រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់បានបន្លំខ្លួនធ្វើជាកម្មករ ហើយជិះម៉ូតូកញ្ចាស់១គ្រឿងទៅឈប់នៅខាងមុខរោងចក្រមួយកន្លែង នៅក្នុងខណ្ឌដង្កោ បន្ទាប់មកបានដើរចូលទៅក្នុងរោងចក្រនោះ រួចធ្វើសកម្មភាពលួចម៉ូតូបាន១គ្រឿងជិះយកទៅលក់នៅម្ដុំស្តុបកោសដូង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក បានប្រាក់ចំនួន៤០០ដុល្លារ ។
បន្ទាប់មកគេចខ្លួនបាន៣ថ្ងៃក៏បានជិះម៉ូតូកញ្ចាស់ដដែលចេញធ្វើសកម្មភាពលួចបន្តទៀត ប៉ុន្តែត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោស្គាល់ភិនភាគ តាមរយៈកាមេរ៉ាសុវត្ថិភាពក៏ធ្វើការឃាត់ខ្លួនតែម្ដង ។
ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង១១និង១២នាទី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងរោងចក្រស៊ីកូ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃកី (ខ) សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនសង្ស័យខាងលើឈ្មោះ កាន ប៉ុង ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅភូមិចំបក់ត្រប់ ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ដោឡែកម៉ូតូដែលជនសង្ស័យលួចនោះម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខភ្នំពេញ1JE- 8574 លេខតួ និងលេខម៉ាស៊ីន6173570 ។
ជាកម្មសិទ្ធិរបស់បុរសម្នាក់ឈ្មោះ តូច សាវ៉េត អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិគោកមាស សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ។
នគរបាលបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះទៅធ្វើការនៅរោងចក្រស៊ីកូ ហើយបានទុកម៉ូតូនៅកន្លែងផ្ញើរម៉ូតូនៅក្នុងរោងចក្រ ដោយពុំបានចាក់សោកម៉ូតូទេ បន្ទាប់មកក៏ចូលធ្វើការជាធម្មតា ។ រហូតដល់វេលាម៉ោង១១ព្រឹក ថ្ងៃខែឆ្នាំដដែល ដល់ម៉ោងសម្រាកហូបបាយថ្ងៃត្រង់ បុរសរងគ្រោះបានដើរទៅយកនៅកន្លែងផ្ញើរម៉ូតូ បានឃើញម៉ូតូនៅទីនោះនៅឡើយ ។ លុះហូបបាយរួចយកកាតូដាក់បាយទៅទុកវិញ ស្រាប់តែបាត់ម៉ូតូ ក៏បានសុំឆែកមើលកាមេរ៉ាសុវត្ថិភាពនៅក្នុងរោងចក្រ បានឃើញជនសង្ស័យមិនស្គាល់អត្តសញ្ញាណបន្លំធ្វើជាកម្មករចូលធ្វើសកម្មភាពលួចម៉ូតូរបស់ខ្លួនទៅបាត់ ។
នគរបាលបានប្រាប់បន្តទៀតថា បន្ទាប់មកបុរសរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ពងទឹក ដើម្បីឲ្យជួយស្រាវជ្រាវរកជនសង្ស័យ លុះដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១០និង៣០នាទីព្រឹក ។ ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យរូបនោះបាននៅត្រង់ ចំណុចមុខផ្ទះជួសជុលម៉ូតូ ផ្លូវជាតិលេខ៣ ស្ថិតនៅភូមិស្រែញរ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ដោយដកហូតបានម៉ូតូម៉ាកគុបមូល ពណ៌ស្វាយ គ្មានស្លាកលេខ (ម៉ូតូចាស់) ១គ្រឿង, ទូរស័ព្ទដៃម៉ាកOppo ១គ្រឿង ដែលជារបស់ជនសង្ស័យ ។ ក្រោយពីការសាកសួរជនសង្ស័យបានសារភាពថា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០២៤ វេលាម៉ោង១០និង២០នាទី ខ្លួនបានជិះម៉ូតូ០១គ្រឿង ម៉ាកគុបមូលកញ្ចាស់ចេញពីកន្លែងកោសជប់ នៅផ្សារកន្ទួត ភូមិស្វាយមីង ឃុំបាគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលទៅកាន់រោងចក្រស៊ីកូ ស្ថិតនៅភូមិព្រៃកីខ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ពេលមកដល់ខ្លួនបានទុកម៉ូតូរបស់ខ្លួននៅខាងមុខរោងចក្រ រួចបន្លំធ្វើជាកម្មកររោងចក្រ ដើរចូលទៅក្នុងរោងចក្រ ហើយដើរមើលកន្លែងដាក់ម៉ូតូរបស់កម្មករមួយជុំ ពុំឃើញមានសន្តិសុខយាមនៅច្រកចេញ ខ្លួនក៏បានធ្វើសកម្មភាពលួចម៉ូតូជនរងគ្រោះខាងលើ ។ បន្ទាប់មកបានជិះចេញយកទៅលាក់ទុកនៅខាងក្រោមស្ពានអាកាសផ្លូវជាតិលេខ៣ រួចហៅម៉ូតូកង់បីជិះទៅយកម៉ូតូម៉ាកគុបមូលរបស់ខ្លួន ដែលទុកនៅខាងមុខរោងចក្រស៊ីកូ យកទៅទុកនៅក្រោមស្ពានអាកាសផ្លូវជាតិលេខ៣ រួចយកម៉ូតូដែលលួចបានខាងលើជិះទៅលក់នៅម្តុំស្តុបកោសដូង ស្ថិតនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនសង្ស័យបានសារភាពទៀតថា ពេលទៅដល់ម្តុំស្តុបកោស ដូង ក៏មានអ្នកចាំទិញម៉ូតូបានជិះម៉ូតូតាមសួរខ្លួនថា លក់ម៉ូតូអត់0x017d7 ខ្លួនក៏ឆ្លើយថា លក់ រួចខ្លួនក៏បានជិះម៉ូតូទៅតាម អ្នកទិញដល់ស្ពានក្បែរស្តុបកោសដូង ក៏បាននិយាយចរចាតម្លៃលក់ត្រូវគ្នាក្នុងតម្លៃ៤០០ដុល្លារ (បួនរយដុល្លារអាមេរិក) ។
អ្នកទិញម៉ូតូនោះភេទប្រុស មិនត្រូវបានស្គាល់ឈ្មោះនោះទេ អាយុប្រហែល៤២ឆ្នាំ បន្ទាប់ពីលក់រួចខ្លួនក៏បានជិះម៉ូតូកង់បីត្រឡប់ទៅយកម៉ូតូគុបកញ្ចាស់របស់ខ្លួន ដែលលាក់ទុកនៅក្រោមស្ពានអាកាសផ្លូវជាតិលេខ៣វិញរួចជិះទៅផ្ទះ ។ លុះដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១០និង៣០នាទីព្រឹក ខ្លួនបានជិះម៉ូតូម៉ាកគុបមូល តាមផ្លូវជាតិលេខ៣ ដើម្បីធ្វើសកម្មភាពលួចម៉ូតូម្តងទៀត ក៏ត្រូវនគរបាលឃាត់ខ្លួនតែម្ដង ។
ជននេះបាននិយាយទៀតថា កន្លងមកខ្លួនធ្លាប់បានធ្វើសកម្មភាពលួចម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខភ្នំពេញ1GX-9637 នៅត្រង់ចំណុចរោងចក្រហ្គែនមីដូវ ស្ថិតនៅភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បន្ទាប់មកយកទៅលក់ឲ្យអ្នកទិញមិនស្គាល់ឈ្មោះ ភេទប្រុស អាយុប្រហែល៣៣ឆ្នាំ នៅម្តុំ លូទឹកស្អុយបឹងសាឡាង ស្ថិតនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ប៉ុន្តែពេលកំពុងតែនិយាយតថ្លៃគ្នា ស្រាប់តែមានគេផ្អើលស្រែកថាៗ ព្រមទាំងមានកម្លាំងសមត្ថកិច្ចចុះចាប់ផងទើបខ្លួនភ័យក៏បានរត់គេចខ្លួនចោលម៉ូតូដែលលួចបាននោះដោយពុំទាន់លក់បានលុយនៅឡើយ រួចក៏ឡើងជិះម៉ូតូកង់បីត្រឡប់ទៅផ្ទះវិញទាំងខកចិត្ត ៕
ចែករំលែកព័តមាននេះ