ខេត្តបាត់ដំបង៖ យោងលើរបាយការណ៍នៃកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទរយៈពេល០២ថ្ងៃ នៅក្នុងភូមិសាស្ត្រ ឃុំកោះជីវាំង ស្រុកឯកភ្នំ របស់កម្លាំងសមត្ថកិច្ចចម្រុះ បានបង្ហាញនូវលទ្ធផលជាវិជ្ជមានគួរឲ្យកត់សម្គាល់ តែក៏សញ្ញាបង្ហាញថា «បទល្មើសហាក់ពុំមានការថមថយ
ឡើយ»។
របាយការណ៏បានឲ្យដឹងថា កិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនេះ កម្លាំងចម្រុះដែលដឹកនាំដោយមន្ត្រីជលផលបានធ្វើឡើងក្នុងរយៈ០២ថ្ងៃ គឺនៅថ្ងៃទី១០និង១១ កក្កដា នៅក្នុងភូមិសាស្ត្រទឹកដី ឃុំកោះជីវាំង ស្រុកឯកភ្នំ។ រយៈពេល០២ថ្ងៃនេះ កម្លាំងចម្រុះបានធ្វើការបង្ក្រាប និងរឹបអូសនូវឧបករណ៍នេសាទខុសច្បាប់នានាបានចំនួនសរុប១២ករណី តែគ្មានការឃាត់ខ្លួនជនល្មើសណាបានម្នាក់ទេ ក្រៅពីរឹបអូសយកវត្ថុតាងដ៏ច្រើនសន្ធឹកសន្ធាប់់យកទៅកំទេចចោល។
សម្រាប់កិច្ចប្រតិបត្តិការរយៈពេល០២ថ្ងៃនេះ លទ្ធផលដែលកម្លាំងសម្រុះបានធ្វើ និងរឹបអូសបានវត្ថុតាង បើយោងលើរបាយការណ៍បូកសរុបរួមមាន ១-របាំងសាច់អួនប្រវែង សរុបចំនួន៥,២៥០
ម៉ែត្រ ២-របាំងស្បៃមុងប្រវែងសរុបចំនួន៥,៧០០ម៉ែត្រ ៣-បង្គោលឈើសរុបចំនួន២,៤១០ដើម ៤-ឡុកចាប់ត្រីសរុបចំនួន២៦ឡុក និង៥-លូស្បៃមុងសរុបចំនួន១០០លូ ។
សមត្ថកិច្ចបាននិយាយថា នេះជាលទ្ធផល ដែលកម្លាំងសមត្ថកិច្ចចម្រុះ ក្នុងស្រុកឯកភ្នំ បានចុះបង្ក្រាបត្រឹមរយៈពេលតែ០២ថ្ងៃប៉ុណ្ណោះ ដែលទទូលបានលទ្ធផលគួរឲ្យកត់សម្គាល់ តែវាមិនមែនជាសញ្ញាល្អប្រសើរទេ ។ ផ្ទុយទៅវិញ លទ្ធផលនេះ បានបង្ហាញថា វាជាលទ្ធផលដែលបានបង្ហាញពីសញ្ញាគ្មានការថមថយឡើយ ចំពោះបទល្មើសនៅក្នុងតំបន់ទន្លេសាប។ ជាពិសេស នៅក្នុងភូមិសាស្ត្រនានា ក្នុងស្រុកឯកភ្នំនេះតែម្ដង។
បើទោះជាកម្លាំងសមត្ថកិច្ចចម្រុះនៅក្នុងស្រុកនេះ តែងបើកកិច្ចប្រតិបត្តិការចេញល្បាតនិងចុះបង្ក្រាបជាប្រចាំនៅតំបន់នោះស្ទើររាល់ថ្ងៃក្ដី។ សមត្ថកិច្ចតែងធ្វើការងារនេះជាប្រចាំ តែបង្ក្រាបនិងរឹបអូសបានតែវត្ថុតាង (ឧបករណ៍នេសាទខុសច្បាប់) តែមិនដែលរកមុខជនល្មើសឃើញ និងធ្លាប់ឃាត់ខ្លួនជនល្មើសនេសាទណាបានម្នាក់យកទៅដាក់គុកឡើយ ដែលនាំឲ្យជនល្មើសកាន់តែផ្គើន ក្នុងការបង្កើន ពង្រីកបទល្មើសនេសាទទ្វេដង ។
ព្រោះបើតាមប្រភពពីប្រជានេសាទតូចតាច ជនប្រព្រឹត្តបទល្មើសនេសាទធំៗ ភាគច្រើនសុទ្ធតែអ្នកមានអំណាច និងមានទ្រព្យស្ដុកស្ដម្ភ មានដើមទុនច្រើនសម្រាប់ទិញឧបករណ៍នេសាទ។ ដូច្នេះហើយ ទើបសមត្ថកិច្ចបង្ក្រាបមិនចេះថមថយ ។ បង្ក្រាបមួយកន្លែង ជនល្មើសពង្រីកថែមពីរកន្លែងពាសពេញតំបន់ទន្លេសាប ។ ប៉ុន្តែយ៉ាងណាក្ដី បើតាមពិនិត្យលើកិច្ចប្រតិបត្តិការជាក់ស្ដែង កម្លាំងសមត្ថកិច្ចចម្រុះ នៅតែបន្តចុះបង្ក្រាបជាប្រចាំ ហាក់មិនបន្ធូរដៃទេ បើទោះជាមិនទាន់មានជនល្មើសនេសាទណាម្នាក់ ត្រូវបានចាប់ខ្លួនបញ្ជូនទៅតុលាការក្ដី ៕
ចែករំលែកព័តមាននេះ