់ផ្អើល ដែលហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៤ កក្កដានេះ នៅឃុំត្រពាំងព្រីងស្រុកតំបែរ ។
ករណីនេះត្រូវបានរថយន្តពន្លត់អគ្គិភ័យនៃអធិការដ្ឋាននគរបាលស្រុកចេញទៅអន្តរាគមន៍បាញ់ទឹកពន្លត់ ដោយមិនឲ្យឆាប់ឆេះដល់លំនៅដ្ឋានពលរដ្ឋផ្សេងទៀតនៅក្បែរនោះ ។
សមត្ថកិច្ចមូលដ្ឋានប្រាប់ឲ្យដឹងថា កូនប្រុសម្ចាស់ផ្ទះឈ្មោះ ខេន ពែត អាយុ២៧ឆ្នាំ បានជិះម៉ូតូមួយគ្រឿង ដោយមានសំឡេងស៊ីម៉ាំងម៉ូតូលាន់ឮ យ៉ាងទ្រហឹង នៅថ្ងៃទី១៣ កក្កដានេះ ហើយប្រជាពលរដ្ឋនៅក្នុងភូមិបានរាយការណ៍មកប៉ុស្តិ៍រដ្ឋបាលត្រពាំងព្រីង ។
ក្រោយទទួលបានព័ត៌មាននេះ កម្លាំងប៉ុស្តិ៍បានចុះទៅសួរនាំកូនម្ចាស់ផ្ទះហើយត្រូវបានម្ដាយព្រមទាំងសាច់ញាតិមិនឲ្យសមត្ថកិច្ចយកទៅអប់រំណែនាំនោះទេព្រោះមិនមានទោសកំហុសអ្វីធំដុំ ។
លោកវរៈសេនីយ៍ឯកប៉េង អេងហាក់ អធិការនគរបាលស្រុកដំបែរ ប្រាប់ឲ្យដឹងដែលថា ករណីគ្រោះអគ្គិភ័យមួយកើតឡើងនៅចំណុចភូមិកំប្រើស ឃុំត្រពាំងព្រីង ស្រុកដំបែរ ខេត្តត្បូងឃ្មុំ បណ្ដាលឱ្យឆេះផ្ទះឈើប្រក់ក្បឿង ៣ខ្នង ទទឹង ៧ម៉ែត្រ គុណបណ្ដោយ១២ម៉ែត្រ និងរោងបាយមួយធ្វើពីដែកស័ង្កសី ដែលម្ចាស់ផ្ទះឈ្មោះ ប៊ីន ខន ភេទស្រី អាយុ៦០ឆ្នាំ ។
បន្ទាប់ពីទទួលបានព័ត៌មាន ពីប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានរូបលោកបានឲ្យរថយន្តពន្លត់អគ្គិភ័យនៃអធិការដ្ឋាននគរបាលស្រុក ដែលប្រចាំការ២៤ម៉ោង លើ២៤ម៉ោង ប្រញាប់ចេញទៅអន្តរាគមន៍បាញ់ទឹកពន្លត់ តែដោយសារផ្ទះឈឺផ្លូវរាងឆ្ងាយ ទម្រាំទៅដល់ គឺអគ្គិភ័យបានលេបត្របាក់ផ្ទះនោះអស់ទាំងស្រុង ។
ជាមួយនោះ ធ្វើឲ្យបាត់បង់ទ្រព្យសម្បត្តិមួយចំនួនទៀតដូចជា.
១.អង្គរ ១បេ
២.គ្រែដេក ២
៣.កង់ ១
៤.ខោអាវមុងភួយ..
៥.សម្ភារៈផ្ទះបាយចានឆ្នាំង…
មូលហេតុ ឈ្មោះ ខេន ពែត ភេទប្រុស អាយុ២៧ឆ្នាំ ដែលត្រូវជាកូនបង្កើត របស់ឈ្មោះជនរងគ្រោះខាងលើដុតចោល ។ ដោយមានសំណូមពរពីម្ដាយដែលជាម្ចាស់ផ្ទះឱ្យកម្លាំងសមត្ថកិច្ចឃាត់ខ្លួនកូនប្រុស ដែលបែកថ្នាំយកមកចាត់ការតាមនីតិវិធី ។
នៅក្នុងហេតុការណ៍នេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់ទឹកអស់១ឡាន ហើយក៏មិនបានរៀលដាលឆេះទៅដល់លំនៅដ្ឋានផ្សេងទៀត នៅក្បែរនោះដែរ ។ ករណីនេះ បើសិនជានៅថ្ងៃទី១៣ កក្កដា កម្លាំងប៉ុស្តិ៍រដ្ឋបាលមូលដ្ឋាន ហៅមកអប់រំនោះក៏ប្រហែលជាមិនមានហេតុការណ៍បែបនេះកើតឡើងនោះទេ ។ ហើយស្ត្រីជាម្ដាយម្ចាស់ផ្ទះបានត្រឹមតែសោកស្ដាយលំនៅឋាន និងរបស់ទ្រព្យតែបាត់បង់តែប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ