រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ជិះម៉ូតូដើរលក់សណ្ដែកដី និងពងមាន់ស្រែពេលយប់ឆ្លៀតចូលបន្ទប់ជួលមើលកូន និងប្ដីមួយភ្លែត ទុកម៉ូតូមុខបន្ទប់ ស្រាប់តែពេលដែលចេញទៅលក់វិញបាត់ម៉ូតូ កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី០៩ ខែកក្កដានេះ ស្ថិតនៅត្រង់ចំណុចមុខបន្ទប់ជួល លេខ១៩ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។
ស្ត្រីរងគ្រោះមានឈ្មោះ យ៉ាន ស្រីស័ន អាយុ៣៤ឆ្នាំ មុខរបរលក់សណ្ដែកដីពេលយប់ មានប្ដីឈ្មោះ រស់ ធីម អាយុ២៧ឆ្នាំ មុខរបរកម្មករធ្វើស្លាកយីហោ អ្នកទាំងពីរមានកូនប្រុសស្រី តូចៗ២នាក់ ស្នាក់នៅកន្លែងកើតហេតុខាងលើ ។ ម៉ូតូដែលបាត់ម៉ាក suzuki Let ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1FE-4337 ទើបតែបង់រំលោះដាច់បានមួយខែ ឥឡូវចោរលួចបាត់ទៀត ។
តាមការរៀបរាប់ស្ត្រីរងគ្រោះបានអោយដឹងថា ពីរនាក់ប្ដីប្រពន្ធ មានកូនតូច២នាក់ គ្មានអ្នកមើលកូនទេ និងមានជីវភាពខ្វះខាត ប្ដីខិតខំធ្វើការពេលថ្ងៃ ជាកម្មករធ្វើស្លាយីហោ មើលថែកូនៗពេលយប់ ខ្លួនជាប្រពន្ធមើលកូនពេលថ្ងៃ មិនហ៊ានទំនេរជួយរកប្រាក់ចំណូលប្ដីបន្ថែម ដោយប្រកបរបរលក់សណ្ដែដី និងពងមាន់ស្រែពេលរាត្រី ដើម្បីបានប្រាក់ជួយផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ សង្ឃឹមថា ថ្ងៃខាងមុខមានជីវភាពប្រសើរជាងនេះ ។
ប្រពភដដែលបានបន្តទៀតថា ដោយសារតែជីវភាពក្រីក្របានទៅបង់រំលោះម៉ូតូមួយគ្រឿង ម៉ាក suzuki Let ទើបនឹងបង់រំលោះដាច់បានមួយខែទេ ។ រាល់ថ្ងៃពឹងផ្អែកលើម៉ូតូមួយគ្រឿង ជាយាន្តជំនិះជិះផ្លាស់ប្ដូរគ្នា ពេលថ្ងៃប្ដីជិះធ្វើការ ពេលយប់ ប្រពន្ធយកដឹកសណ្ដែកដី និងពងមាន់ស្រែដើរលក់ ដើម្បីជួយសម្រាលបន្ទុកប្ដី ។ នៅថ្ងៃកើតហេតុ គាត់បានចេញទៅលក់សណ្ដែកដីដូចសព្វមួយដង នៅវេលាម៉ោងជិត១០យប់ បានឆ្លៀតចូលមកផ្ទះមួយភ្លែត ដើម្បីហូបបាយមើលកូន និងប្ដី ហើយចតម៉ូតូទុកនៅមុខបន្ទប់ជួលចូលទៅក្នុងបន្ទប់មួយភ្លែតប្ដីបានដើរចេញមកមើលម៉ូតូ ស្រាប់តែបាត់ម៉ូតូ និងកញ្ច្រែងសណ្ដែកដី បង្កការឆោឡោតែម្ដង ។
បន្ទាប់ពីកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងទាំងយប់ ដើម្បីអោយសមត្ថកិច្ចឆែកកាមេរ៉ាសុវត្ថិភាពកំណត់មុខសញ្ញាស្រាវជ្រាវរកម៉ូតូ និងតាមចាប់ជនសង្ស័យយកមកផ្ដន្ទាទោសតាមច្បាប់ ។
ក្រោយពីជនរងគ្រោះបានដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ រួចហើយសមត្ថកិច្ចបានចុះមកទីតាំងឆែកកាមេរ៉ាសុវត្ថិភាព និងស្រាវជ្រាវ រកម៉ូតូតាមចាប់ជនសង្ស័យយកមកផ្ដន្ទាទោស ។ ទោះបីជាយ៉ាង ស្ត្រីជាអ្នកលក់សណ្តែកដី សំណូមពរដល់អាជ្ញាធរជួយពន្លឿន ក្នុងការស្រាវជ្រាវតាមចាប់ជនសង្ស័យផង ព្រោះគាត់អត់មានម៉ូតូ សម្រាប់យកមកដោះស្រាយជីវភាពប្រចាំថ្ងៃទេ គឺដាច់បាយហើយ ៕
ចែករំលែកព័តមាននេះ