ភ្នំខ្នងព្រះអង្គ ស្ថិតនៅសហគមន៍ម៉ុងរី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបានគេដឹងថា គឺជារមណីដ្ឋានធម្មជាតិមួយកន្លែងដែលមានសម្រស់ និងទិដ្ឋភាពធម្មជាតិមិនចាញ់ភ្នំខ្នងផ្សារឡើយ ។
មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់បានអះអាង នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ថា ភ្នំខ្នងព្រះអង្គ មានកម្ពស់១.២០០មធៀបនឹងនីវ៉ូទឹកសមុទ្រ ជាខ្នងភ្នំដែលមានទេសភាព៣៦០ដឺក្រេ ។ ប្រភព
ដដែលបានបន្ថែមថា ទីនោះគឺជាខ្នងភ្នំដែលមានប្រវិត្តទាក់ទងនឹងប្រវិត្តសាស្ត្រ ហើយក៏ជាកន្លែងទីសក្ការៈគោរពបូជា ពីសម័យបុរាណផងដែរ ។
ភ្នំខ្នងព្រះអង្គ ជាខ្នងភ្នំដែលមានរូបគំនូរព្រះពុទ្ធសាសនា និងរូបគំនូរពាក់ព័ន្ធ នឹងព្រះពុទ្ធសាសនា លើកម្រាលថ្ម ដែលទីនោះអ្នកទេសចរក្រៅពីកំសាន្តក៏អាចសិក្សាស្វែងយល់ពីគន្លង តារាសាស្ត្រផងដែរ ។
ខ្នងព្រះអង្គ គឺជាតំបន់ធម្មជាតិ១ទៀត សម្រាប់អ្នកចូលចិត្តឡើងភ្នំ ផ្សងព្រេង និងជាតំបន់ប្រវិត្តសាស្ត្រ វាគឺជាទីតាំងបោះជំរុំលើកំពូលភ្នំ អាចអង្គុយគយគន់ទេសភាព ថ្ងៃរះប៉ប្រះព្រៃភ្នំ និងថ្ងៃរៀបលិច ចាំងលើផ្ទៃទឹកសមុទ្រ ឃើញកោះតូចៗជាប់នឹងផ្ទៃសមុទ្រ ខេត្តត្រាត ព្រះរាជាណាចក្រថៃ គួរជាទីមនោរម្យ និងដ៏សែនស្រស់ស្អាត។
ក្រៅពីការគយគន់ទេសភាពខ្នងភ្នំខាងលើ អ្នកទេសចរនឹងអាចមើលឃើញផ្ទាំងទស្សនីយភាព នៃជួរភ្នំជាច្រើន តម្រៀបគ្នាច្រើនជាន់ថ្នាក់ ព្រមទាំងជ្រោះជ្រលងដងអូរ បង្កើតបានទេសភាពយ៉ាងស្រស់បំព្រង គួរឱ្យគយគន់មិនចេះជិនណាយ ដែលជាមួយគ្នានេះ ក៏មានខ្យល់ជំនោរបរិសុទ្ធ បក់បោករំភើយៗ ដែលអមទៅដោយស្បៃពពករសាត់ជុំវិញខ្លួនយើង យ៉ាងត្រជាក់ស្រួលផងដែរ។
សម្រាប់ពេលយប់ អាកាសធាតុ មានភាពត្រជាក់ខ្លាំង ដែលតម្រូវឱ្យភ្ញៀវទេសចរ បោះជំរុំជាលក្ខណៈតង់ មានពូកខ្យល់ សម្លៀកបំពាក់ក្រាស់ៗ ស្រោមដៃ ស្រោមជើង ភួយ និងមួកជាដើម។
ទីតាំងភ្នំព្រះ ឬខ្នងព្រះអង្គ មានចម្ងាយប្រមាណ១៥៧គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់ ត្រូវធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥៥ កាត់តាមផ្លូវបត់បែនដូចអន្ទង់អាំង ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៥២-១៥៣ចំណុចឡើងភ្នំ។
ចែករំលែកព័តមាននេះ